Apple លក់ iPhone បាន ៧៣លានគ្រៀងនៅត្រីមាសទី៤
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អ្នកវិភាគ Ming-Chi Kuo នៃស្ថាប័ន KGI Securities ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុន Apple មានសញ្ញាណល្អ កាលពីត្រីមាសទី៤ ឆ្នាំ២០១៤ កន្លងទៅ (អំឡុង iPhone 6 ទើបប្រកាសចេញផ្លូវការ) ដែលអាចលក់គ្រប់ម៉ូដែលទូរស័ព្ទ iPhone ទាំងអស់ដាច់បាន ៧៣លានគ្រឿង។ ក្រៅពីមានការព្យាករណ៍អំពីតួលេខលក់ iPhone 6 អ្នកវិភាគថែមទាំង ព្យាករណ៍ទៀតថា Apple នឹងចេញលក់នាឡិកាដៃឆ្លាតវៃ Apple Watch របស់ខ្លួននៅអំឡុងខែមីនាខាងមុខ។
បើមើលតាមតារាងតួលេខលក់ទូរស័ព្ទ ថេប្លេត និងកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ដែលចេញដោយ KGI បង្ហាញថា ក្នុងចំណោមគ្រប់ម៉ូដែល iPhone ដែលលក់ដាច់សរុបបាន ៧៣លានគ្រឿង iPhone 6និង iPhone 6 Plus គឺជាម៉ូដែលដែលលក់ដាច់ជាងគេ ពោលគឺលក់បាន ៤២លានគ្រឿង និង ១៦លានគ្រឿង(គិតក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០១៤)។ យ៉ាងណាចំពោះការព្យាករណ៍តួលេខលក់ iPhone នៅត្រីមាសទី១ ឆ្នាំ២០១៥ គឺមានការថមថយចុះមកនៅត្រឹម ៦១លានគ្រឿងទៅវិញ។
ក្នុងតារាងលក់ផលិតផលរបស់ Apple ខាងលើ ក៏មានការបញ្ជាក់ពីតួលេខលក់ iPad និងកុំព្យូទ័រ Mac ផងដែរ។ សរុបតួលេខលក់គ្រប់ម៉ូដែល iPad គឺ ២១លានគ្រឿង ដែលក្នុងនោះ iPad Air 2 លក់ដាច់ជាងគេបាន ១១លានគ្រឿង។ ចំណែក Mac លក់ដាច់បាន ៥លានគ្រឿង (នៅត្រីមាសទី៤ ឆ្នាំ២០១៤)៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ AppleInsider