តុលាការបញ្ជូនឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ទៅពន្ធនាគារព្រៃស
សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន បន្ទាប់ពីការសាកសួរនៅព្រឹកនេះ ។
បន្ទាប់ចេញពីការសាកសួររបស់តុលាការ នៅព្រឹកនេះ ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តុលាការសម្រេចបញ្ជូនខ្លួនពួកគាត់ទៅពន្ធនាគារព្រៃបណ្ដោះអាសន្ន ។ ទោះយ៉ាងណា ពួកគាត់មិនបានប្រាប់ពីបទចោទដែលតុលាការបានចោទលើរូបពួកគាត់ទេ ។
ក្នុងទឹកមុខញញឹមញញែម លោកថោង ចំរើន ដែលជាឪពុកឧកញ៉ា ថោង សារ៉ាត់ ក៏បានថ្លែងសុំទោសជាសាធារណៈដល់ស្នងការរាជធានីភ្នំពេញលោក ជួន សុវណ្ណ ចំពោះអ្វីដែលពួកគាត់បានលើកឡើងកន្លងមក ។
នៅព្រឹកថ្ងៃអាទិត្យនេះ សាលាដំបូងរាជធានីភ្នំពេញបានបន្តការសាកសួរឪពុកម្តាយ ភរិយា និងប្អូនប្រុសលោកឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ។
បន្ទាប់ពីការសាកសួរ លោកស្រី ទាវ ធីតា ដែលជាភរិយានិងលោក ថោង បូណា ជាប្អូនរបស់លោក ថោង សារ៉ាត់ ត្រូវបានដោះលែង ដោយតុលាការថាមិនមានទាក់ទង នឹងអំពើឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ។
កន្លងទៅ ក្នុងសន្និសីទសារព័ត៌មាននៅផ្ទះរបស់ខ្លួន ឪពុកម្តាយលោក ថោង សារ៉ាត់ ធ្លាប់បានថ្លែងរិះគន់ជាសាធារណៈលើលោក ជួន សុវណ្ណ ជុំវិញចំណាត់ការ និងការតាមចាប់ខ្លួនកូនរបស់ពួកគេ ដោយថា កូនខ្លួនមិនមានពាក់ព័ន្ធនឹងឃាតកម្មលោកឧកញ៉ា អ៊ឹង ម៉េងជឺឡើយ ៕
ប្រភពពី vodhotnews.com
