បក្សប្រឆាំងនិងសង្គមស៊ីវិលប្រតិកម្មនឹងព័ត៌មានប្រាក់ចំណូលពីអង្គរវត្ត
តំណាងរាស្ត្របក្សប្រឆាំង និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកព័ត៌មានពីប្រាក់ចំណូលបានពីអ្នកទេសចរចូលទៅទស្សនាអង្គរ របស់អាជ្ញាធរអប្សរាថា មិនគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីតម្លាភាពក្នុងការគ្រប់គ្រងចំណូល បាននៅឡើយទេ។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរអប្សរា បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២០ ខែមករា ដោយបង្ហាញតែតួលេខពីចំនួនអ្នកទេសចរដែលទៅទស្សនាអង្គរ និងចំណូលដែលបានពីការលក់ប័ណ្ណអោយអ្នកទេសចរអន្តរជាតិប្រចាំឆ្នាំ ២០១៤ ដោយប្រៀបធៀបនឹងឆ្នាំ២០១៣។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរឆ្លងស្ពាននៃកស្សិណខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលប្រាថ្នាអោយអាជ្ញាធរអប្សរា បង្ហាញរបាយការណ៍ជាក់លាក់ ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមការងារចម្រុះគណបក្ស និងអង្គការមិនមែនរដ្ឋាភិបាល ឬពីស្ថាប័នជំនាញឯករាជ្យ។
ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរអប្សរា ចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្នុងឆ្នាំ២០១៤ មានភ្ញៀវទេសចរជាង ៥លាននាក់ (៥.០២៣.៨៨៧) ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ២លាននាក់ (២.០៥៩.៧០២) បានទៅទស្សនាអង្គរដោយទិញប័ណ្ណ ក្នុងប្រាក់ចំណូលទទួលបានជិត ៦០លានដុល្លារ (៥៩.៣៤២.០០០)។ ចំនួននេះបង្ហាញថា ភាគច្រើននៃអ្នកចូលទស្សនាអង្គរបានទិញប័ណ្ណដែលមានតម្លៃ ២០ដុល្លារ។ ទោះយ៉ាងណាប្រាក់ចំណូលនេះកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៣ ដែលមានចំនួនជិត ៥៨លានដុល្លារ (៥.៧៦៨.៦៨០)។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បន្តចាត់ទុកតួលេខដែលបង្ហាញដោយអាជ្ញាធរអប្សរាថា មានការខ្វះខាត ពុំទាន់មានតម្លាភាពពិតប្រាកដ។ លោក សុន ឆ័យ សង្ស័យពីភាពខុសគ្នាខ្លាំងរវាងតួលេខដែលអាជ្ញាធរនេះបានផ្ដល់អោយ គណៈកម្មការទី២រដ្ឋសភានៅពេលចុះសាកសួរ៖ «ក្នុងករណីបែបនេះ ដរាបណាអប្សរាមិនបង្ហាញភស្តុតាងជាក់ស្ដែងអំពីអ្នកទេសចរពិត ប្រាកដតាមរយៈឯកសារណាមួយនោះទេ ដោយគ្រាន់តែបញ្ជាក់ចំនួនពីមុនថា មានតែមួយលានប្រាំមួយសែន ឥឡូវថា កើនដល់២លានក្នុងពេលតែ ១ខែ ២ខែ ហ្នឹង មិនអាចអោយអប្សរារួចខ្លួនទេ។ ត្រូវតែមានការស្រាវជ្រាវត្រឹមត្រូវមួយ យើងត្រូវតែមានក្រុមសវនកម្មមួយ គឺយើងអាចជួលអ្នកឯកទេស ឬក៏អ្នកដែលមានជំនាញ ដើម្បីធ្វើការ និងគេចអោយផុតពីឥទ្ធិពលនយោបាយ»។
របាយការណ៍រយៈពេល ១០ខែ ក្នុងឆ្នាំ២០១៤ ដដែល របស់អាជ្ញាធរអប្សរាបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលចូលទស្សនាអង្គរ មានចំនួនប្រមាណជាង ១,៦លាននាក់ និងមានចំណូលសរុបជាង ៤៧លានដុល្លារ។
ចំណែកតំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ ហៅការបង្ហាញប្រាក់ចំណូលនេះថា ជាជំហានថ្មីមួយនៃការបើកចំហព័ត៌មាន ដែលសាធារណជនចង់ដឹង។ ប៉ុន្តែលោកថា គួរតែមានការបើកទូលាយជាងនេះបន្ថែមទៀត ដើម្បីអោយសាធារណជនជឿជាក់។ លើសពីនេះលោកថា គួរតែមានក្រុមការងារចម្រុះ ដើម្បីផ្ទៀងផ្ទាត់របាយការណ៍របស់អប្សរា។
លោក សន ជ័យ ក៏បានស្នើអោយអាជ្ញាធរអប្សរាបង្កើតប្រព័ន្ធព័ត៌មានអេឡិចត្រូនិក ដែលអាចផ្ដល់ព័ត៌មានជាប់ជាប្រចាំពីចំនួនអ្នកទេសចរ និងការចំណាយរបស់ពួកគេក្នុងការចូលទស្សនាអង្គរ៖ «ភ្ញៀវម្នាក់ មកទស្សនាប៉ុន្មានថ្ងៃ? ក្នុងមួយខែមានភ្ញៀវប៉ុន្មាន? អាចធ្វើអោយឃើញពីបច្ចុប្បន្នភាពនៃបញ្ជីឈ្មោះអ្នកទស្សនាហ្នឹង តែម្ដង ហើយពេលហ្នឹងយើងអាចគុណរកប្រាក់ចំណូលឃើញ ពេលនោះវានឹងអាចជួយរួមចំណែកដោះស្រាយការមន្ទិលសៅហ្មងពីអ្នក ឃ្លាំមើលអភិបាលកិច្ច បីបក្សប្រឆាំង ជាពិសេសគឺប្រជាពលរដ្ឋកម្ពុជា មានការទុកចិត្តលើប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីហ្នឹង ខ្ញុំជឿថា មិនពិបាកធ្វើទេនៅពេលដែលឆន្ទៈមានពិតប្រាកដ»។
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ធ្លាប់លើកឡើងថា ភ្ញៀវទេសចរដែលចូលទស្សនាអង្គរក្នុងឆ្នាំ២០១៤ មានប្រហែលជា ៣លាននាក់ ហើយភ្ញៀវភាគច្រើនទិញប័ណ្ណចូលទស្សនារយៈពេល ៣ថ្ងៃ ក្នុងតម្លៃ ៤០ដុល្លារ។ ប៉ុន្តែការអះអាងនោះត្រូវបានអាជ្ញាធរអប្សរាច្រានចោល និងចាត់ទុកជាការមួលបង្កាច់ការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្យានុភាព និងភាពត្រឹមត្រូវក្នុងការបំពេញបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា៕ ប្រភពៈ RFA