បាញ់ប្រហារនៅ សង្កាត់ចាក់អង្រែលើ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ មានករណីបាញ់ប្រហារទៀតហើយ ក្នុងរាជធានីភ្នំពេញ បណ្តាលឲ្យយុវជនម្នាក់ ស្លាប់បាត់បង់ជីវិតពេល បញ្ជូនដល់មន្ទីរពេទ្យ រីឯបុរសម្នាក់ទៀតរងរបួសធ្ងន់ គ្រាដែលទិដ្ឋភាពនៃការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ មិន ទាន់ធ្វើឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍ បាត់ខ្លាចរអានៅឡើយនោះ។
អំពើបាញ់ប្រហារនេះ បានកើតឡើងនាវេលាម៉ោង ៧ និង២០នាទីព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤នៅក្នុងភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រជាពលរដ្ឋឃើញហេតុការណ៍ បានអះអាងថា ហេតុការ ណ៍បាញ់ប្រហារនេះ កើតចេញពីការទាស់សម្តីគ្នា។
ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងជនល្មើស បានឈរនិយាយគ្នា លុះជជែកបានមួយសន្ទុះជនល្មើសបានជិះម៉ូតូចេញបាត់។ ស្រាប់មួយសន្ទុះក៏បានជិះម៉ូតូត្រ ឡប់មកវិញ ដោយមានបក្ខពួកជិះម៉ូតូអ្នកហែហមមកជាមួយពីរម៉ូតូបន្ថែមទៀត ហើយធ្វើការបាញ់លើជនរងគ្រោះ ជាច្រើនគ្រាប់ រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន។
ជាអកុសលបក្ខពួកជនល្មើស២នាក់ ដែលជិះម៉ូតូសង់១២៥ ចាំបិតគូថពីក្រោយនោះ ត្រូវបានប្រជាពលរដ្ឋឡោម ព័ទ្ធស្ទាក់ចាប់ប្រគល់ជូនសមត្ថកិច្ច។
ស្នងការរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជន សង្ស័យពីរនាក់ ដែលប្រជាពលរដ្ឋចាប់នោះ គឺពិតជាបក្ខពួករបស់ជនល្មើសពិតប្រាកដមែន។ កម្លាំងសមត្ថកិច្ចកំ ពុងបើកការសាកសួរតាមចាប់ជនដៃដល់។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់ មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។
ទោះបីជាយ៉ាងសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្ថសញ្ញាណជនរងគ្រោះ និងជនល្មើសព្រមទាំងបក្ខពួកនៅឡើយ ទេ។ មូលហេតុនាំឲ្យឈានដល់ការបាញ់ប្រហារនេះ ក៏សមត្ថកិច្ចមិនទាន់បញ្ជាក់ផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ DAP-NEWS
