Google+ មិនឈ្នះ Facebook ទេ

12/05/2014 0 Comments A+ a-

Google Plus (Google+) ជា​​ Social Network ​មួយ​ថ្មី​ ដែល​មាន​លក្ខណៈ​ប្រើប្រាស់​ប្រហាក់ប្រហែល​នឹង ​​Facebook។​  តែ​គេ​សង្កេត​ឃើញ​ថា​​​កម្ពុជា ​បណ្តាញ​សង្គម​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ដោយ​មិន​ទទួល​បាន​ការ​កម្សាន្ត​ផុលផុស​ដូច​បណ្តាញ​សង្គម Facebook នោះ​ទេ។

Google+

ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​នេះ សុទ្ធា បុគ្គលិក​ផ្នែក​ដេគ័រ​នៅ​ក្រុមហ៊ុន HPK ប្រាប់​ថា Google Plus ហាក់​នៅ​ឆ្ងាយ​ពី​ចំណាប់អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ជាពិសេស​យុវវ័យ​ខ្មែរ។

“សូម្បី​ខ្ញុំ​ផ្ទាល់​ក៏​មិន​ធ្លាប់​ឮ​គេ​និយាយ​ពី​សេវាកម្ម​មួយ​នេះ​ដែរ​ពី​មុន​មក”។ ប៉ុន្តែ​យ៉ាង​ណា យុវជន​រូប​នេះ​ថា បើ​សេវាកម្ម​ថ្មី​មួយ​នេះ មាន​ភាព​ទាក់ទាញ​ដូច Facebook មិន​យូរ​មិន​ឆាប់​នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​មិន​ខាន។

សៀវ​ហួរ និស្សិត​សិក្សា​ផ្នែក​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ​ បញ្ញាសាស្រ្ត ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប នៅ​ពេល​ដែល Sabay សាកសួរ​ពី Google Plus។

“ខ្ញុំ​អត់​ស្គាល់​ទេ​បង​ពី Google Plus។ ខ្ញុំ​ធ្លាប់​តែ​ឮ​គេ​និយាយ​ពី Facebook ឬ​ Twitter ប៉ុន្តែ​សេវាកម្ម​សង្គម​មួយ​នេះ​ហាក់​ដូចជា​ថ្មី​សន្លាង​សម្រាប់​ខ្ញុំ”។

យុវជន​រូប​នេះ​ថា បច្ចុប្បន្ន Facebook កំពុង​តែ​វាយ​លុក​ស្រទាប់​យុវវ័យ​យ៉ាង​ខ្លាំង ហើយ​សូម្បី​តែ​សិស្ស​ក្មេងៗ​នៅ​តាម​សាលា​ជា​ច្រើន ក៏​នាំ​គ្នា​និយម​លេង​ និង​​និយាយ​តៗ​គ្នា​ពី​សេវាកម្ម​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ដែរ។ យុវជន​រូប​នេះ​ថា បើ Google Plus ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ អាច​មាន​អ្នក​ចាប់​អារម្មណ៍​ឬ​សាកល្បង​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ។

ចំណែក នីដា និស្សិត​សិក្សា​ផ្នែក​គណនេយ្យ​នៅ​វិទ្យាស្ថាន​វ៉ាន់ ដា​ គណនេយ្យ ឲ្យ​ដឹងដែរ​ថា កញ្ញា​ធ្លាប់​បង្កើត​គណនី Google Plus កាល​បើក​ដំណើរការ​​សាកល្បង​តាម​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ។

នីដា ប្រាប់​ថា ដំបូង​បង្កើត​ដោយសារ​គិត​ថា​ជា​សេវា​កម្សាន្ត​ថ្មី អាច​មាន​អ្វី​ប្លែក​ពី Facebook។ ប៉ុន្តែ​ទោះ​បី​បាន​បង្កើត​ហើយ​ក៏​ដោយ ក៏​មិន​សូវ​បាន​ចូល​លេង​ញឹកញាប់​នោះ​ដែរ ដោយសារ​មិន​សូវ​មាន​មិត្តភ័ក្កិច្រើន​និយម​លេង​ ហើយ​ណាមួយ​គិតថា​លេង​ Facebook វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

Google Plus បាន​ភ្ជាប់​មក​ជាមួយ​មុខងារពិសេស​ជា​ច្រើន​ដូចជា Hangout ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ​សេវាកម្ម​ហៅ​ជា​សំឡេង ដោយ​មិន​បាច់​មើល​ឃើញ​វីដេអូ​។ ក្រៅ​ពី​នេះ​នៅ​មាន​ចំណុច​ពិសេស​ដទៃ​ទៀត​ដែល Google Plus បាន​បំពាក់​នៅ​ក្នុង​សេវាកម្ម​ថ្មី​របស់​ខ្លួន ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់ ឲ្យ​ចូល​លេង​សេវាកម្ម​ថ្មី​របស់​ខ្លួន​កាន់​តែ​ច្រើន។

Google+ (G+ ឬ​Google Plus) សេវាកម្ម​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google មួយ​នេះ បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រមាណ ៥៤០ លាននាក់​នៅ​ជុំវិញ​ពិភពលោក។

អត្ថបទ៖ ប៊ុណ្ណារ៉ា