ចង់​បាន​កងកុម្មង់ដូ​អាមេរិក Navy SEALs ធ្វើ​​អង្គរក្ស ​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន?

1/26/2015 0 Comments A+ a-

រូបតំណាងប្រភព៖​ wall-pix.net.jpg
នាបច្ចុប្បន្ន​នេះ មហាសេដ្ឋី​លំដាប់​កំពូល​នៅ​សហរដ្ឋ​អាមេរិក ទិញ​សេវា​ថែរក្សា​សន្តិសុខ ពី​អតីត​កង​កម្មុង់ដូពិសេស​របស់​សហរដ្ឋ​អាមេរិក ណេវីស៊ីល (Navy SEALS) ដោយ​ផ្ដល់​តម្លៃ​យ៉ាង​ខ្ពស់។ ​អស់លោក​ទាំងនោះ មិន​ខ្លាច​អ្វី​នឹង​ហ៊ាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​បង្ការ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​មាន​ដូចជា៖ ទប់​ស្កាត់​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​របស់​ខ្លួន​ទៅ​មជ្ឈដ្ឋាន​ខាងក្រៅ – ​ការពារ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​រួចផុត​ពី​ការ​គម្រាម​កំហែង ឬ​អំពើ​ប្លន់​ប្រដាប់​អាវុធ – ការ​រៀប​ក្បួន​អម ពេល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ជិត ទោះ​បី​ត្រូវ​ឆ្លង​ប្រទេស និង​ការពារ​ការ​វាយ​ប្រហារ​ពី​ក្រុម​ភេរវកម្ម។ល។

​ក្រុម​Navy SEALS ដែល​បើក​រកស៊ី​ផ្ដល់​សេវា​នេះ សុទ្ធ​តែ​ជា​អ្នក​ដែល​ចូលនិវត្ត​ពី​ការងារ​រដ្ឋ​រួច​ហើយ។ អតីត​កងកុម្មង់ដូ Navy SEALS ម្នាក់​គឺ​លោក ​ចេសុនផាឌីឡា (Jason Padilla) ជា​ប្រធាន​ក្រុមហ៊ុន SEALs on Security នៅ​​​រដ្ឋ​ឡូសអេនជើឡេះ (Los Angeles)។ ក្រុមហ៊ុន​លោក​ផ្ដល់​សេវា​សម្រាប់​ក្រុម​អ្នក​មាន​កំពូល។ តម្លៃ​សេវា​ការពារ​របស់​ក្រុមហ៊ុន​លោក​គឺ​តម្លៃ​ដែល​ទាប​បំផុត​យ៉ាង​ហោច​ណាស់ ៥០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ច្រើន​ជាង​នេះ។ ក្រុមហ៊ុន​ផ្ដល់​សេវា​ជា​លក្ខណៈ​កញ្ចប់ រាប់​តាំង​ពី​បញ្ជូន​អង្គរក្ស​ផ្ទាល់ (bodyguard) ​- រៀប​ក្បួន​អម ពេល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយជិត និង​បង្ហាត់​បង្រៀន​យុទ្ធសាស្ត្រ និង​ល្បិច​ខ្លះៗ សម្រាប់​ការពារ​ខ្លួន (self-defence)។

អតីត​កងកុម្មង់ដូ Navy SEALS ម្នាក់​ទៀត ​គឺ​លោក​គ្រីសហេបឹន (Chris Heben) ក៏​បាន​បង្កើត​ក្រុមហ៊ុន SEAL Team Consulting ​​ប្រចាំ​ទីក្រុង​ក្លេវើឡេន (Cleveland) រដ្ឋ​អូហៃយ៉ូ (Ohio)។ ​លោក​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​ទិញ​សេវា​ការពារ​ពី​ក្រុមហ៊ុន​លោក ត្រូវ​ជូន​ដំណឹង​ជា​មុន ​អំពី​កន្លែង​ដែល​ត្រូវ​ធ្វើ​ដំណើរ ដើម្បី​ក្រុម​លោក​រៀប​ចំ និង​សម្រួល​សន្តិសុខ​ជូន មិន​ថា​ឆ្ងាយជិត ទោះ​បី​ទៅ​ដល់​ទ្វីប​អាហ្វ្រិក។ ​ក្រុម​លោក​នឹង​បញ្ជូន​មនុស្ស​ទៅ​ពិនិត្យ​ស្ថានការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​រួចរាល់ ដើម្បី​វាយ​តម្លៃ​ហានិភ័យ​ដែល​អាច​ប្រឈម នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ។

សូមបញ្ជាក់​ថា​ ក្រុមហ៊ុន​​របស់​លោក Heben និង​ក្រុមហ៊ុន​លោក Padilla មិន​មែន​ធ្វើ​ការ​តែ​ឯកឯង​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​សហការ​ជាមួយ​ភ្នាក់ងារ​ចារកម្ម​ស៊ីអាយអេ (C.I.A) និង​ក្រុម​ស៊ើប​អង្កេត​ពិសេស​អែហ្វប៊ីអាយ (F.B.I) ថែមទៀត។ ក្រុមហ៊ុន​មាន​បញ្ជី​ឈ្មោះ ឬ​នាមប័ណ្ណ​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​អង្គភាព​រដ្ឋ ហើយ​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដូចជា​ស៊ី​អាយ​អេ ( C.I.A) -អែហ្វប៊ីអាយ (F.B.I) – ក្រសួងការបរទេស និង​ក្រសួង​ការពារជាតិ។ ក្រុមហ៊ុន​មាន​គោលការណ៍​មួយ គឺ​មិន​រកស៊ី​ការពារ​អំពើ​ទុច្ចរិត​ទេ។ ឧទាហរណ៍ ក្នុង​ករណី​គេ​ចង់​ទិញ​សេវា​ការពារ​អំពើ​រត់ពន្ធ​គ្រឿងញៀន ឬ​តាមដាន​ក្រែង​ប្ដី ឬ​ប្រពន្ធ​ខ្លួន​មាន​គូស្នេហ៍​លួចលាក់។ល។ គឺ​ក្រុមហ៊ុន​លោក​មិន​មាន​សេវា​បែប​នេះ​ទេ។

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ businessinsider.com