សមត្ថកិច្ចចុះបង្ក្រាបហាងលក់ប្រដាប់ភេទសិប្បនិម្មិត
រាជធានីភ្នំពេញ ៖ ហាងលក់ទំនិញគ្រប់មុខហុងអ៊ី និងលក់ឱសថបុរាណចិនស៊ុនអ៊ីងហួរ ដែលមានទីតាំងផ្ទះលេខ២៧២-២៧៤ ស្ថិតនៅតាមមហាវិថីហ្សាលដឺហ្គោល សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយស្ថាប័នអយ្យការ ឆែកឆេរឧបករណ៍និងសម្ភារប្រដាប់ភេទសិប្បនិម្មិត។
ការចុះឆែកឆេរហាងលក់ទំនិញនិងឱសថបុរាណចិននោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការរង ទទួលបន្ទុកជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង និងលោកវរសេនីយ៍កែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ។ កិច្ចបង្ក្រាបនេះត្រូវបានលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ឱ្យដឹងថា ហាងលក់ទំនិញនិងឱសថបុរាណចិនខាងលើនេះ សមត្ថកិច្ចជំនាញបានរកឃើញមានដាក់តាំងលក់លិង្គសិប្បនិមិ្មតបុរស និងយោនីសិប្បនិម្មិតស្ត្រី ។ ក្រៅពីនេះក៏មាននាំចូលនិងចែកចាយសម្ភារអាសអាភាស ព្រមទាំងឱសថបុរាណចិនដែលអតិថិជនយកទៅប្រើប្រាស់ធ្វើឱ្យមានកម្លាំងនិងសម្រើបផ្លូវភេទ ។
លោកឧត្តមសេនីយ៍បានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញហាងលក់ទំនិញ និងឱសថបុរាណចិនលក់សម្ភារផ្ទុយនឹងច្បាប់ហាមឃាត់នេះ លោកក៏បានធ្វើរបាយការណ៍មួយស្នើសុំទៅស្ថាប័នអយ្យការដើម្បីឆែកឆេរ និងនាំខ្លួនម្ចាស់ហាងដែលមានការពាក់ព័ន្ធយកទៅធ្វើការតាមនីតិវិធីច្បាប់។ ក្រោយពីឆែកឆេរគឺដកហូតបានសម្ភារ និងឧបករណ៍ទាំងនោះមួយចំនួន ព្រមទាំងឃាត់ខ្លួនម្ចាស់ហាងចំនួន៥នាក់ (ប្រុស៣នាក់ ស្រី២នាក់) នាំទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
លោកចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ បានអះអាងថា ហាងលក់ទំនិញ និងឱសថបុរាណចិននេះបើកលក់យូរឆ្នាំហើយ មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ កាលពីប្រមាណ២ឆ្នាំមុននេះ ហាងនោះគេដាក់តាំងលក់លិង្គសិប្បនិមិត្តបុរសម្តងដែរ ប៉ុន្តែត្រូវអាជ្ញាធររបស់លោកចុះទៅណែនាំឈប់ឱ្យលក់។ ចាប់ពីពេលនោះមក លោកក៏មិនបានដឹងថា ហាងលក់ទំនិញគ្រប់មុខហុងអ៊ី និងលក់ឱសថបុរាណចិនស៊ុនអីុងហួរ មានលក់សម្ភារឧបករណ៍ខុសច្បាប់នេះទៀតដែរ ៕
ប្រភពពី The Nation Post