រដ្ឋ​សភា​បាន​ហៅ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​ទៅ​សួរ​​ ប៉ុន្តែ​ដំណោះ​ស្រាយ​ជាក់​ស្តែង​មិន​ទាន់​ឃើញ​កើត​មាន​ទេ

1/08/2015 0 Comments A+ a-

ភ្នំពេញៈ បញ្ជី​ឈ្មោះ​មន្រ្តី​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង ដែល​ត្រូវ​បាន​​កោះ​មក​សួរ​ នៅ​ចំពោះ​មុខ​គណៈកម្មការ​​រដ្ឋសភា កំពុង​ចាប់​ផ្តើម​ ដូច​បញ្ជី​អ្នក​ណា​ជា​អ្នក​ណា​ ក្នុង​ជួរ​រដ្ឋាភិបាល នៅ​ប្រទេស​កម្ពុជា។
លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជា​តិវង្ស ដែល​មិន​ឆ្លើយ​សំណួរ ​អំពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា កាល​ពី​ខែ​វិច្ឆិកា គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​កោះ​ហៅ​ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​នយោបាយ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ហើយ​ប៉ុន្មាន​សប្តាហ៍​ទៀត លោក ម៉ម ប៊ុន​ហេង ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ត្រូវ​បាន​រំពឹង​ថា​ នឹង​កោះ​មក​សួរ​ទាក់​ទង​នឹង​ករណី​ឆ្លង​មេរោគ​អេដស៍​យ៉ាង​ច្រើន​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។
គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពង្រឹង​ការងារ​របស់​គណៈកម្មការ​ថ្មី ដើម្បី​ធ្វើ​ឲ្យ​មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូ​វខ្ពស់​ជាង​​មុន​ តាម​របៀប​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។
លោក អេង ឆៃអ៊ាង ​ប្រធាន​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​ដែល​ទទួល​បន្ទុក​សិទិ្ធ​មនុស្ស និង​ទទួល​ពាក្យ​បណ្តឹង​បាន​ថ្លែង​ថា៖ «អាណតិ្ត​នេះ​ ខុស​ពី​មុន ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ការ​ដើម្បី ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ។ យើង​បាន​ប្រាប់​ពី​ក្តី​កង្វល់​របស់​យើង [ដល់​អភិបាល និង​រដ្ឋ​មន្រ្តី] ហើយ​ពួកគេ​បាន​លើក​ឡើង​ពី​មូល​ហេតុ​ដែល​​វិវាទ​ពិបាក​ដោះ​ស្រាយ។ យើង​​បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ប្រើ​កម្លាំង [ហើយ] ពួកគេ​នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ដូច​ដែល​​ពួកគេ​បាន​ធ្វើ​ពី​មុន​មក​នោះ​ទេ»។
ប៉ុន្តែ អ្នក​អង្កេត​ការណ៍​មួយ​ចំនួន​មាន​ទស្សនៈ​ផ្សេង​ទៅ​វិញ ចំពោះ​សកម្មភាព​នៅ​ក្នុង​អង្គប្រជុំ​របស់​គណៈកម្មការ​រដ្ឋសភា​នា​ពេល​នេះ។
លោក កែម ឡី អ្នក​វិភាគ​ម្នាក់​ដែល​កំពុង​​ប្រែ​ក្លាយ​​ខ្លួន​ជា​ឥស្សរជន​នយោបាយ តាម​រយៈ​ចលនា «ខ្មែរ​ដើម្បី​ខ្មែរ» បាន​ថ្លែង​ថា៖ «យើង​មាន​យន្តការ​សន្ទនា ប៉ុន្តែ​មិន​មែន​ជា​យន្ត​ការ​ដោះស្រាយ​ទេ»។
លោក​បាន​បន្ថែម​ថា​ ការ​កោះ​មន្ដ្រី​គឺ​គ្មាន​ប្រយោជន៍​ទេ បើ​គ្មាន​ដំណើរ​ការ​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស​នោះ។ លោក​បញ្ជាក់​ថា៖ «​យើង​ត្រូវ​ការ [កិច្ច​ប្រជុំ] រក​ដំណោះ​ស្រាយ​​ជាមួយ​នឹង​សង្គម​ស៊ីវិល និង​គ្រួសារ​រង​គ្រោះ»។
បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​កាល​ពី​ឆ្នាំ​មុន គណៈកម្មការ​រដ្ឋសភា​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់។ ឥឡូវ​នេះ គណបក្ស​នីមួយៗ​ គ្រប់​គ្រង​គណៈកម្មការ​ចំនួន​ ៥ គឺ​មិនមែន​​គណបក្ស​ប្រជាជន​​គ្រប់​គ្រង​ទាំង​អស់​ដូច​កាល​ពី​មុន​ទៀត​ទេ។
បើ​ទោះ​បី​​ជា​មាន​​ការ​សម្រេច ​កាល​ពី​ខែ​កញ្ញា​ថា មន្រ្តី​អាច​កោះ​ហៅ​ទៅ​សួរ​តែ​តាម​រយៈ​ប្រធាន​​រដ្ឋសភា​ក៏​ដោយ ក៏​ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ​ប្រធាន​គណៈកម្មការ​របស់​ខ្លួន​កំពុង​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ហើយ។
លោក ហូ វ៉ាន់ ​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ផ្ញើ​លិខិត​​ជា​ច្រើន​ទៅ​ក្រសួង​​ [ដោយ​ប្រាប់] ក្រសួង​ឲ្យ​កំណត់​ពី​បញ្ហា​អំពើ​ពុក​រលួយ ហើយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ»។
លោកបន្តថា៖​ «យើង​ទុក​ពេល​ដល់​ពួកគេ​ ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​នឹង​ដំណោះ​​ស្រាយ។ ប្រសិន​បើ​​គេ​មិន​​ឆ្លើយ​តប​​ យើង​ហៅ​ពួកគេ​មក​សួរ»។
ប៉ុន្តែ លោក ឆៃអ៊ាង​ បាន​ទទួល​​ស្គាល់​ថា ​​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​មិន​ទាន់​បាន​ដោះ​ស្រាយ​​បញ្ហា​ដែល​គណៈកម្មការ​កំពុង​ជំរុញ​ឲ្យ​ធ្វើ​ការ​​ដោះ​ស្រាយ​នោះ​ទេ។
លោក គល់ បញ្ញា ប្រធាន​អង្គការ ខុម ហ្វ្រែល ​ជឿ​ជាក់​ថា គណៈកម្មការ​រដ្ឋសភា​នឹង​បន្ត​មាន​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​​សិទិ្ធ​អំណាច​របស់​ខ្លួន ប្រសិន​បើ​កិច្ច​ប្រជុំ​នៅ​តែ​ធ្វើ​ជា​អសាធារណៈ។
លោក​បាន​បន្ត​ថា៖ ​«​យើង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូល​ទី​នោះ យ៉ាង​ហោច​ណាស់ ​​ត្រូវ​មាន​​អ្នក​សារ​ព័ត៌មាន និង​អ្នក​សង្កេត​ស្នូល​មួយ​ចំនួន​ផង​ដែរ»។
លោក​បាន​ថ្លែង​បន្ថែម​ថា៖ «វា​គឺ​អំពី​អត្ថ​ប្រយោជន៍​សាធារណៈ​… វា​មិន​គួរ​គ្រាន់​តែ​ជា​ការ​ប្រឆាំង​ទេ។ ​វា​នឹង​ធ្វើ​ឲ្យ​មានការ​ខុស​ប្លែក​ធំ​មួយ»។
លោក គល់ បញ្ញា បាន​បន្ថែម​ថា សម្រាប់​ពេល​ឥឡូវ​នេះ យ៉ាង​ហោច​ណាស់ «ពួក​គេ​កំពុង​សួរ​រដ្ឋាភិបាល»។ «កាលពី​មុន ​វា​កម្រ​កើត​មាន។ ខ្ញុំ​គិត​ថា វា​ជា​ការ​ចាប់​ផ្តើម​​អ្វី​មួយ​វិជ្ជមាន»។
ការ​អំពាវនាវ​ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​ពី​សាធារណជន​ទូទៅ​នា​សប្តាហ៍​នេះ​​សុំ​ឲ្យ​សភា​កោះ​ហៅ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ​និង​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មាន​ការ​សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​៥ នាក់​កាល​ពី​ឆ្នាំមុន​​នៅ​ផ្លូវ​វេង​ស្រេង។
ខណៈ​លោក ទៀ បាញ់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃ​អាទិត្យ​ថា លោក​«មិន​មាន​​កាតព្វកិច្ច​​​បំភ្លឺ​បញ្ហា​នេះ​សម្រាប់​នរណា» លោក យ៉ែម បុញ្ញឫទិ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ជឿ​ថា វា​គួរ​តែ​​មាន​ការ​ចាត់​វិធាន​ការ​បន្ថែម​ទៀត។
លោក​បន្តថា សភាគួរ​តែ​ធ្វើ​សិក្ខាសាលា​ ​ដែល​ក្នុង​នោះអ្នក​ដែល​ត្រូវ​កោះ​ហៅ​ ត្រូវ​តម្រូវ​ឲ្យ​ឆ្លើយ​​សំណួរ​ពី​សាធារណជន។
លោក​បន្ត​ថា៖ «ខ្ញុំ​ពិត​ជា​ជឿ​ថា ​គណបក្ស​សង្គ្រោះជាតិ​កំពុង​នាំ​មក​នូវ​កំណែ​ទម្រង់​ជា​ប្រវត្តិសាស្រ្ត​ដល់​កម្ពុជា»។
