បុរស​ម្នាក់ កើត​ជំងឺ​មុខមាត់​រីក​ធំ​

1/27/2015 0 Comments A+ a-

ស្ទឹងត្រែង: គ្រួសារ​មួយ រស់នៅចំណុច​តា​ដុង​តា​ដាំ ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង មាន​បុរស​ម្នាក់ កើតរោគ​ចម្លែក មុខមាត់​រីក​ធំ ខុសពី​អ្នកដទៃ​។​
​    ​
​លោក ផន ម៉ន អាយុ​៣៧​ឆ្នាំ ធ្លាប់ជា​កម្មករសំណង់ នៅ​ក្រុង​ស្ទឹងត្រែង បាន​រៀបរាប់ថា កាលពី​១០​ឆ្នាំមុន គាត់​មាន​កម្លាំង​ធ្វើ​ការងារជាធម្មតា​ដូច​គេឯង​។ ប៉ុន្តែ​ចាប់តាំងពី​គាត់ បាន​ដួល​ម៉ូតូ នៅឯ​ខេត្តព្រះវិហារ និង​ធ្លាក់​ពីលើផ្ទះ​ម្តាយក្មេក​មក មុខមាត់​របស់គាត់ ប្រែជា​កើត​ជំងឺ​ចម្លែក​។ មុនដំបូង មុខមាត់​គាត់ ហើម​បន្តិច​ម្តងៗ ក្រោយពី​ជួប​គ្រោះ ថ្នាក់ដួល​ម៉ូតូ និង​ធ្លាក់​ពីលើផ្ទះ​។ ពេលនោះ គាត់​មិនបាន​ចាប់អារម្មណ៍​នឹង ការ​ហើម​មុខមាត់​នោះទេ ហើយ​ធ្វើ​ការងារ​ជា កម្មករសំណង់​រាល់ថ្ងៃ​។ កាល​នៅ​ធ្វើ​ការងារ ជា​កម្មករ លោក​ផន ម៉ន ទទួលបាន​ប្រាក់​ឈ្នួល ៣​ម៉ឺន ៥​ពាន់​រៀល ក្នុង​មួយថ្ងៃ សម្រាប់​យកមក​ចិញ្ចឹម​កូន និង​ប្រពន្ធ​។​
​លោក​ផន ម៉ន បាន​រៀបរាប់​បន្តថា ពេលធ្វើ​ការងារ ជា​កម្មករសំណង់ អស់​ជាច្រើន​ឆ្នាំ មុខមាត់​គាត់ ចេះតែ​រីក​ធំ​ទៅ ហើម​ទៅ កម្លាំង​ក្នុង​ខ្លួន​ចុះខ្សោយ រហូត​មិនអាច​ធ្វើការ​ងារ​បាន​។ ពេលនោះ គាត់ឈប់​ពី​ការងារ​សំណង់ ត្រូវ​រស់នៅ​ផ្ទះ ហើយ​ម្តាយក្មេក​ចិញ្ចឹម អស់​រយៈពេល ៧​ឆ្នាំ មកទល់នឹង​សព្វថ្ងៃ​។

