យន្ត​ហោះ MH370 ជិត​មាន​ផ្លូវ​អ៊ុត ព្រោះ​គេ​កំពុង​ប្រកាស​​ដេញ​ថ្លៃ​រក​ក្រុមហ៊ុន​ស្រង់​តួ​យន្តហោះ​ចេញ​ពី​ទឹក

1/24/2015 0 Comments A+ a-

រូប​តំណាងប្រភព៖​ www.cogitoergo.com
គណៈកម្មការ​អូស្ត្រាលី​ផ្នែក​ស៊ើបអង្កេត​សំណុំ​រឿង ​បាត់​យន្តហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ MH370 បាន​ប្រកាស​រក​ក្រុមហ៊ុន​ម៉ៅការ​ខាង​ស្រង់​តួ​យន្តហោះ និង​សាកសព​ពី​ក្នុង​ទឹក ​ក្នុង​ករណី​ដែល​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ។

​ការិយាល័យ​អូស្ត្រាលី​ផ្នែក​ត្រួតពិនិត្យ​សុវត្ថិភាព​ដឹកជញ្ជូន (Australian Transport Safety Bureau) ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាស​រក​អ្នក​ដេញ​ថ្លៃ​ស្រង់​តួ​យន្តហោះ MH370 ពី​ក្នុង​ទឹក។ នា​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈកម្មការ​ចាប់​ទទួល​ពាក្យ​ដេញ​ថ្លៃ ​ហើយ​សេចក្ដីសម្រេច​ត្រូវ​ប្រគល់​ភារកិច្ច​ទៅ​ក្រុមហ៊ុន​ណាមួយ​ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​ពី​រដ្ឋាភិបាល​ប្រទេស​ចំនួន​បី​គឺ​ម៉ាឡេស៊ី (Malaysia) – អូស្ត្រាលី (Australia) – និង​ចិន (China)។
​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខាង​ស្រង់​វត្ថុ​ពី​ទឹក​សមុទ្រ​មាន​ដូចជា៖ ១- ក្រុមហ៊ុន​របស់​បារាំង​ (France) ឈ្មោះ Alcatel Lucent SA ​អាច​ទម្លាក់​ខ្សែកាប​ទៅ​ក្នុង​សមុទ្រ​ជម្រៅ ៦ គីឡូម៉ែត្រ និង​លើក​ឡើង​ម្ដង​បាន ១០ តោន។ ២- ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ Phoenix International ​ផលិត​គ្រឿងយន្ត​ចុះ​ស្រង់​តួ​យន្តហោះ​របស់​ក្រុមហ៊ុន Air France ដែល​បាន​លិច​ចូល​ទៅ​ក្នុង​បាត​មហាសមុទ្រ​អាត្លង់ទិច (the Atlantic Ocean) ជម្រៅ ៣៩០០ ម៉ែត្រ។ ពេល​នេះ ​មិន​ដឹង​ថា​បាន​ទៅ​លើ​ក្រុមហ៊ុន​ណា​ទេ ជា​អ្នក​ដេញ​ថ្លៃ​បាន​ការ​ស្រង់​តួ​យន្តហោះ​លើក​នេះ ខណៈ​ទីតាំង​យន្តហោះ​​ដែល​គេ​សង្ស័យ​ថា​ធ្លាក់​នោះ​ក៏​មិន​ទាន់​​អាច​កំណត់​បាន​នៅ​ឡើយ៕

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Reuters