Android និង iOS ជិតថែមគូសត្រូវមួយទៀត ជាមួយស្មាតហ្វូនប្រើ Ubuntu
បច្ចុប្បន្នប្រព័ន្ធប្រតិបត្តិទូរស័ព្ទ (mobile OS) ដែលក្ដាប់ចំណែកទីផ្សារច្រើនជាងគេ គឺបានលើ Android ហើយ iOS ស្ថិតនៅលំដាប់លេខ២ លើលោក។ ដោយសារតម្រូវការប្រើប្រាស់ស្មាតហ្វូនរបស់ប្រជាជននៅតាមបណ្ដាប្រទេសនានាលើពិភពលោកមានកំណើន ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននាំគ្នាប្រឡូកខ្លួនក្នុងទីផ្សារស្មាតហ្វូនបណ្ដើរៗហើយ។ ក្នុងនោះការបង្កើតប្រព័ន្ធប្រតិបត្តិ mobile OS ថ្មីកំពុងឡើងកម្ដៅ មានឧទាហរណ៍ក្រុមហ៊ុន Samsung ចេញ Tizen OS ស្រាប់។ ចំណែកពេលនេះវិញ ដល់វេន Ubuntu OS ទៀតហើយ។
ស្មាតហ្វូន Ubuntu ម៉ូដែល BQ Aquaris E4.5 នឹងសម្រេចរួចរាល់ជាស្ថាពរ ចេញលក់លើទីផ្សារនៅសប្ដាហ៍ខាងមុខនេះហើយ។ នេះគឺជាជំនាន់ស្មាតហ្វូនថ្មីមួយទៀតបន្ទាប់ពីក្រុមហ៊ុន Canonical ដែលជាអ្នកអភិវឌ្ឍ Ubuntu Linux distribution បានដាក់ចេញគម្រោងអភិវឌ្ឍ OS នេះតាំងពីឆ្នាំ២០១៣ ម្ល៉េះ។ ទឹកប្រាក់ដែលក្រុមហ៊ុនចំណាយលើគម្រោងមានប្រមាណ ៣២លានដុល្លារអាមេរិក។
មកដល់ពេលនេះ ក្រុមហ៊ុន Canonical សម្រេចបានស្មាតហ្វូនមានឈ្មោះថា Ubuntu Edge ជាស្ថាពរ ហើយក៏មានគម្រោងចេញលក់លើទីផ្សារនៅសប្ដាហ៍ក្រោយនេះតែម្ដង។ លក្ខណៈសម្បត្តិត្រួសៗមាននៅលើ Ubuntu Edge នេះរួមមាន៖ អេក្រង់ ៤,៥អ៊ីញ (540×960)px, បំពាក់អង្គប្រតិបត្តិ quad-core MediaTek Cortex-A7 ល្បឿន 1.3GHz, RAM 1GB, អង្គចងចាំទំហំ 8GB និងមានកាមេរ៉ា 8MP។ ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូនប្រើ Ubuntu OS នេះនៅលើទីផ្សារអឺរ៉ុបក្នុងតម្លៃធូរថ្លៃត្រឹមតែ ១៩៥ដុល្លារ ជាមួយក្ដីរំពឹងពីការលក់ខ្ពស់ ខណៈទីផ្សារអាមេរិកមិនទាន់ចេញលក់នៅឡើយ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ techspot
