កម្ពុជា​ត្រៀម​ខ្ចី​លុយ​ពី​​​ចិន​៣០០​លាន​ដុល្លារ​​ដើម្បី​កសាង​ឃ្លាំង​ស្តុក​ទុក​និង​ឡ​សម្ងួត​ស្រូវ​​

2/08/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ familychoice
​កម្ពុជា​ត្រៀម​ខ្ចី​លុយ​ពី​ប្រទេស​ចិន​ចំនួន ​៣០០​លាន ​ដុល្លារ​អាមេរិក​ក្នុង​ការ​កសាង​ឃ្លាំង​ស្តុក​ទុក​និង​ឡ​សម្ងួត​​ស្រូវ​ចំនួន​៤០​​កន្លែង​​ដើម្បី​ជំរុញ​​ការ​នាំ​ចេញ​ឲ្យ​បាន ​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​នេះ​ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​មហា​សន្និបាត​​ប្រចាំ​ឆ្នាំ​លើក​ទី១​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ស៊ុន​ ចាន់​ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ឲ្យ​ដឹង​​​ថា ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​តែ​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ដើម្បី​​ខ្ចី​ថវិកា​ចំនួន ៣០០​​លាន​ ដុល្លារ​អាមេរិក​ពី​​​ធនាគារ​ចិន​​ដើម្បី​កសាង​ឃ្លាំង​ស្តុក​​និង​​ឡ​សម្ងួត​ស្រូវ ។​​

​លោក​មាន​ប្រសាសន៍​ថា​៖«​ថវិកា​៣០០​លាន​ដុល្លារ​អាមេរិក​ខ្ចី​​ពី​ប្រទេស​ចិន​​នេះ​គឺ​ដើម្បី​កសាង​ឃ្លាំង​ស្តុក​ទុក​ ឡ​សម្ងួត​៤០​កន្លែង​នៅ​ខេត្ត​៩​របស់​យើង​​ដើម្បី​ឲ្យ​​ប្រជា​កសិករ​របស់​យើង​នេះ​ លោក​អាច​​យក​ស្រូវ​​​របស់​លោក​យក​ទៅ​ប្រចាំ​ យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ដូច្នេះ​យើង​អាច​កិន​ស្រូវ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន សព្វ​ថ្ងៃ​នេះ​យើង​ខ្វះ​ឃ្លាំង​ស្តុក​ទុក​ ខ្វះ​ឡ​សម្ងួត​ ខ្វះ​ថវិកា​​​ដើម្បី​ទិញ​ស្រូវ​ ដូច្នេះ​ស្រូវ​របស់​យើង​ហៀរ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ណាស់​មិន​បាន​កិន​នៅ​ស្រុក​យើង​ទេ »​។

​ចំពោះ​ការ​​សម្រេច​ឲ្យ​បាន​​១​លាន​តោននៅ​​ក្នុង​មួយ​ឆ្នាំ​២០១៥​នេះ ​​ទំ​នង​ជា​មាន​ការ​លំបាក​​ខ្លះ​ដែរ​ដោយ​សារ​កំណើន​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៤​កើន​ឡើង​តែ​២​% ​ប៉ុណ្ណោះ​​ ។​ លោក​រដ្ឋមន្រ្ដី​ថ្លែង​ថា​៖«យើង​ខិត​ខំ​ប្រឹង​ប្រែង​ប៉ុន្តែ​យើង​ត្រូវ​តែ​ហ៊ាន​និយាយ​ថា​ អាច​មាន​ការ​លំបាក​បន្តិច​ដើម្បី​ឲ្យ​បាន​មួយ​លាន​តោន​ដោយ​សារ​ឆ្នាំ​មុន​​នេះ​យើង​លក់​បាន​តែ​ ៣៨៧​​ពាន់​តោន​ទេ​ ​ក្នុង​ឆ្នាំ​២០១៣​លក់​​បាន​៣៧៨​ពាន់​តោន​គឺ​កើន​តែ​២​%​ទេ​ អញ្ចឹង​វា​កើន​ពី​២៨៧​ពាន់​ទៅ​១លាន​តោន​ប្រហែល​ជា​អាច​មាន​ការ​លំបាក​បន្តិច ​» ។​​​​​​​​​​​​​​​

