លោក ហ៊ុន សែន៖ ឱកាសវិនិយោគនៅកម្ពុជាគឺជាឱកាសមាស
នៅឯសភាពាណិជ្ជកម្មស្វីស និងនៅចំពោះមុខពាណិជ្ជករចម្រុះសាសន៍ប្រហែល១០០នាក់ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកាលពីម្សិលមិញថា នៅកម្ពុជាមាន«ឱកាសមាស»សម្រាប់វិនិយោគិនបរទេស។ ក្នុងវេទិកាវិនិយោគនោះ លោក ហ៊ុន សែន បានបង្ហាញកត្តាអំណោយផល និងគម្រោងថ្មីៗនានានៅកម្ពុជា ដែលអ្នករកស៊ី«មិនអាចមើលរំលងបាន»។
ម្សិលមិញ លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ នៅក្រុងដាវ៉ូសក្លូស្ទឺរ បានបង្ហាញនូវកត្តាអំណោយផលទាំងឡាយ និងគម្រោងថ្មីៗ ដែលកម្ពុជាមានសម្រាប់សម្រួលដល់ការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ នៅចំពោះមុខអ្នកវិនិយោគទុនប្រហែល១០០នាក់ មកពីប្រទេសស្វីស អាមេរិក អឺរ៉ុប និងអាស៊ី ក្នុងវេទិកាវិនិយោគ ដែលរៀបចំឡើងដោយសភាពណិជ្ជកម្មស្វីស លោក ហ៊ុន សែន បានអះអាងថា កម្ពុជាមាន«ឱកាសមាស»សម្រាប់វិនិយោគិនបរទេស។
យោងតាមទូរទស្សន៍ជាតិកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាប្រទេសបើកចំហ មានកម្លាំងពលកម្មវ័យក្មេងដែលស្រេកឃ្លានចំណេះដឹងខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង មានកំណើនប្រជាជនថ្នាក់កណ្តាល មានកំណើនលទ្ធភាពទិញទំនិញត្បិតចំណូល កើនឡើងលឿន មានភាពអំណោយផលពីកត្តាភូមិសាស្ត្រនយោបាយ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយសហគមន៍អន្តរជាតិ។
ប្រភពដដែលរាយការណ៍បន្តតាមសម្ដីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៀតថា «ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧,៧%ក្នុង មួយឆ្នាំ បើទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជានិងហានិភ័យជាច្រើនទាំង ក្នុង និងក្រៅប្រទេសក៏ពិតមែន» ហើយថា«កំណើននៃការវិនិយោគក្នុងឆ្នាំ២០១៤ បានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍កាន់តែច្រើនលើសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំនិង គ្រប់គ្រងប្រទេស»។
របាយការណ៍របស់ទទកបានឱ្យដឹងផងដែរថា ក្នុងអនាគតដ៏ខ្លី រដ្ឋាភិបាលកម្ពុជានឹងបញ្ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស។ ទន្ទឹមនឹងនេះដែរ សេចក្តីរាយការណ៍ពីប្រទេសស្វីសនោះបញ្ជាក់ថា កម្ពុជាដែលបាន និងកំពុងធ្វើកំណែទម្រង់ស្ថាប័ន ពង្រឹងអភិបាលកិច្ច ពង្រឹងធនធានមនុស្ស និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះ នឹងកែប្រែច្បាប់មួយចំនួនទៀតដូចជា ច្បាប់ស្តីពីការវិនយោគ និងច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងនឹងដាក់ឱ្យអនុវត្តក្របខ័ណ្ឌនៃការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។
អ្នករាយការណ៍ពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា គូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ចរាចរណ៍រូបិយប័ណ្ណបរទេសយ៉ាងទូលំទូលាយនៅកម្ពុជា និងការអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចបណ្តាក់ទុនវិនិយោគ១០០ភាគរយ នៅក្នុងប្រទេសនេះ ដោយមិនចាំបាច់មានភាគហ៊ុនក្នុងស្រុក ជាចំណុចខ្លាំងរបស់កម្ពុជា ដែលអ្នករកស៊ីធំ«មិនត្រូវមើលរំលង»ផងដែរ៕ ប្រភពៈ RFI