លឺថា​ iPhone 5S និង iPhone 6 គឺ​ជា​​ការ​​​ឌីហ្សាញ​​​​របស់​​​លោក Steve Jobs?

1/08/2015 0 Comments A+ a-



iPhone 5S និង iPhone 6 គឺ​ជា​​មរតក​ចុងក្រោយ​​នៃ​​ការ​​​ឌីហ្សាញ​​រូបរាង​ដោយ​​លោក Steve Jobs!ប្រភព៖​ nydailynews, media.techz.vn, theverge

ទោះបី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Steve Jobs បាន​ទទួលមរណៈភាព​ហើយ​ក៏​ដោយ បុគ្គល​បច្ចេកវិទ្យា​ដែល​សមត្ថភាព​មិន​ធម្មតា​រូប​នេះ នៅ​តែ​ដក​ជាប់​ក្នុង​ចិត្ត​សាធារណជន​គ្រប់រូប​ដដែល។ លោក​ទទួល​បាន​ការ​កោតស្ញប់ស្ញែង​ពី​មនុស្ស​លើ​លោក​យ៉ាង​ខ្លាំង តាមរយៈ​ការ​រក​ឃើញ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ព្រមទាំង​គំនិត​ឌីហ្សាញ​ឧបករណ៍​អេឡិចត្រូនិកប្រកប​ដោយ​ភាព​ច្នៃ​បង្កើត​ថ្មី​ រូបរាង​​ស្អាត​ទាន់សម័យ។ មុន​ពេល​លោក​ទទួលមរណភាព​កាលពី​ឆ្នាំ២០១១ លោក​បាន​ចូលរួម​ក្នុង​គម្រោង​ផលិត និង​ឌីហ្សាញ​រូបរាង iPhone ជំនាន់​ថ្មី​ពីរ​ជំនាន់​គឺ iPhone 5S និង iPhone 6។ នេះ​បើ​ផ្អែក​តាម​ការ​លើកឡើង​របស់​សារព័ត៌មាន​មួយ​ចំនួន​ ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​របស់​ក្រុមហ៊ុន Apple ដោយ​ផ្ទាល់​ផង​ដែរ។

សាធារណជន​ភាគច្រើន​សុទ្ធតែ​បាន​ស្គាល់ និង​ជឿជាក់​អំពី​ស្នាដៃ​ឌីហ្សាញ​របស់​លោក Steve Jobs តែង​មាន​ការ​បដិវត្ត​ថ្មី​លើ​ផលិតផល​បច្ចេកវិទ្យា ពិសេស​មាន​ការ​ឌីហ្សាញរូបរាង​ផលិតផល​បាន​​ស្អាត​។ ជាក់ស្ដែង​លោក​ធ្លាប់​ចូលរួម​ក្នុង​ការ​ឌីហ្សាញ​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​ដូច​ជា៖ iPad mini, iCar, ស្នាដៃ​ឌីហ្សាញ​​ស្នាក់​ការ​ក្រុមហ៊ុន Apple ក្នុង​ទម្រង់​ដូច​យាន​អវកាស (Spaceship Campus), iYacht និង iTV ជាដើម។ ចំណែក​របាយការណ៍​នេះ បាន​លើកឡើង​ថា បុគ្គល​បាត់​មុខ តែ​នៅ​បន្សល់​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ពិភព​បច្ចេកវិទ្យា​រូប​នេះ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ដំណាក់កាល​ជំនុំ​ពិភាក្សា​អំពី​ការ​ឌីហ្សាញ​រូបរាង iPhone ថ្មី​ពីរ​ជំនាន់​ចុងក្រោយ​នេះ ដែល​មាន iPhone 5S និង iPhone 6 ផង​ដែរ។
បើ​យោង​តាម​អតីត​អ្នក​សម្របសម្រួល​ក្រុមហ៊ុន Apple មួយ​រូប​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​កន្លង​មក​តាំងពី​មុន iPhone 5S និង iPhone 6 ​សម្ពោធ​ចេញ​ផ្លូវការ​ថា ​បុគ្គល​ដ៏​មាន​ឥទ្ធិពល​អាច​ធ្វើ​ឱ្យ​មាន​ការ​បដិវត្តន៍​យ៉ាង​ខ្លាំង​លើ​ពិភព​បច្ចេកវិទ្យា​រូប​នេះ (លោក Steve Jobs) បាន​ចូលរួម​ការងារ​អភិវឌ្ឍ ក៏​ដូច​ជា​ការ​រចនា iPhone ជំនាន់​ក្រោយ​ដែល​មិន​ទាន់​លេច​រូបរាង​ផ្លូវការ​នៅ​ឡើយ (និយាយ​កាលពី​ខែ​មេសា ឆ្នាំ២០១៣) គឺ​មាន iPhone 5S និង iPhone 6 តាំងពី​មុន​ពេល​លោក​ទទួល​អនិច្ចកម្ម​ទៅ​ទៀត។ លោក Jobs បាន​ចែកឋាន​ក្រោយពេល​ក្រុមហ៊ុន Apple ប្រកាស​បង្ហាញ iPhone 4S ប៉ុន្មាន​ថ្ងៃ​ដល់​ពិភពលោក។

លោក Michael Foulkes ដែល​ជា​អតីត​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន Apple បាន​រាយការណ៍​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​ជាមួយ​មេធាវី​អាមេរិក​លោក George Gascon ថា៖ «iPhone ជំនាន់​ក្រោយ​ពីរ​ជំនាន់​ត្រូវ​បាន​អភិវឌ្ឍ​រួច​ទៅ​ហើយ» ហើយ​ទូរស័ព្ទ​ទាំងពីរ​ម៉ូដែល​នោះ​គឺ​ជា​សមិទ្ធផល «មុន​ពេល​លោក Tim Cook ចូលរួម​អភិវឌ្ឍ​ទៅ​ទៀត»។

ទោះបីជា ធ្លាប់​មាន​ពាក្យ​លេចឮ​កន្លង​មក​ថា iPhone 5 គឺ​ជា​សមិទ្ធផល​ជាប់​ពាក់ព័ន្ធ​នឹង​ស្នាដៃ​ចុងក្រោយ​របស់​លោក Steve Jobs ប៉ុន្តែ​សម្រាប់​យោបល់​របស់​លោក Foulkes វិញ លើកឡើង​ថា iPhone 5S និង iPhone 6 ក៏​នៅ​មិន​ទាន់​ផុត​ពី​ស្នាដៃ​របស់​លោក​នៅ​ឡើយ៕

... រឿង​ដ៏​សំខាន់​បំផុត​មួយ​​​​របស់​បិតា​បច្ចេកវិទ្យា Steve Jobs ប្រាប់​ទៅ Tim Cook មុន​ពេល​លាចាក​លោក​ ...

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ applenewz, tapscape, trustedreviews