នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ប្រញាប់វិលមកស្រុកដើម្បីដឹកនាំការដោះស្រាយវិបត្តិចំណាប់ខ្មាំង
នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ កាលពីថ្ងៃពុធបានប្រញាប់ប្រញាល់ធ្វើដំណើរពីមជ្ឈិមបូព៌ាមកកាន់ប្រទេសវិញ ដើម្បីដឹកនាំចម្លើយតបរបស់រដ្ឋាភិបាលក្រុងតូក្យូ ក្រោយពីពួកសកម្មប្រយុទ្ធអ៊ីស្លាមបានគំរាមសម្លាប់ជនជាតិជប៉ុន២នាក់ ដរាបណាលោកមិនបង់ប្រាក់លោះខ្លួន២០០លានដុល្លារអោយពួកវាទេ។
តែលោកអាបេ ដ៏រឹងប៉ឹង បានប្តេជ្ញាថាលោកនឹង”មិនឱនក្បាលចំពោះភេរវកម្ម” នៅពេលជប៉ុនត្រូវបានរុញបញ្ចូលភ្លាមៗទៅក្នុងជម្លោះដែលកំពុងធ្វើអោយគាំងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កន្លែងដែលពួកជ្រុលនិយមបានវាយកាន់កាប់តំបន់ធំៗ។
លោកបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហ្សេរុយសាឡឹម ថា”ខ្ញុំទាមទារកុំអោយពួកគេប៉ះពាល់ចំណាប់ខ្មាំងនិងដោះលែងពួកគេជាបន្ទាន់។សហគមន៍អន្តរជាតិនឹងមិនចុះញ៉មចំពោះភេរវកម្មឡើយ និងយើងត្រូវតែធានាថាពួកយើងធ្វើការជាមួយគ្នា”។
ក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់(ISIS)បានសម្លាប់ចំណាប់ខ្មាំងបស្ចិមប្រទេស៥នាក់រួចហើយចាប់តាំងពីខែសីហាឆ្នាំមុន តែនេះជាលើកដំបូងដែលក្រុមជីហាដនេះ គំរាមចំណាប់ខ្មាំងជប៉ុន។
នៅក្នុងរូបបង្ហោះលើវេបសាយរបស់ពួកជីហាដ ជនសកម្មប្រយុទ្ធពាក់ឈុតខ្មៅម្នាក់បានលើកបង្ហាញកាំបិតនិងថ្លែងជាភាសាអង់គ្លេសនៅចំពោះមុខកាមេរ៉ា ដោយឈរនៅចន្លោះចំណាប់ខ្មាំងដែលពាក់អាវពណ៌ទឹកក្រូច។
បុរសនេះនិយាយថា”អ្នកមានពេល៧២ម៉ោងដើម្បីដាក់សម្ពាធអោយរដ្ឋាភិបាលរបស់អ្នកធ្វើការសំរេចចិត្តដោយបង់ប្រាក់២០០លានដុល្លារដើម្បីសង្គ្រោះជីវិតពលរដ្ឋរបស់អ្នក”។
ជនសកម្មប្រយុទ្ធនេះ និយាយថា ចំនួនប្រាក់លោះនេះស្មើនឹងជំនួយដែលលោកអាបេបានសន្យាផ្តល់នៅក្នុងការគាំទ្រការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។
សម្លេងគាំទ្របានចេញមកពីជុំវិញពិភពលោក ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើរី បានប្រាប់សមភាគីជប៉ុនរបស់លោកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈរយ៉ាងរឹងប៉ឹងពីក្រោយរដ្ឋាភិបាលក្រុងតូក្យូ៕ ប្រភពៈ CEN