ចំពោះ​លោក​ឡី ​បាន​ឲ្យ​ដឹង​ថា លក្ខណៈផ្លាស់​ប្តូរ​នៃ​គណៈ​កម្មការ​រដ្ឋសភា​ទាំង​នោះ​មិន​មែន​ជា​សញ្ញា​នៃ​ភាព​រីក​ចម្រើន​ទេ ​ប៉ុន្តែ​ជា​«​ល្បែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា» ដើម្បី​យក​ចិត្ត​សហគមន៍​អន្តរជាតិ និង​អង្គការ​សហ​ប្រជាជាតិ។
សម្រាប់​អ្នកភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ ហើយ​ដែល​គណៈកម្មការ​សិទ្ធិ​​មនុស្ស​​រដ្ឋសភា​បាន​សន្យា​ថា​ នឹង​​ជួយ​អន្តរាគមន៍​ស្វែង​រក​ដំណោះ​ស្រាយ​លឿន​មួយ​កាលពី​ខែ​កញ្ញា ពួក​គេ​និយាយ​ថា ភាព​រីក​ចម្រើន​នេះ​គឺ​នៅ​មាន​ការ​ខ្វះ​ខាត​នៅ​ឡើយ។
លោក ​ស្នូន ញឿន តំណាង​អ្នក​ភូមិ ​ឡពាង​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ថា ជម្លោះ​ដីធ្លី​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់​ពួកគេ ដែល​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន KDC ​ដែល​ជា​ក្រុម​ហ៊ុន​មាន​ទំនាក់​ទំនង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​នៅ​តែ​មិន​ទាន់​​អាច​ដោះ​ស្រាយ​​បាន​នៅ​ឡើយ។
លោកបាន​បន្ត​ថា៖ «គណៈកម្មការ​សិទ្ធិ​មនុស្ស​រដ្ឋសភា បាន​មក​តំបន់​របស់​យើង​កាល​ខែ​កញ្ញា ​និង​បាន​សន្យាថា នឹង​​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​យើង​នៅក្នុង​​រយៈពេល​មួយ​សប្តាហ៍»។ «​ទោះ​យ៉ាង​ណា​ក្តី ​យើង​មិនទាន់​បាន​ឃើញ​ភាព​ផ្លាស់​​ប្តូរ​នោះ​នៅ​ឡើយ​ទេ។ យើង​មាន​សុវត្ថិភាព​ពី​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​និង​ហិង្សា ប៉ុន្តែ​យើង​ត្រូវ​​បាន​ឡោម​​ព័ទ្ធ​ដោយ​របង។ ​​ពួកយើង​មិន​អាច​ធ្វើ​ស្រែ​​ចម្ការ​លើដី​​នោះបាន​ទៀត​ទេ​»។
លោក នី ចរិយា នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​ថ្លែង​ថា​ ​អង្គការ​លោក​នឹង​យក​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បែប​នេះ​។
លោក​មាន​ប្រសាស​ន៍​​ថា​៖ «គណៈកម្មការ​​រដ្ឋសភា​កំពុង​ជួប​ជា​មួយ​ប្រជាជន​ជា​ទៀង​ទាត់​…​វា​មិន​ដូច​កាល​ពី​​លើក​មុន​ទេ ដែល​គណៈកម្មការ​មិន​ខ្វល់»។ «ប្រសិន​បើ​យើង​ឲ្យ​ពួកគេ​មាន​ពេល​តែ​ពីរ​បី​ខែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​អូសបន្លាយ​រហូត​ដល់​ ១០ ​ឆ្នាំ​ វា​មិន​សមស្រប​ទេ»។
ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស លោក ឈាង វុន ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ការ​ងារ​របស់​គណៈ​កម្មការ​​រដ្ឋសភា​បច្ចុប្បន្ន​ទេ។
លោកបាន​ថ្លែងថា៖ «វា​មិន​មែន​ជា​គំនិត​ល្អ​ដែល​ប្រៀប​ធៀប​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ និង​​អ្វី​ដែល​យើង​បាន​ធ្វើ​…​យើង​នៅ​តែ​មាន​មោទនភាព​ចំពោះ​​អ្វី​ដែល​គណបក្ស​​ប្រជា​ជន​សម្រេច​បាន​នៅ​ក្នុង​សភា​»៕
លោក​ស្រី ស៊ុយ សុផាន​ ប្រធាន​ក្រុម​ហ៊ុនផាន​អីុម៉ិច​​ ពេល​ចេញ​ពី​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​កាល​ពី​​ខែ​តុលា រឿង​ជម្លោះ​ដី​ធ្លី​នៅ​​បុរីកីឡា។
លោក​ស្រី ស៊ុយ សុផាន​ ប្រធាន​ក្រុម​ហ៊ុនផាន​អីុម៉ិច​​ ពេល​ចេញ​ពី​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា​កាល​ពី​​ខែ​តុលា រឿង​ជម្លោះ​ដី​ធ្លី​នៅ​​បុរីកីឡា។