អាក្រក់មែន! ឪពុកចិត្តអប្រិយកប់កូនស្រីប៉ងសម្លាប់ទាំងរស់ ព្រោះតែចង់បានកូនប្រុស ស្អប់មានកូនស្រី
នេះជារឿងមួយដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងត្រូវដាក់ទោសឲ្យធ្ងន់ធ្ងរជាទីបំផុត ចំពោះបុរសជាឪពុកចិត្តអប្រិយឥណ្ឌាម្នាក់ ដែលបានកប់កូនស្រីបង្កើតរបស់ខ្លួនប៉ងសម្លាប់ទាំងរស់បែបនេះ ព្រោះតែរូបគេមានចរិកស្រឡាញ់តែកូនប្រុស ហើយស្អប់កូនស្រីបំផុតនោះ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ពលរដ្ឋនៅភូមិ Putia ស្ថិតក្នុងរដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌា បានប្រញាប់ប្រញាល់ផ្តល់ព័ត៌មានទៅប៉ូលីសថា បុរសជាឪពុកម្នាក់ឈ្មោះ Abul Hussein បានកំពុងព្យាយាមកប់កូនស្រីរបស់គេ នៅខាងក្រោយផ្ទះរបស់គេ ។
ភ្លាមៗនោះ ប៉ូលីសក៏បានមកដល់ផ្ទះរបស់បុរសរូបនេះ ហើយពួកគេក៏បានរកឃើញកូនស្រីរបស់វាដោយ ដៃ, មាត់ត្រូវជាប់ចំណង ខណៈដងខ្លួនត្រូវកប់ត្រឹមទ្រូងគួរឲ្យអាសូរជាពន់ពេក ។
ប៉ូលីសនិយាយថា Hessein មានចរិកស្អប់កូនស្រីៗ ហើយព្យាយាមសម្លាប់កូនស្រីកំសត់អាយុ ១០ ឆ្នាំ នេះ ដែលមានឈ្មោះ Rukshena ខណៈប្រពន្ធរបស់គេមិននៅផ្ទះ ។ ប៉ូលីសឲ្យដឹងទៀតថា Hussein មានការអស់សង្ឃឹមដែលរកកូនប្រុសមិនបាន ហើយស្អប់ណាស់ដែលមានកូនស្រី ។
មន្ត្រីប៉ូលីសជាន់ខ្ពស់លោក Pradip Dey និយាយថាៈ “យើងខ្ញុំបានទទួលការហៅទូរស័ព្ទពីពួកអ្នកភូមិ ដោយប្រាប់យើងខ្ញុំថា មានបុរសម្នាក់កំពុងព្យាយាមសម្លាប់កូនស្រីរបស់គេ ដោយកប់នាងទាំងរស់ ។ ភ្លាមៗនោះ ខាងមន្ត្រីរបស់យើងខ្ញុំ ក៏បានមកដល់ផ្ទះកើតហេតុ ហើយក៏បានរកឃើញ Rukshena កំពុងត្រូវបានកប់នៅខាងក្រោយផ្ទះរបស់នាង” ។
លោក Dey បន្តថាៈ “យើងខ្ញុំបានជួយសង្គ្រោះនាង ហើយចាប់ខ្លួន Hussein នាពេលនោះផងដែរ ពីបទប៉ុនប៉ងមនុស្សឃាត ។ ឥឡូវនេះ រូបគេក៏កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដើម្បីរង់ចាំការកាត់ទោស” ។
គួរបញ្ជាក់ផងដែរថា ក្រោយពីកប់ Ruskshena រហូតដល់ចង្កេះរបស់នាង, ម្តាយរបស់នាងក៏បានវិលត្រលប់មកផ្ទះវិញ ប៉ុន្តែHussein យកល្អីប្ញស្សី១មកគ្របពីលើក្បាលរបស់នាងបណ្តោះអាសន្ន ក្នុងបំណងដើម្បីបញ្ចប់ការងាររបស់វានៅពេលក្រោយ ។
ប៉ុន្តែ ទោះជាយ៉ាងណា ប្រពន្ធកើតមានការសង្ស័យ… ហើយក៏បានហៅអ្នកជិតខាងមកជួយ ។ នាងបានអះអាងប្រាប់គេឯងថា នាងបានមានការបារម្ភរួចស្រេចទៅហើយ អំពីក្តីស្រឡាញ់របស់ប្តី ចំពោះកូនស្រីរបស់ពួកគេ ។
យ៉ាងណាមិញ នៅពេលពួកអ្នកជិតខាងបានរកឃើញ Ruskshena ត្រូវបានកប់យ៉ាងដូច្នេះ, ពួកគេក៏បានកញ្ជ្រោលកំហឹងយ៉ាងខ្លាំង ដោយនាំគ្នាវាយទៅ Hussein យ៉ាងចាស់ដៃ មុនប៉ូលីសបានមកដល់ ។
ទោះជាយ៉ាងណា នៅពេលនេះ Ruskshena ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាលពីថ្ងៃទី ១៦ មករា ប៉ុន្តែ មិនត្រូវបានគិតគូរថ្លៃព្យាបាលទេ បន្ទាប់រយៈពេល ២-៣ ថ្ងៃ ៕