ស្ថាបនិក​ ​Alibaba ​ធ្លាប់​ដាក់​ពាក្យ​​ធ្វើ​ការ​ជាង​ ៣០​កន្លែង​តែ​​អត់​ជាប់ មុន​ក្លាយ​ជា​អ្នក​មាន​​​​​

2/18/2015 0 Comments A+ a-

លោក​​​ Jack Ma ​​​បង្ហើប​ថា​ ដាក់​ពាក្យ​​ធ្វើ​ការ​នៅ​ KFC ​មាន​បេក្ខជន​ ២៤​​ ធ្លាក់​តែ​គាត់​ម្នាក់​គត់ប្រភព៖​ www.businessinsider.co.id
លោក​ Jack Ma ​ស្ថាបនិក​ក្រុមហ៊ុន​ Alibaba ​ដែល​ជា​សហគ្រិន​ជោគជ័យ​ម្នាក់​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន​​​ ធ្លាប់​ហែល​ឆ្លង​ជីវិត​លំបាក​​មិន​តិច​ទេ។ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ជីវិត​លោក​​​មួយ​គឺ​​ មុន​លោក​មាន​ក្រុមហ៊ុន​ខ្លួន​ឯង​ ​និង​ក្លាយ​ជា​មហាសេដ្ឋី​មាន​ជាង​គេ​នៅ​ចិន​ លោក​ធ្លាប់​ដាក់​ពាក់​ធ្វើ​ការ​​​ជាង​ ៣០​​ក្រុមហ៊ុន​​ប៉ុន្តែ​​​​​គ្មាន​ក្រុមហ៊ុន​ណា​ជ្រើស​រើស​លោក​ឡើយ។

​​ក្នុង​បទ​​សម្ភាសន៍​កាល​​​ពី​ពេល​​ថ្មី​ៗ​ជា​មួយ​​សារព័ត៌មាន​ Charlie Rose ​​លោក​បាន​បង្ហើប​ថា​ ​​លោក​បាន​ប្រឡង​ធ្លាក់​​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ (college entrance exam) ​បី​ដង​ ហើយ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ ​លោក​បាន​ដាក់​ពាក្យ​ធ្វើ​ការ​ជាង​ ៣០​កន្លែង​តែ​មិន​បាន​ទទួល​ផល​អ្វី​នោះ​ទេ។

​លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ Charlie Rose ថា​ ​៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​​ធ្វើ​ជា​ប៉ូលិស​តែ​គេ​ថា​​ ឯង​​ធ្វើ​មិន​កើត​ទេ។ ​ក្រោយ​មក​ ខ្ញុំ​​ដាក់​ពាក្យ​នៅ​ KFC នៅ​ពេល​ខ្ញុំ​ត្រលប់​​មក​ក្រុង​ជា​​ទី​កំណើត​របស់​ខ្ញុំ​។ ​បេក្ខជន​ទាំង​អស់​មាន​ ២៤​​នាក់​ ២៣​នាក់​បាន​ជាប់​​ មាន​តែ​ខ្ញុំ​ម្នាក់​គត់​​គេ​មិន​​ឱ្យ​ជាប់…»។

នៅ​ពេល​ដែល​លោក​បង្កើត​​ ​ ​Alibaba ​នៅ​ឆ្នាំ​១៩៩៨​ លោក​បាន​ជួប​ឧបសគ្គ​ជា​ច្រើន។ ​បី​ឆ្នាំ​ដំបូង​ ​ក្រុមហ៊ុន​លោក​មិន​ទទួល​បាន​ចំណេញ​នោះ​ទេ ​​ដូច្នេះ​លោក​ត្រូវ​រិះរក​គំនិត​ថ្មី​ៗ​​​ដើម្បី​​​ឱ្យ​​​ Alibaba ដំណើរការ​ល្អ​។ ​​អ្វី​ដែល​​ជា​បញ្ហា​ធំ​​បំផុត​នា​ពេល​​នោះ​គឺ​​ ​គ្មាន​មធ្យោបាយ​ដើម្បី​ធ្វើ​ការ​ទូទាត់​​​ព្រោះ​ថា​គ្មាន​ធនាគារ​ណា​ព្រម​សហការ​ជា​មួយ​​លោក​នោះ​​ទេ។ ​

​ដោយ​សារ​តែ​បែប​នេះ​ហើយ​​ ​ទើប​លោក​សម្រេច​ចិត្ត​បង្កើត​​​មធ្យោបាយ​ទូទាត់​​មួយ​ផ្ទាល់​ខ្លួន​​ឈ្មោះ​ថា​ Alipay ដែល​​​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​រូបិយប័ណ្ណ​ប្រទេស​ផ្សេងៗ​រវាង​អ្នក​ទិញ​ និង​អ្នក​លក់​អន្តរជាតិ​បាន​។ បច្ចុប្បន្ន​ Alipay មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ​ ៨០០​​លាន​នាក់។

​​​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ Alibaba ​មាន​អតិថិជន​ប្រមាណ​ ១០០​លាន​នាក់​ទិញ​​ក្នុង​មួយ​ថ្ងៃ​ ខណៈ​លោក​ Ma មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ​២០,៤​ពាន់​លាន​ដុល្លារ៕ ​

ដោយ៖ ឬទ្ធិ​​​​