សូមបញ្ឈប់ដាក់ទណ្ឌកម្មលើអ្នកក្រទៀតទៅ!
«ឱភ្នំពេញអើយ បីឆ្នាំនឹកអ្នកគ្មានល្ហើយក្នុងឱរា…» បទនេះច្រៀងដោយអ្នកស្រី សូ ចន្នី និងជាបទចម្រៀងដែលតែងតែចាក់ផ្សាយ រៀងរាល់ពេលប្រារព្ធពិធីបុណ្យរំឭកខួបថ្ងៃទី៧ ខែមករាម្តងៗ ដែលជាថ្ងៃរំដោះខួបដួលរលំ របបខ្មែរក្រហមតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ។
កាលនោះម្នាក់ៗ គ្រាន់តែឮបទនេះភ្លាម ធ្វើឲ្យនឹកឃើញថា បានរស់ដោយសុខស្រួលហើយ តែមកដល់ពេលនេះហើយបែរជាប្រជាពលរដ្ឋខ្មែរមួយភាគធំនៅតែក្រីក្រ រួមទាំងមន្ត្រីរាជការទៀត។ ពួកគាត់ភាគច្រើន សុខចិត្តធ្វើចំណាកស្រុក ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយ ទៅខេត្តមួយ ហើយខ្លះឆ្លងទៅធ្វើកម្មករ អង្គុយសុំទាន និងចូលទៅកាប់ព្រៃនៅប្រទេសគេ ដើម្បីរស់ទៅវិញ បើទោះបីជាដឹងថា មានបញ្ហាប្រឈមមុខនឹងគ្រោះថា្នក់ខ្ពស់ យ៉ាងម៉េចក៏ដោយ។
រ្តីខ្មែរម្នាក់មានទម្ងន់និងកូនប្រុសតូចកំពុងអង្គុយសុំទានក្នុងក្រុងបាងកកពីចុងឆ្នាំមុន
មានចម្ងល់សួរថា មូលហេតុអ្វីបានជាពលរដ្ឋខ្មែរ នៅតែនាំគ្នាធ្វើចំណាកស្រុកភ្លូកទឹកភ្លូកដីទៀត? និយាយពីសេដ្ឋកិច្ចវិញ មានកំណើនប្រចាំឆ្នាំរង្វង់ពី ៧ ទៅ ៨ ភាគរយ ហើយប្រជាជនរស់ក្រោមបន្ទាត់ភាពក្រីក្រវិញ ធ្លាក់ចុះតាំងពី ៣៦ ដល់ ១៩ ភាគរយទៀត រឿងអីបានជាការធ្វើចំណាកស្រុកចេះតែកើនឡើង រហូតស្ងាត់ស្រុកទៀត មិនគួរឲ្យជឿ?
តើមកពីបញ្ហាអត់ឃ្លាន ឬក៏ការចង់មានចង់បានពេកបានជាសុខចិត្តទៅប្រឈមមុខនឹង គ្រោះថ្នាក់ខ្លាំងម្ល៉េះ? គ្រាន់តែរបាយការណ៍ត្រួសៗ នៅឆ្នាំ២០១៣ តម្រួតថៃបាញ់ពលរដ្ឋខ្មែរចូលឆ្លងដែនកាប់ព្រៃស្លាប់អស់ ៤៧ នាក់ ហើយនៅឆ្នាំ ២០១៤ កាលពីឆ្នាំទៅក៏នៅតែបាញ់ស្លាប់អស់៧នាក់ទៀតនិងដឹកពលករខ្មែរ រាប់ម៉ឺននាក់ មកចាក់ចោលតាមច្រកព្រំដែន ដូចចាក់សំរាមអ៊ីចឹង ហើយនៅដើមឆ្នាំនេះ មានតាំងពីការបាញ់សម្លាប់ស្ត្រីខ្មែរទៀត សូម្បីតែតម្រួតថៃក៏សារភាពថាបានបាញ់បុរសខ្មែរ ៤ នាក់ដែរ ហើយកាលពីសប្តាហ៍មុននេះលឺថាមានការដុតមនុស្សស្លាប់ ២ នាក់នៅតាមព្រំដែន ខ្មែរ-ថៃ ដែលកំពុងតែសង្ស័យសាកសពនោះជាជនជាតិខ្មែរ។
រីឯមន្ត្រីនៅទីនោះ បែរជានាំគ្នាលាក់ព័ត៌មានបិទជិត តែដោយសារតែសារព័ត៌មាន ចេះចេញផ្សាយបានជានាំគ្នាខំដុតដៃដុតជើងតាមការទូតផងតែនៅពេលដែល ជួបប្រជុំរវាងការទូតប្រទេសទាំងពីរកាលពីសប្តាហ៍មុននេះហាក់ដូចជា រឿងធម្មតា បានត្រឹមតែចរចា និងអនុស្សរណៈយោគយល់តែថៃនៅបាញ់ខ្មែរស្លាប់យ៉ាងគឃ្លើនដដែល រដ្ឋាភិបាលទាំង២គ្មានឆន្ទៈរកដំណោះស្រាយពិតប្រាកដគឺបានតែនៅលើ ក្រដាសនិងថៃបានត្រឹមតែសុំទោសតែប៉ុណ្ណោះ។