លោក ម៉ន បញ្ជាក់ថា ជំងឺ​ហើម​មុខមាត់​របស់គាត់ កាន់តែ​ធ្ងន់ធ្ងរ ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ​។ ឥឡូវ លោក ផន ម៉ន កំពុងស្ថិត​នៅផ្ទះ រស់​ដោយសារ​ម្តាយក្មេក ចិញ្ចឹម​ទាំង​គ្រួសារ​។​
​    ​
​ស្ត្រី ប៊ុន ចន្ថា អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​លោក ផន ម៉ន បាន​រៀបរាប់ ទាំង​ទឹកភ្នែក​ឱ្យដឹងថា គាត់​មានកូន​ចំនួន​៣​នាក់ ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ​។ គាត់​បាន​ចាប់ដៃគ្នា ជា​ប្តី​ប្រពន្ធ នៅ​ឆ្នាំ​២០០០ មកទល់នឹង​សព្វថ្ងៃ អស់​រយៈពេល ជាង​១០​ឆ្នាំ​ហើយ​។ សព្វថ្ងៃ កូនច្បង មាន​អាយុ​១២​ឆ្នាំ កំពុង​រៀន​ថ្នាក់​ទី​៦ ក្នុង​សង្កាត់​ស្រះ​ប្ញ​ស្សី​។ កូន​ទី​២ ជា​កូនស្រី រៀន​នៅ​សា​លាម​ត្តេ​យ្យ នៃ​មណ្ឌល​អង្គការ​មួយ ជួយ​ផ្នែក​ស្ត្រី ក្នុងភូមិ​ស្រែ​ពោធិ៍​។ រីឯ​កូនប្រុស​ពៅ មាន​អាយុ​ជាង​៤​ខែ​ប៉ុណ្ណោះ​។​
​    ​
​ប៊ុន ចន្ថា បាន​រៀបរាប់​បន្តថា គាត់​មានការ​សោកសៅ​ក្នុង​ចិត្ត ក្រោយពី​ប្តី កើត​ជំងឺ​ចម្លែក ហើយ​គ្មាន​លុយកាក់ យកទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​។ គាត់​មិនអាច​ធ្វើ​អ្វីៗ​បាន ជោគជ័យ​ទេក្នុង​ឆាកជីវិត ដោយសារ​គ្រួសារ មាន​ជីវភាព​ខ្វះខាត គ្មាន​លុយកាក់​ដូច​គេ​។ គាត់​ចង់ឱ្យ​ប្តី​ឆាប់​ជាសះស្បើយ ដើម្បី​ទៅធ្វើ​ការងារ ជា​កម្មករសំណង់ ដូច​កាល ពីមុន រកប្រាក់​មក​ចិញ្ចឹម​គ្រួសារ​។​
​ប៊ុន ចន្ថា រៀបរាប់ថា គាត់​មិនទាន់​អស់​ស​ង្ឈឹ​ម​ទេ ក្នុង​ឆាកជីវិត បើទោះបីជា​ជួប​គ្រោះ​ធំ បែបនេះ ហើយ​ត្រូវ​ម្តាយចិញ្ចឹម​។ នៅពេល​សួរដេញដោល ពី​ដំណើរ​ជីវិត ទៅ​ថ្ងៃ​អនាគត ស្ត្រី ប៊ុន ចន្ថា និយាយថា គាត់​នឹង​ទៅ​ប្រកបមុខរបរ ជា​កម្មករសំណង់ ដូច​ប្តី​គាត់ កាលពីមុន​ទៀត ពេល​កូន​ទី​៣ ធំ​ឡើង​។​
​ប៊ុន ចន្ថា បានឱ្យដឹងថា កាល​ប្តី​ឈឺ គាត់​ឮ​គេ​ប្រាប់ថា មាន​ពេទ្យ​អង្គការ ចុះ​ព្យាបាល​ជំងឺ ជួយ​ដល់​អ្នកក្រីក្រ គាត់​ឮ​ដូច​នោះ ក៏​យកប្តី​ទៅ​ព្យាបាល​។ ប៉ុន្តែ​មិន​នឹកស្មានថា ខុស​បំណង ពេល​ទៅ​ជួប​គ្រូពេទ្យ គ្រូពេទ្យ​ប្រាប់ថា ជួយ​ព្យាបាល​ឱ្យតែ​ផ្នែក​កុមារ និង​គ្រួសារ​ណា ដែលមាន​ជីវភាព​ក្រីក្រ​ទេ​។ គេ​មិន​ជួយ​អ្នកជំងឺ​មនុស្ស​ធំ ដូច​ប្តី​គាត់​ឡើយ​។​
​កាលណោះ ប៊ុន ចន្ថា មិន​អស់ចិត្ត មុននឹង​យកប្តី​ត្រឡប់ទៅផ្ទះ​វិញ គាត់​ក៏បាន​អង្វរករ ទៅ​គ្រូពេទ្យ​ដែរ តែ​គេ​មិន​ព្រម​វះកាត់​ឱ្យ ដោយសារ​គ្មាន​លុយ​។ គ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង បាន​សុំ​ថ្លៃ​វះកាត់​ពី​គាត់ ចំនួន ៣២ ម៉ឺន​រៀល​។ អ្នកស្រី គ្មាន​លុយ​បង់​ឱ្យទៅ​គ្រូពេទ្យ ក៏​សុខចិត្ត​នាំ​ប្តី​មក​រស់នៅ​ផ្ទះ អស់​ជាច្រើន​ឆ្នាំ​។​
​ប៊ុន ចន្ថា បញ្ជាក់ថា ដោយសារតែ​គាត់ អង្វរ​ពេក ទើប​គ្រូពេទ្យ សួរ​រឿង​ប័ណ្ណ​ក្រីក្រ​។ គាត់​ឆ្លើយតប​ទៅនឹង​គ្រូពេទ្យ​វិញ​ថា “​ខ្ញុំ​គ្មាន​ប័ណ្ណ​ក្រីក្រ​ទេ​” ដោយសារ​អាជ្ញាធរ​ភូមិ​ឃុំ អត់​ធ្វើឱ្យ​ផង​។ ប័ណ្ណ​ក្រីក្រ គាត់​បានស្នើ​សុំ​ទៅ​មេភូមិ មេឃុំ​ដែរ តែ​ត្រូវគេ​ស្តីឱ្យ​ថា “​កុំ​ចេះ​ពេក ខ្លួនឯង​នៅ​ក្មេង​”​។ ពេល​មេភូមិ មេឃុំ ស្តី​ប​ន្តោ​ស​ឱ្យ​បែបនេះ គាត់​ក៏​ឈប់​តវ៉ា​សុំ​ប័ណ្ណ​ក្រីក្រ​៕V/S
​បុរស​កើតរោគ​ចម្លែក មុខមាត់​រីក​ធំ
ប្រភពពី CEN