Samsung ខាតក្រពុលមុខ​​​អស់ ២៧%

1/30/2015 0 Comments A+ a-

របាយការណ៍​សារពើពន្ធ​​ចុងក្រោយ​ 

ក្រុមហ៊ុន Samsungប្រភព៖​ www.cnbc.com
ក្រុមហ៊ុន Samsung Electronic នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​របាយការណ៍​សារពើពន្ធ​ប្រចាំ​ត្រីមាស​ទី៤ ដែល​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៤ កន្លង​ទៅ​ឃើញ​ថា មាន​សភាព​ល្អ​ជាង​ត្រីមាស​ទី៣ ឆ្នាំ​ដដែល ប៉ុន្តែ​ប្រាក់​ចំណេញ​ដាំ​ក្បាល​ចុះ។ ថ្វីត្បិត​ប្រាក់​ចំណូល​ដែល Samsung រក​បាន​កាលពី​ត្រីមាស​ទី៤ មាន​ការ​កើនឡើង ១១,១% (ធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៤) គិត​ជា​សាច់​ប្រាក់​សរុប​រក​បាន ៥២,៧៣​ពាន់​ពាន់​លាន​វ៉ុន (ប្រហែល ៤៨,៦ពាន់​លាន​ដុល្លារ​អាមេរិក) ក៏​ដោយ ប៉ុន្តែ​ក្រោយពី​ទូទាត់​លាត់សើយ​ទៅ​ឃើញ​ថា ប្រាក់​ចំណេញ​មាន​ការ​ធ្លាក់ចុះ ២៧% ប្រៀបធៀប​នឹង​ត្រីមាស​ដដែល​ក្នុង​ឆ្នាំ២០១៣។

ស្រប​ពេល​ប្រាក់​ចំណេញ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​មាន​សញ្ញា​អវិជ្ជមាន ក្រុមប្រឹក្សាភិបាល​នាយក​របស់​ក្រុមហ៊ុន Samsung បាន​បញ្ជាក់​សញ្ញា​វិជ្ជមាន​ទៅ​លើ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Samsung វិញ គឺ​មាន ១៩៥០០វ៉ុន (ប្រហែល ១៧,៨៣ដុល្លារ) ក្នុង​ ១ហ៊ុន (១៧,៨៣ដុល្លារ/common share) កើនឡើង​ពី​ត្រីមាស​ទី៤ ឆ្នាំ២០១៣ ដែល​មាន​ត្រឹម ១៣៨០០វ៉ុន (ប្រហែល ១២,៦២ដុល្លារ) ក្នុង​១ហ៊ុន។ យ៉ាងណា ពេល​នេះ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​កាលបរិច្ឆេទ​សម្រាប់​ការ​ទូទាត់ (payment date) នេះ​នៅ​ឡើយ។


ក្រោយ​ពី​ទូទាត់​លាត់សើយ​ទៅ ឃើញ​ថា​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំ​ជាង​គេ​លើ​ពិភពលោក​នេះ នៅ​ត្រីមាស​ទី៤ ឆ្នាំ២០១៤ រក​បាន ៥២,៧៣ពាន់​ពាន់​លាន​វ៉ុន (ប្រហែល ៤៨,៦ពាន់​លាន​ដុល្លារ) គឺ​មាន​ការ​ថយ​ចុះ ២៦,៨% ប្រៀបធៀប​នឹង​ត្រីមាស​ដដែល​កាលពី​ឆ្នាំ​២០១៣ ដែល​រក​បាន ៧,៣០ពាន់​ពាន់​លាន​វ៉ុន ប៉ុន្តែ​កើនឡើង ១១,១% បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី៣ ឆ្នាំ២០១៤។

សម្រាប់​ប្រាក់​ចំណេញ​សុទ្ធ (net profit) ក្នុង​ឆ្នាំ​២០១៤ របស់ Samsung ត្រូវ​បាន​ក្រុមហ៊ុន​រាយការណ៍​ថា រក​បាន ២៣,៣៩ពាន់​ពាន់​លាន​វ៉ុន (ប្រហែល ២១,៣៧ពាន់​លាន​ដុល្លារ) ធ្លាក់ចុះ ២៣,២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣ ដែល​ចំណេញ​បាន ៣០,៤៧ពាន់​ពាន់​លាន​វ៉ុន (ប្រហែល ២៧,៨៤ពាន់​លាន​ដុល្លារ)។ បើ​គិត​ពី​ប្រាក់​ចំណូល​សុទ្ធ (Net income) របស់ Samsung គឺ​មាន​ការ​ខាត់​បង់​រយៈពេល ៤ត្រីមាស​ជាប់​គ្នា​តែ​ម្ដង។


ក្រុមហ៊ុន Samsung បញ្ចេញ​ក្ដី​រំពឹង​ថា ជំនួញ​ទូរស័ព្ទ​របស់​ខ្លួន​នឹង​លូតលាស់​នៅ​ក្នុង​ឆ្នាំ២០១៥ នេះ ដែល​អាច​វាយលុក​ទីផ្សារ​នៅ​ឥណ្ឌា និង​ចិន។ តាមរយៈ​ការ​ពង្រីក​សេវាកម្ម​បណ្ដាញ​អ៊ីនធឺណិត 4G LTE នៅ ទូទាំង​ពិភពលោក ត្រូវ​បាន​ក្រុមហ៊ុន​ជឿជាក់​ថា ក៏​នឹង​ជួយ​ដល់​លក់​ស្មាតហ្វូន/ថេប្លេត​របស់​ខ្លួន​ដែរ។

Samsung នឹង​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ សម្ភារៈ​អេឡិចត្រូនិក​ថ្មីៗ ការ​ឌីហ្សាញ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​មុខងារ​ថ្មី​ផ្សេងៗ​ទៀត ដើម្បី​បំពាក់​លើ​ឧបករណ៍​ឆ្លាតវៃ​របស់​ខ្លួន​ក្រោយៗ​ទៀត ដើម្បី​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់។ ជាក់ស្ដែង​តាមរយៈ​រូបរាង​ឌីហ្សាញ​ស្អាត​ទាន់​សម័យ​នៅ​លើ​ស៊េរី​ស្មាតហ្វូន Galaxy A ក៏​ត្រូវ​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ត្រីមាស​ដើម​ឆ្នាំ២០១៥​នេះ រួម​ជាមួយ​វត្តមាន Galaxy S6 ក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ reuters, gsmarena, finanzen