Google គ្រោងបង្កើត Platform Android ដោយផ្ទាល់នៅលើតាបឡូឡាន
យោងតាមសារព័ត៌មាន Reuters ដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានអោយដឹងថា ក្រុមហ៊ុន Google គឺកំពុងផលិត Platform Android ជំនាន់ថ្មីមួយសម្រាប់ដំណើរការក្នុងរថយន្តដោយផ្ទាល់មិនចាំបាច់ភ្ជាប់ជាមួយ Smartphone។ កំណែប្រើថ្មីគឺជាការវិវឌ្ឈមួយជំហានទៀតចេញពី Android Auto ពីមុន។
កម្មវិធីថ្មីនេះអាចអោយអ្នកបើកបរដំណើរការអ៊ីនធឺណិត កម្មវិធី និងសេវាកម្មផ្សេងរបស់Google ដោយមិនចាំបាច់ភ្ជាប់ទូរសព្ទរបស់ពួកគេឡើយ គឺមានលក្ខណៈខុសគ្នាពី Android Auto ដែលតម្រូវអោយធ្វើការភ្ជាប់ Smartphone ទៅនឹងរថយន្តដើម្បីដំណើរការជាមួយapp និងបង្ហាញលើអេក្រង់តាបឡូឡាន។
Reuters បានបន្ថែមទៀតថា Platform ថ្មីនេះគឺផ្នែកសំខាន់មួយសម្រាប់រថយន្ត និង ផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការគ្រប់គ្រងប្រព័ន្ធកាមេរ៉ា sensors ត្រួតពិនិត្យចំណុះសាំង និងអាចដំណើរការ សេវាអ៊ីនធឺណិតរបស់Googleបានយ៉ាងងាយស្រួល។ បន្ថែមទៅទៀតនោះអាចដំណើរការតន្ត្រី ផ្ញើសារ ឆែកអ៊ីមែល បង្ហាញផែនទី និង មុខងារជាច្រើនទៀត។ ក្រុមហ៊ុន Google ក៏ទទួលមកវិញនូវព័ត៌មានពាក់ព័ន្ធនឹងទីតាំងអ្នកធ្វើដំណើរតាមប្រព័ន្ធ GPS កន្លែងចាក់សាំង ហើយយកទិន្នន័យទាំងនោះមកប្រើលើការផ្សព្វផ្សាយរបស់ខ្លួនបាន។
បើប្រៀបធៀបទៅ CarPlay platform របស់ Apple គឺមានភាពខុសគ្នាដោយ Platform ថ្មីរបស់Google មួយនេះគឺមិនចាំបាច់ភ្ជាប់ជាមួយទូរសព្ទSmartphone ទេ។ Google ទំនងនឹងដាក់អោយប្រើប្រាស់ Platform នេះប្រហែលជាមួយឆ្នាំទៀតជាមួយ Android Versoin ជំនាន់ក្រោយរបស់ខ្លួនមានឈ្មោះកូដថា Android M។
បច្ចេកវិទ្យាថ្មីនេះមិនមែនមានតែGoogleនិង Appleទេ ប៉ុន្តែក៏មានក្រុមហ៊ុនដទៃផ្សេងទៀតដូចជា QNX ជាដើមដែលបានធ្វើការប្រកួតប្រជែងទៅលើទីផ្សាររថយន្តនេះ៕