LG ​​​អាច​នឹង​​ប្រកាស​សង្គ្រាម​ទីផ្សារ​ស្មាតហ្វូន​កោង​ប្រជែង​ Samsung

1/08/2015 0 Comments A+ a-

LG ​​​អាច​នឹង​​ប្រកាស​សង្គ្រាម​ទីផ្សារ​ស្មាតហ្វូន​កោង​ប្រជែង​ Samsung ​ប្រភព៖​ gforgames
ខណៈ​បណ្ដា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំៗ​ជាច្រើន​ចូលរួម​តាំង​បង្ហាញ​ផលិតផល​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​រៀងៗ​ខ្លួន​នៅ​ពិព័រណ៍ CES 2015 រីឯ​ក្រុមហ៊ុន LG ក៏​មាន​វត្តមាន​នៅ​ទីនោះ បង្អួត​សាធារណជន​នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី​ចុងក្រោយ​យ៉ាង​ទំនើប​របស់​ខ្លួន ដោយ​បំពាក់​អេក្រង់​កោង​នៅ​ផ្នែក​គែម​សងខាង ស្រដៀង​នឹង​លក្ខណៈ​កោង​នៅ​លើ Galaxy Note Edge របស់ Samsung។

មិនមែន​តែ Samsung កំពុង​បើក​សករាជ​ស្មាតហ្វូន​អេក្រង់​កោង​តែ​ឯង​នោះ ប៉ុន្តែ​ LG ក៏​កំពុង​បោះជំហាន​ប្រឡូក​ផង​ដែរ ដោយ​នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក CES 2015 នេះ ក្រុមហ៊ុន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ក្លាយជា​ការពិត​ដោយ​បង្ហាញ G Flex2 ដែល​ជា​ជំនាន់​ទី២ នៃ G Flex។ ខណៈ​ដែល​ក្រុមហ៊ុន LG កំពុង​ជាប់ដៃ​មមាញឹក​ក្នុង​ការ​ប្រកាស​ស្មាតហ្វូន​កោង LG G Flex2 ចំណែក LG Display ដែល​ជា​ផ្នែក​របស់ LG ក៏​បាន​បង្អួត​សមិទ្ធផល​ថ្មី​មួយ​ទៀត​មិន​ធ្លាប់​មាន គឺ​ជា​អេក្រង់ “Dual Edge” មាន​កញ្ចក់​កោង​បន្តិច​នៅ​ផ្នែក​គែម​នៃ​អេក្រង់។ 

លក្ខណៈ​បែបនេះ ត្រូវ​គេ​សន្និដ្ឋាន​ថា LG ចង់​ស្រូត​មួយ​ជំហាន​ឱ្យ​បាន​មុន Samsung ដែល​ធ្លាប់​មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន​នឹង​ផលិត Galaxy S6 ជាមួយ​អេក្រង់​កោង​កាច់​បន្តិច​សងខាង។ ផេប្លេត Dual Edge របស់ LG នេះ​គឺ​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ប្លាស្ទិក OLED (Plastic OLED) ដែល​មាន​គុណភាព​ខ្ពស់។ យ៉ាងណា Dual Edge នេះ​ស្ថិត​ត្រឹម​ជា​អេក្រង់​ប៉ុណ្ណោះ ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​​នឹង​យក​បច្ចេកវិទ្យា​អេក្រង់​នេះ​ទៅ​បំពាក់​លើ​ផេបេ្លត ឬ​លក់​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​នៅ​ឡើយ។ 

បើ​យោង​តាម​សារព័ត៌មាន gforgames ឱ្យ​ដឹង​ថា LG Display នៅ​ពេល​នេះ បាន​ត្រៀមខ្លួន​ក្នុង​ការ​ផលិត​​អេក្រង់​កោង​ទំនើប​ម្យ៉ាង​ដែល​ហៅ​ឈ្មោះ​ថា “Active Bending” ដើម្បី​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន Xiaomi៕
ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gforgames