អាជ្ញាធរអប្សរាប្រតិកម្មតបនឹងការរិះគន់របស់លោក សុន ឆ័យ
អាជ្ញាធរអប្សរាដែលជាស្ថាប័នថែរក្សាការពារប្រាសាទបុរាណក្នុងខេត្តសៀមរាប បានសរសេរជាលាយលក្ខណ៍អក្សរប្រតិកម្មនឹងការរិះគន់របស់លោក សុន ឆ័យ ថាកំពុងភូតកុហកសាធារណជនជុំវិញរឿងប្រាក់ចំណូលដែលបានពីការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរវត្ត។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានចុះស្រាវជ្រាវអំពីចំណូលទេសចរណ៍ ហើយសមាជិកសភាពីគណបក្សប្រឆាំងអះអាងថា គេបានរកឃើញភាពមិនប្រក្រតីជុំវិញការកេងបន្លំប្រាក់ចំណូលជាតិដែលបានពីការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរវត្ត និងការជួលដីជាច្រើនហិកតារផ្សេងទៀត។
ប្រមុខអាជ្ញាធរអប្សរាចោទប្រកាន់លោក សុន ឆ័យ ជាអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាថា កំពុងកេងយកចំណេញនយោបាយ ដោយនិយាយបំផ្លើស និងមួលបង្កាច់អាជ្ញាធរជាតិ ក៏ដូចជារដ្ឋាភិបាលខុសពីការពិត។
មន្ត្រីនៃស្ថាប័ននេះ ប្រតិកម្មថា អ្វីដែលលោក សុន ឆ័យ អះអាងជុំវិញរឿងអាជ្ញាធរអប្សរាលាក់បាំងព័ត៌មានធ្វើឱ្យបាត់ចំណូលជាតិរាប់លានដុល្លារដែលបានពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត និងការជួលដីក្នុងបុរីវប្បធម៌ទេសចរណ៍នោះ គឺជារឿងមិនពិត។
អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ប៊ុន ណារិទ្ធ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៩ ខែធ្នូ ថា ក្នុងពេលដែលគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ៩រូប ជួបប្រជុំជាមួយអាជ្ញាធរអប្សរាកាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅ គឺលោក សុន ឆ័យ ដែលជាអនុប្រធានគណៈកម្មការនេះ មិនមានឯកសារនៅក្នុងដៃជាភស្តុតាងដែលអាចសំអាងអំពីតួលេខនៃទេសចរណ៍បរទេសមកទស្សនាអង្គរទេ ហេតុអ្វីបានជាលោកហ៊ានអះអាងថា ចំណូលដែលបានពីការលក់សំបុត្រឱ្យអ្នកទេសចរបរទេសចូលទស្សនាអង្គរវត្ត ១៥០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗទៅវិញ?
លោក ប៊ុន ណារិទ្ធ បញ្ជាក់ទៀតថា នៅពេលជួបប្រជុំគឺលោក សុន ឆ័យ បានសុំឯកសារចំនួនអ្នកទេសចរបរទេសដែលចូលទស្សនាអង្គររយៈពេល ១០ខែឆ្នាំ២០១៤ ចំនួនជាង ១.៦លាននាក់ និងអាចទទួលបានចំណូលជាង ៤៧លានដុល្លារប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីក៏យកទៅគុណឃើញចំណូលខុសពីតួលេខរបស់រដ្ឋ៖«គាត់ទទួលឯកសារពីខ្ញុំទៅ គាត់ថា បានