រដ្ឋាភិបាលដកហូតក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចជាង ៩ ម៉ឺនហិកតាក្នុងឆ្នាំ២០១៤
ភ្នំពេញៈ នៅក្នុងឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានធ្វើការសម្រេចនិរាករណ៍ក្រុមហ៊ុនឯកជនដែលទទួលបាន ដីសម្បទានសេដ្ឋកិច្ចចំនួន ២៣ ក្នុងចំណោមក្រុមហ៊ុន ១១៣ ក្រុមហ៊ុន លើផ្ទៃដីសរុប ជាង ៩ ម៉ឺនហិកតា និង ទុកពេលឲ្យក្រុមហ៊ុនចំនួន ៤ ស្ថិតក្រោមការតាមដាន ដែលមានរយៈពេលពី ៦ ខែដល់ ១ ឆ្នាំ។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅ ទីស្តីការក្រសួងថា នៅក្នុងឆ្នាំ ២០១៤ ក្រសួងបានពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន សរុប ១១៣ ក្រុមហ៊ុន លើផ្ទៃដីសរុប ៦៤៦២៩៦,៧៥ ហិកតា និងដកហូតសិទ្ធិវិនិយោគពីក្រុមហ៊ុនចំនួន ២៣ លើផ្ទៃដីសរុប ៩០៦៨២ ហិកតា ហើយក៏មានក្រុមហ៊ុនចំនួន ៣ ដែលមានផ្ទៃដីទំហំ ២៥៨៥៥ ហិកតា បានស្ម័គ្រចិត្តប្រគល់ឲ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។ ក្រុមហ៊ុនចំនួន ២ ត្រូវបានរាជរដ្ឋាភិបាលកាត់បន្ថយទំហំផ្ទៃដីវិនិយោគ ១០ ៣៨៩ ហិកតា មកត្រឹម ២៣៥ ហិកតា និងមានក្រុមហ៊ុនចំនួន ៤ លើផ្ទៃដីសរុប ២១ ២៤១ ហិកតា ត្រូវបានរដ្ឋាភិបាលទុកពេលឲ្យពី ៦ ខែទៅ ១ ឆ្នាំ ដើម្បីស្ថិតក្រោមការតាមដាន។
លោកបានបន្តទៀតថា៖«សម្រាប់ខ្ញុំ ការសម្អាតដីសម្បទានទាំងប៉ុន្មាននេះ ក៏ជាការផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែរ ឲ្យច្បាស់ថា ដីយើងដែលមាននោះគឺមិនមានប៉ះពាល់ទៅដល់ដីប្រជាបលរដ្ឋរបស់យើង។ យើងក៏បានពិនិត្យមើលទិដ្ឋភាពច្បាប់ផងដែរទាំងកាតិព្វកិច្ចរបស់ ក្រសួងនិងកាតព្វកិច្ចរបស់អ្នកវិនិយោគ ការដកហូតមកវិញនោះគឺយើងមើលគ្រប់ជ្រុងជ្រោយដែរ»។
លោកបានបន្តថា ដីដែលបានដកមកវិញ គឺដីពីក្រុមហ៊ុនដែលវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ តំបន់សេដ្ឋកិច្ចពិសេស មណ្ឌលកម្សាន្ត និងអភិរក្សព្រៃកោងកាង ដែលស្ថិតនៅក្នុងខេត្តមួយចំនួនដូចជា កំពង់ស្ពឺ ព្រះសីហនុ កោះកុង ព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ បាត់ដំបង សៀមរាប ក្រចេះ និងខេត្តបន្ទាយមានជ័យ។
លោកបានបន្តឲ្យដឹងទៀតថា៖«ដីដែលដកហូតមកវិញគឺស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ហើយនេះគឺជាគោលដៅទី១ ដែលក្រសួងបានសម្រេចបាននៅក្នុងឆ្នាំ ២០១៤ កន្លងមក»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញនូវសេចក្តីប្រកាស ផ្អាកជាបន្ទាន់និងគ្មានកាលកំណត់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។
លោក រាជ សីម៉ា ពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលនៅតែពុំទាន់មានដំណោះស្រាយបានថ្លែងថា ចំពោះនីតិវិធីដកហូតដីពីក្រុមហ៊ុនរបស់រដ្ឋាភិបាលនោះគឺពុំបានជួយ អ្វីដល់ពួកលោកជាជនរងគ្រោះក្នុងជម្លោះដីធ្លីនោះទេ ពីព្រោះរដ្ឋាភិបាលដកហូតយកដីណាដែលគ្មានជម្លោះតែប៉ុណ្ណោះ។
លោកបន្តថា ៖«ករណីខ្ញុំមានទាំងតំណាងរាស្ត្របក្សទាំងពីរសន្យាថា នឹងដោះស្រាយឲ្យតែឥឡូវក្រុមហ៊ុនគេធ្វើរបងព័ន្ធដីជិត យើងមិនឃើញមានរដ្ឋាភិបាលចាត់វិធានណាមួយដើម្បីជួយដល់ពួកយើងពិត ប្រាកដនោះទេ»។
ចំណែកឯលោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបាន ថ្លែងឲ្យដឹងថា ចំពោះការពិនិត្យឡើងវិញរបស់ក្រសួងបរិស្ថាននោះគឺជាការល្អ ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏គួរធ្វើដែរពីព្រោះ ក្រសួងនេះក៏បានផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនផងដែរឲ្យទៅក្រុម ហ៊ុនឯកជន។
លោកបានថ្លែងថា៖ «បើតាមយើងមើលឃើញនោះគឺក្រសួងភាគច្រើនដកយកដីវិញសម្រាប់តែ ក្រុមហ៊ុនដែលធ្វើនំអត់ម្សៅ គឺក្រុមហ៊ុនទាំងនោះមកគ្រាន់តែកាប់ព្រៃឈើអស់ក៏ទុកដីនោះចោល ដូច្នេះមិនត្រឹមតែដកយកដីវិញនោះទេគឺត្រូវគិតគូរពីបញ្ហាទោស ទណ្ឌផងដែរ»។
បើយោងទៅតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ ២០១៣-២០១៤ បង្ហាញឲ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចនិងបានចុះកិច្ចសន្យាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១ ២៣០ ៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៧ ដែលនៅក្នុងនោះក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន កាន់កាប់លើផ្ទៃដីសរុបចំនួន ៦២០ ៩៨៧ ហិកតា៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