Rihanna សង្ឃឹមសាងគ្រួសារជាមួយតួប្រុស Titanic ខ្លាំងរហូតនាំទៅជួបគ្រួសារ
ស្នេហារវាងតារាចម្រៀង Babardos ជាមួយបុរសសង្ហាតារាឯកភាពយន្តល្បីល្បាញជាប្រវត្តិសាស្ត្រ Leonardo Dicarprio កំពុងតែវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័សព្រោះ Rihanna ថ្មីៗនេះមានផែនការបបួល Leonardo ទៅណែនាំអោយគ្រួសារនាងបានស្គាល់។
តារាសម្ដែងល្បីធ្លាក់ចូលក្នុងព័ត៌មានស្នេហាជាមួយតារាចម្រៀងល្បីកាលពីអំឡុងដើមខែមករា ក្រោយមានរូបភាពអ្នកទាំងពីរប៊ឺតមាត់គ្នាក្នុងកម្មវិធីជប់លាង Playboy mansion ហើយបើតាមការសង្កេតក៏បង្ហាញអោយឃើញដែរថា Rihanna ចង់សាងគ្រួសារខ្លាំងហើយ ព្រោះការសេពគប់កំលោះៗរបស់នាងបានផ្លាស់ប្ដូរពីកំលោះ Badboy មកជាបុរសដែលមានមុខងារអាជីពគង់វង្សនិងរឹងមាំហើយមនុស្សដែលមានអ្វីគ្រប់យ៉ាងបែបនេះគឺជា Leonardo ប្រាកដណាស់។
មួយរយៈកន្លងមកនេះស្នេហារវាងអ្នកទាំងពីរគឺដំណើរការបានយ៉ាងរលូនរហូតម្ចាស់បទ“Umbrella” ប្រាកដចិត្តថា Leonardo គឺសក្ដិសមជាគូជីវិតរបស់ហើយ ទើបនាងមានគំរោងបបួលសង្សារទៅណែនាំអោយគ្រួសារនាងនៅកោះ Babardos បានស្គាល់ ហើយបើតាមប្រភពមិនបញ្ចេញឈ្មោះក៏បានបង្ហើបអោយដឹងដែរ Rihanna មិនងាយនាំមនុស្សប្រុសទៅផ្ទះនាងនោះទេ លើកលែងតែនាងស្រលាញ់គេខ្លាំង ហើយនេះគឺជាសញ្ញាបញ្ជាក់ថានាងកំពុងតែឈ្លក់វង្វេងនឹង Leonardo។
ការពិតតារាល្បីទាំងពីររូបស្គាល់គ្នាយូរដែរហើយ គ្រាន់តែទើបតែប្ដូរឋានៈពីមិត្តមកសង្សារមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដោយ Rihanna ធ្លាប់បានសរសើរមិត្តប្រុសថ្មីនេះថាជាមនុស្សគួរអោយស្រលាញ់ ហើយនាងចូលចិត្តពេលគេញញឹមព្រោះស្នាមញញឹមគេមានមន្តស្នេហ៍ខ្លាំងណាស់។
ថ្វីត្បិតអ្នកទាំងពីរព្យាយាមលាក់បាំងពីទំនាក់ទំនងស្នេហាអោយស្ងប់ស្ងាត់ជាទីបំផុតក្ដី ប៉ុន្តែអ្នកទាំងពីរក៏ព្រមទទួលស្គាល់ចំពោះក្រុមមិត្តភក្ដិជិតស្និតនិងសមាជិកក្នុងគ្រួសារថាអ្នកទាំងពីរឧស្សាហ៍ជួបគ្នាហើយ គ្រប់យ៉ាងក៏កំពុងដំណើរការទៅមុខយ៉ាងល្អ ដោយបណ្ដាញសារព័ត៌មានកម្សាន្ត Hollywood Life.com បានចុះផ្សាយដែរថា Leonardo ជាមនុស្សចូលចិត្តសប្បាយប៉ុន្តែច្បាស់លាស់ ស្មោះត្រង់ ហើយគួរអោយជឿជាក់ផងដែរ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ hollywoodlife