តែផ្ទុយទៅវិញ ប្រទេស វៀតណាម វិញគ្រាន់តែរដ្ឋាភិបាលខ្មែរបានចាប់បញ្ជូនប្រជាជនវៀតណាមដែលរស់នៅ ស្រុកខ្មែរខុសច្បាប់តែជាង ១ ពាន់នាក់សោះ រដ្ឋមន្ត្រីក្រសួងនគរបាលជាតិវៀតណាម មកសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្មែរដើម្បីចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរួមគ្នាផ្សេងៗភ្លាមកាលពីថ្ងៃសុក្រសប្តាហ៍មុន ។
បច្ចុប្បន្ននេះ បញ្ហាចំណាកស្រុកក្លាយទៅជាគ្រោះមហន្តរាយមួយទៅហើយ ដូចកាលពីជំងឺអេដស៍ចូលស្រុកខ្មែរដំបូងៗ មានពាក្យចចាមអារ៉ាមថា៖ «អេដស៍មិនខ្លាចទេខ្លាចតែអត់!» នៅពេលនេះ យកពាក្យទាំងនេះមកគិតឡើងវិញអាចត្រូវ ព្រោះអ្នកផ្ទុកជំងឺអេដស៍មានថ្នាំពន្យារជីវិតបាន រីឯអត់បាយវិញតែអត់គឺស្លាប់ហើយ។
អ៊ីចឹងហើយមានតែធ្វើចំណាកស្រុកប្រថុយប្រថានទៅ ក្រែងបានរស់ បើទោះទៅដល់ណាក៏ទៅដែរគេធ្វើបាបគេមើលងាយមើលថោកយ៉ាងម៉េចក៏ សុខចិត្តទៅដែរ ព្រោះអ្នកដែលសម្រេចចិត្តទៅទាំងព្រាត់កូន ព្រាត់ប្តី ព្រាត់ប្រពន្ធ គឺអ្វីៗហាក់បីដូចជាអស់រលីងពីខ្លួន ដីស្រែគ្មាន ដីចម្ការត្រូវគេច្បាមយកអស់ ទៅប្តឹងតុលាការវិញចាញ់អ្នកមានអំណាចរហូត ហើយនាំគ្នាធ្វើបាតុកម្មត្រូវគេបង្ក្រាបដេញប៉ផាប់ចាប់ពភីង ដូចពាក្យថាចិនដេញខ្មែរ ខ្មែរដេញខ្មោច ឥឡូវនេះកាន់តែយ៉ាប់ទៅទៀតព្រោះអស់ដីខ្មោចដេញទៀត។
រីឯអ្នកមានដីស្រែហើយនៅតែធ្វើស្រែប្រវាស់នឹងមេឃដដែលបាន ទិន្នផលមក ឈ្មួញឲ្យតម្លៃថោកពេករដ្ឋាភិបាលមិនរកទីផ្សារឲ្យ បើប៉ះជាទឹកលិចផងខូចសំណាបខ្ទេចខ្ទី។ យ៉ាងណាមិញ ឧកញ៉ាៗស្រុកខ្មែរវិញខំរកស៊ីកេងប្រវ័ញ្ច និងប្លន់ដីធ្លីតែពីអ្នកក្រទេ ភាគតិចណាស់ដែលមានគំនិតជួយអ្នកក្រផ្តល់ការងារធ្វើនៅស្រុកភូមិ ដែលពួកគាត់រស់នៅនោះ។
បើនិយាយពីមន្ត្រីរាជការសាមញ្ញនៅតាមក្រសួង និងស្ថាប័ននានាវិញ ប្រាក់ខែតិច ហើយនៅពេលចុះបេសកកម្មធ្វើដំណើរតាមបណ្តាខេត្តនានាវិញ គឺត្រូវយកលុយពីផ្ទះខ្លួនឯងទៅចាយសិន បើមកធ្វើសំណើបើកថវិកាបេសកកម្មដែលបានចុះនោះវិញ នៅពេលដំណើរការបើកលុយម្តងៗគឺស៊ីពេលយ៉ាងហោចណាស់១ខែទៅ២ខែក៏ មាន ចុះបើពួកគាត់ ១ ខែត្រូវចុះបេសកកម្ម ៣ ដងវិញ តើពួកគាត់បានលុយមកពីណា បើគ្រាន់តែចាយប្រចាំថ្ងៃមិនគ្រាន់ផងនោះ? នេះក៏ជាទណ្ឌកម្មមន្ត្រីក្រីក្រផងដែរ។
ម្យ៉ាងវិញទៀត បើនិយាយពីយុទ្ធសាស្ត្រ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលវិញ ឲ្យតែហាឡើង សុទ្ធតែក្នុងគោលបំណង កាត់បន្ថយភាពក្រីក្រទាំងអស់ តែដល់ពេលអនុវត្តជាក់ស្តែង មានសកម្មភាពភាគច្រើនតែនៅលើក្រដាសទេ ព្រោះការងារធ្វើតែដដែលផ្តោតតែទៅលើសាងសង់ស្ពានថ្នល់និងផ្លូវលំ ជួសជុលមិនស្វាង ព្រោះមានផលចំណេញច្រើនរឿងនយោបាយដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញ ជាក់ស្តែងថាបានធ្វើសម្បើមណាស់ និងសប្បាយស៊ីលុយក្រៅរឿងដេញថ្លៃគម្រោងធ្វើផ្លូវជាមួយក្រុមហ៊ុន ហ្នឹងធ្វើជាប់។ តែមិនសូវអើពើសកម្មភាពសំខាន់ៗផ្សេងទៀតដូចជា ការដំឡើងប្រព័ន្ធធារាសាស្រ្តធ្វើប្រឡាយទឹកឲ្យមានទឹកគ្រប់គ្រាន់ ធ្វើស្រែចម្ការ ការរកទីផ្សារកសិផលមានតម្លៃសមរម្យ ការបង្កើតសិប្បកម្មនៅតាមសហគមន៍ ក្រៅតែពីការងារធ្វើរោងចក្រដែលមានស្រាប់នៅតាមទីក្រុងនោះ ដើម្បីទប់ទល់នឹងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនោះ។
