ឃាត់ខ្លួនបុរសម្នាក់ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់លើកម្មការិនី៣នាក់
រាជធានីភ្នំពេញ៖ កម្មការិនី៣នាក់ ដោយអត់ទ្រាំនឹងការប្រព្រឹត្តិរបស់បុរសម្នាក់ដែលតែងតែលួចបន្លំស្ទាបគូទរបស់ពួកនាងទាំង៣ជារឿយ ខណៈពួកនាងទៅងូតទឹកនៅបន្ទប់ទឹករួមមួយ ក្នុងផ្ទះជួលមួយកន្លែង ដោយពួកគាត់បាននាំគ្នាមកប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការប្តឹងបុរសម្នាក់នោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់។ករណីនេះ បានកើតឡើង កាលពីម៉ោង០៩យប់ថ្ងៃទី២៨ ខែធ្នូនេះ ស្ថិតនៅភូមិព្រៃខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឱ្យដឹងថា បុរសជាប់ចោទឈ្មោះ អ៊ិន កសាង អាយុ៤០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងផ្ទះជួលខាងលើ ដោយមានប្រពន្ធនិងកូនផងដែរ។ ចំណែកឯនារីរងគ្រោះទាំង៣នាក់ ១.ឈ្មោះរី រង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ដោយគាត់បាននិយាយថា បុរសនោះបានបន្លំស្ទាបគូទគាត់កាលពី៣ថ្ងៃមុន ២.ឈ្មោះពាន ផល្លា អាយុ៣០ឆ្នាំ បានបន្លំស្ទាបគាត់កាលពីវេលាម៉ោង៦ល្ងាច និង៣.ឈ្មោះហែម ស្រីវ៉ន អាយុ២០ឆ្នាំ បានបន្លំស្ទាបគូទនៅវេលាម៉ោង៦ល្ងាចដដែល។
ទោះបីជាយ៉ាងណា បុរសឈ្មោះអ៊ិន កសាង បានឆ្លើយបដិសេធគ្រប់យ៉ាង និងបានទាមទាររកភស្តុតាង។បច្ចុប្បន្នបុរសជាប់ចោទនិងនារីរងគ្រោះទាំង៣នាក់ កំពុងធ្វើការដោះស្រាយនៅក្នុងប៉ុស្តិ៍ចោមចៅ។
ប្រភពពី Free Press Magazine