អ្នកជំនាញគណនេយ្យ សាន ឬទ្ធី៖ អាជីវកម្មដំណើរការ១ឆ្នាំអត់ប្រព័ន្ធគណនេយ្យ ២៥%បរាជ័យ
អាជីវកម្មដែលមិនមានប្រព័ន្ធគណនេយ្យច្បាស់លាស់ អាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់ ក្រោយពេលអាជីវកម្មមានការរីកដុសដាលធំឡើងៗរយៈពេល ២-៣ឆ្នាំក្រោយ ព្រោះតែមិនមានរបាយការណ៍នៃចំណូលចំណាយច្បាស់លាស់។ តាមការស្រាវជ្រាវរបស់អ្នកជំនាញ បើអាជីវកម្មដំណើរការបានរយៈពេលមួយឆ្នាំ ហើយគ្មានប្រព័ន្ធគណនេយ្យត្រឹមត្រូវគឺជាង ២៥%ជួបបរាជ័យ បើដំណើរការក្រោយបីឆ្នាំ ហើយនៅតែគ្មានប្រព័ន្ធស្ដង់ដារគណនេយ្យត្រឹមត្រូវ គឺជាង ៤៥% ជួបបរាជ័យ។
គណនេយ្យមិនមែនមានសារៈសំខាន់ចំពោះតែម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំខាន់សម្រាប់បុគ្គលិកផងដែរ ពោលគឺ នៅពេលក្រុមហ៊ុន ឬអាជីវកម្មមួយចេញរបាយការណ៍គណនេយ្យរបស់ខ្លួនហើយនោះ បុគ្គលិកត្រូវមានសិទ្ធិដឹងថា តើរបាយការណ៍គណនេយ្យទទួលបានផលចំណេញឬខាត បើចំណេញ ត្រូវគិតគូរតំឡើងប្រាក់បៀវត្សរ៍ដល់បុគ្គលិក ចំណុចនេះគឺសម្រាប់បុគ្គលិក។
នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្ម (Business Development Manager) របស់ក្រុមហ៊ុន Khmer Accounting Service ដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញផ្នែកគណនេយ្យ និងផ្ដល់សេវាកម្មផ្នែកគណនេយ្យ លោក សាន ឫទ្ធី មានប្រសាសន៍ប្រាប់គេហទំព័រ The BNEWS ថា ជាទូទៅយើងសង្កេតឃើញអាជីវកម្មលក្ខណៈគ្រួសារគ្មានរបាយការណ៍គណនេយ្យច្បាស់លាស់ទេ ប៉ុន្តែវាមិនសូវមានបញ្ហាទេ សម្រាប់ដំណើរការអាជីវកម្មដំបូង ព្រោះបុគ្គលិកនៅមានតិចតួច ហើយការចំណាយក៏មិនសូវមានច្រើននោះដែរ ប៉ុន្តែវាអាចមានផលប៉ះពាល់នាពេលក្រោយ ពោល គឺនៅពេលដែលអាជីវកម្មនោះ រីកដុសដាលបាន ៣-៤ឆ្នាំក្រោយមក ហើយវាអាចប្រឈមនឹងហានិភ័យខ្ពស់។
លោកបន្តថា សម្រាប់អាជីវកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ ឬអាជីវកម្មធំៗ គឺតែងតែមានប្រព័ន្ធប្រតិបត្តិការលើរបាយការណ៍គណនីច្បាស់លាស់តាំងពីពេលបង្កើតដំបូង ជាហេតុនាំឲ្យម្ចាស់អាជីវកម្មអាចក្តោបបាននូវចំណូលចំណាយយ៉ាងច្បាស់លាស់។
បើតាមការស្រាវជ្រាវរបស់លោក គណនេយ្យមានសារសំខាន់បីយ៉ាងសម្រាប់ក្រុមហ៊ុនគឺ កាត់បន្ថយថ្លៃដើម (គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, អាចគ្រប់គ្រងទុនដែលកំពុងដំណើរការ, ងាយស្រួលរៀបចំការបង់ពន្ធ និងងាយស្រួលគ្រប់គ្រងផ្ទៃក្នុង)ពង្រីកមុខមាត់ក្រុមហ៊ុន (ងាយស្រួលខ្ចីទុនពីធនាគារ ឬអ្នកចូលហ៊ុនមានការទុកចិត្ត)និងកែលម្អការរៀបចំផែនការ និងយុទ្ធសាស្ត្រក្រុមហ៊ុន៕
អត្ថបទ៖ ម៉ៅ ចរិយា