យ៉ាងណាមិញដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ធ្លាប់លើកឡើងថា៖ «ត្រូវយកស្លឹកត្នោតមកខ្ចប់ស្ករផែន» មានន័យខំរកចំណូលនៅនឹងកន្លែងដើម្បីអភិវឌ្ឍនៅនឹងកន្លែង ហើយបង្កើនការងារឲ្យប្រជាពលរដ្ឋទៀត។ ឧទាហរណ៍ដូចប្រាក់ចំណូលរបស់សេវាច្រកចេញចូលតែមួយរបស់ក្រុង ស្រុក និងខណ្ឌមាន ៣៦ កន្លែងបានជាង ១,៥ លានក្នុងរយៈ ១០ ខែដំបូងនៃឆ្នាំ ២០១៤ កន្លងទៅនេះ ហើយថវិកាទាំងនេះ គួរយកមកអភិវឌ្ឍទីកន្លែងរបស់ខ្លួនដើម្បីឲ្យបង្ហាញប្រជាពលរដ្ឋថា ថវិកាដែលគាត់ប្រើសេវាហ្នឹងគេយកមកធ្វើនៅសហគមន៍របស់គាត់ដើម្បី ឲ្យមានគណនេយ្យភាព និងចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
ជាងនេះទៅទៀត គោលបំណងធំរបស់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) ដើម្បីផ្តល់អំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិគឺដើម្បីកាត់បន្ថយ ភាពក្រីក្រផងដែរ។ មកទល់ពេលនេះហើយគ្មានទាន់ឃើញមុខងារជាកាតព្វកិច្ចណាមួយដែល ក្រសួង និងស្ថាប័នថ្នាក់ជាតិដែលត្រូវផ្ទេរទាំងមុខងារ ទាំងធនធានថវិកា ទាំងធនធានមនុស្សមករដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយទេអ៊ីចឹងសួរថា តើពួកគាត់នៅថ្នាក់ក្រោមជាតិមានអំណាចឯណាទៅដោះស្រាយជូន ប្រជាពលរដ្ឋ?
បើនៅមានបញ្ហាប្រជាពលរដ្ឋមកប្តឹង ឬក៏សុំឲ្យជួយដោះស្រាយម្តងៗ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមិនអាចដោះស្រាយបានទេ គឺពួកគាត់បានត្រឹមតែរាយការណ៍ជូនថ្នាក់លើដដែលជាដដែល ដូច្នេះរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសថ្នាក់ក្រុង-ស្រុកដែលនៅកៀក នឹងពលរដ្ឋផង សព្វថ្ងៃនេះ ហាក់បីដូចជាបានត្រឹមតែជាអ្នកនាំពាក្យតែប៉ុណ្ណោះព្រោះគ្មានសិទ្ធិ អំណាចទៅអារកាត់បានទេ គឺអ្វីៗស្ថិតលើថ្នាក់ជាតិប្រមូលផ្តុំអំណាចដដែល។ មានអីមកអភិវឌ្ឍនៅនឹងកន្លែងបានទៅ?
សរុបមកវិញ បទចម្រៀង«ឱភ្នំពេញអើយ»ជាក្តីសង្ឃឹមតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ននេះ ៣៦ ឆ្នាំទៅហើយ ទាំងអ្នកក្រ ទាំងមន្ត្រីរាជការមួយចំនួនបានត្រឹមតែសង្ឃឹមដល់ពេលណារដ្ឋដំឡើង ប្រាក់ខែគ្រប់គ្រាន់ ពេលណាលែងក្រីក្ររហូតដល់អ្នកក្រទ្រាំរង់ចាំក្តីសង្ឃឹមលែងបានគឺ មានតែធ្វើចំណាកស្រុក។ តើពេលណាបានបញ្ឈប់ដាក់ទណ្ឌកម្មអ្នកក្រ? ប្រភពៈ ភ្នំពេញប៉ុស្តិ៍