ពាក់​ព័ន្ធ​​ទៅ​លើក​ការ​នាំ​​ចេញ​អង្ករ​​មួយ​លាន​តោននេះ​ដែរ​ ​លោក​ សុខ ពុទ្ធី​វុធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​​លើក​ឡើង​ថា​ សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​បាន​​រៀប​ចំ​​ផែន​ការ​មាស​ស​ឆ្នាំ​២០១៥​ដោយ​នៅ​ក្នុង​ផែន​ការ​នេះ​ផ្ដោត​សំខាន់​​ទៅ​លើក​ផ្នែក​សំខាន់​​​ធំ​ៗ​៤​​យ៉ាង​​ ។ លោក​ថា​៖​«​តាម​ពិត​ការងារ​យើង​ចែក​ចេញ​ជា​បួន​ចំណែក​ធំៗ​គឺ​ការងារ​ទាក់​ទង​ឥណទាន ការងារ​ទាក់​ទង​រឿង​​ទីផ្សារ​(branding)​ ពូជ​ ​និង​គោល​នយោបាយ​កសិកម្ម​​ពាក់​​ព័ន្ធ​ស្រូវ​អង្ករ​នេះ អញ្ចឹង​ចំណុះ​បួន​នេះ​គឺ​គ្រប​ដណ្ដប់​ទៅ​លើក​លើក​ការងារ​ដែល​យើង​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៥​នេះ​» ។

លោក​បញ្ជាក់​ទៀត​ថា ​អង្ករ​កម្ពុជា​​មាន​ការ​ចាប់​អារម្មណ៍​ពី​បរទេស​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​សំខាន់​គឺ​ត្រូវ​រៀប​ចំ​ការ​ផ្គត់​ផ្គង់​​​ឲ្យ​បាន​គ្រប់​គ្រាន់​និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​ ផ្លូវ​ដែក​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមុន​សិន​​ ។

កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ លើក​ឡើង​​ថា ​ទិស​ដៅ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​​នៅ​ក្នុង​ឆ្នាំ​២០១៥​​នេះ​ ទំនង​ជា​​មិន​បាន​សម្រេច​នោះ​ទេ​​ បើ​យោង​ទៅ​តាម​តួលេខ​នៃ​​ការ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៤​ ។ សម្ដេច​បញ្ជាក់​​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​រាំ​ស្ទះ​ដល់​ឧស្សាហកម្ម​នេះ​​ដោយ​សារ​កង្វះ​ការ​វិនិយោគ​ផ្នែក​កែ​ច្នៃ​អង្ករ​ និង​កង្វះ​ដើម​ទុន​ទិញ​ស្រូវ​ស្តុក​ ដើម្បី​កែ​ច្នៃ​នាំ​ចេញ​របស់​ក្រុម​ហ៊ុន​អង្ករ​ ។

​​គួរ​បញ្ជាក់​ថា​​អង្ករ​របស់​កម្ពុជា ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ជា​អង្ករ​ឆ្ងាញ់​ ជាងគេ​(Worlds Best Rice​) នៅ​លើ​ពិភពលោក​​ចំនួន​បី​​ឆ្នាំ​ជាប់ៗ​គ្នា​​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ក្រោម​កម្មវិធី​ប្រកួត​​​រសជាតិ​អង្ករ​​ឆ្ងាញ់​ប្រចាំ​ឆ្នាំ​ (Annual The Rice Trader World Rice Conference)។ កម្មវិធី​​ប្រកួត​ប្រចាំ​ឆ្នាំ ២០១២ ​​បាន​ប្រព្រឹត្តទៅ​​នៅ​ក្រុង​បាលី ​នា​​ប្រទេស​ឥណ្ឌូណេស៊ី​ និង​​​ឆ្នាំ​២០១៣​ នៅ​ទីក្រុង​​ហុងកុង​ហើយ​ឆ្នាំ​២០១៤​សន្និសីទ​អង្ករ​ពិភព​លោក​លើក​ទី​៦ ​ត្រូវ​បាន​រៀប​ចំ​​នៅ​សណ្ឋាគារ​សូហ្វីសតែល​រាជ​ធានី​ភ្នំពេញ​ ៕

អត្ថបទ ៖ ចាន់ សុខ នាង​​​​​​​​​​​​