មហាសេដ្ឋី​លេខ​មួយ​លើ​លោក ប៊ីលហ្គេត ឲ្យ​ប្រផ្នូលចំនួន​ ៤ ពីពេល​នេះ​ទៅ​ទល់​ឆ្នាំ២០៣០

1/26/2015 0 Comments A+ a-

លោក​ប៊ីលហ្គេត (Bill Gates) និង​លោក​ស្រី​មេលីនដា (Melinda Gates)ប្រភព៖​ wikipedia.org
លោក​ប៊ីលហ្គេត (Bill Gates) ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ នូវ​លិខិត​ចំហ​ប្រចាំ​ឆ្នាំ (annual letter) ដែល​សុទ្ធសឹង​ជា​ការ​ព្យាករណ៍​អំពី​ស្ថានភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក គិត​ពី​ពេល​នេះ​ទៅ​ទល់​នឹង​ឆ្នាំ២០៣០។ លោក​ប៊ីលហ្គេត​ជា​សហស្ថាបនិក (co-founder) ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ (Microsoft) មាន​ចក្ខុវិស័យ​វែងឆ្ងាយ ហើយ​ធ្លាប់​ព្យាករណ៍​អំពី​អនាគត​នៃ​ម៉ាស៊ីនកុំព្យូទ័រ និង​សូហ្វវែ (Software) បម្រើ​ឲ្យ​វិស័យ​នានា​នៅ​ក្នុង​ពិភពលោក។ លើក​នេះ​ទៀត លោក​ប៊ីលហ្គេត​បាន​គន់គូរ​ឃើញ​អនាគត​នៃ​ពិភពលោក នា​ឆ្នាំ២០៣០ តាម​បួន​សន្ទស្សន៍​ខាង​ក្រោម​នេះ។

១- ​អត្រា​មរណៈភាព​ក្នុង​ចំណោម​កុមារ នឹង​ថយ​ចុះ – ជំងឺ​ប្រភេទ​ខ្លះ​នឹង​​ត្រូវ​បាន​កម្ចាត់​អស់​​ពី​ផែនដី ៖ លោក​ប៊ីលហ្គេត ចង់​កាត់បន្ថយ​អត្រា​មរណៈភាព​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​៥ឆ្នាំ ឲ្យ​ថយ​ចុះ​ពាក់កណ្ដាល។ ​កាលពី​ឆ្នាំ១៩៩០ អត្រា​នេះ​ស្ថិត​ក្នុង​សមាមាត្រ ១ ទល់​នឹង ១០ ហើយ​ពេល​នេះ ១ទល់​នឹង​២០។ ត្រឹមឆ្នាំ២០៣០ លោក​ចង់​កាត់​មក​នៅ​ត្រឹម ១លើ​៤០។ គោលដៅ​មួយទៀត គឺ​កាត់​បន្ថយ​អត្រា​មរណៈ​ក្នុង​ចំណោម​ស្ត្រី​សម្រាល​បុត្រ ឲ្យ​ថយ​ចុះ​ជាង​បច្ចុប្បន្ន ៦៦%។ មួយវិញ​ទៀត លោក​ចង់​កម្ចាត់​ជំងឺ​គ្រុនស្វិតដៃជើង – ជំងឺគ្រុនចាញ់ – និង​របក​គំហើញ​ថ្មី​ក្នុង​បញ្ហា​ជំងឺ​អេដស៍។

​២ – ទ្វីប​អាហ្វ្រិក​អាច​មាន​ក្រឡា​រំដោះ​ខ្លួន​ផុត​ពី​ភាព​ក្រីក្រ៖ សព្វថ្ងៃ​នេះ ក្នុង​មួយ​ឆ្នាំៗ ប្រទេស​នៅ​អាហ្វ្រិក​ទិញ​ចូល​ស្បៀងអាហារ​មិន​តិច​ជាង ៥០ ពាន់​លាន​ដុល្លារ​ទេ។ ត្រឹម​ឆ្នាំ២០៣០ ទ្វីប​អាហ្វ្រិក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​ស្បៀង ប្រសិនបើ​អនុវត្ត​បាន​ជោគជ័យ​តាម​វិធី​បង្កើន​ផលិតភាព (improving yields) និង​រក​វិធី​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម។ ពេល​ដោះស្រាយ​បញ្ហា​នេះ​បាន បញ្ហា​វិបត្តិស្បៀង​លែង​ជា​បញ្ហា​ចោទ​សម្រាប់​អាហ្វ្រិកទៀត​ហើយ ហើយ​គេ​នឹង​មាន​សន្តិសុខស្បៀង​ល្អ​ប្រសើរ។

៣- ធនាគារចល័ត​ជា​កត្តា​សំខាន់ ជួយ​ដោះស្រាយ​ភាព​ក្រីក្រ៖ ប្រជាពលរដ្ឋ​អាហ្រ្វិក​រាប់​លាន​នាក់​រក​វិធី​ខ្ចីលុយ​ពី​ធនាគារ​ចល័ត​ដើម្បី​ដោះស្រាយ​មុខ​របរ​របស់​ខ្លួន​មិន​បាន។ ដូចនេះ ទូរស័ព្ទ​ដៃ​ជា​ដំណោះស្រាយ​បញ្ហា​នេះ។ ពីពេល​នេះ​ទៅ​មុខ១៥ ឆ្នាំ​ទៀត មនុស្ស​២ ពាន់​លាន​នាក់​ដែល​មិន​ទាន់​មាន​ខ្ទង់​គណនី​ធនាគារ ឬ​មិន​ទាន់​មាន​លេខ​កុង​ក្នុង​ធនាគារ (bank account) ​មាន​លទ្ធភាព​បង្កើត​កុង​មួយ​ម្នាក់ៗ ហើយ​ទូទាត់​ថ្លៃ​ចំណាយ​និង​ចំណូល​តាម​ធនាគារ។

៤- ​វិស័យ​អប់​រំ​កាន់តែ​រីកចម្រើន​ដោយសារ​សូហ្វវែ (software)៖ រាល់ថ្ងៃ​នេះ មាន​មនុស្ស​មិន​តិច​ទេ ដែល​ចង់​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ខ្លួន ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លះៗ។ ​ដូចនេះ វិធី​ដោះស្រាយ​គឺ​ការ​ផលិត​សូហ្វវែ ដែល​ប្រើ​ប្រព័ន្ធ​ឌីជីថល (digital) – ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត។ល៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ businessinsider.com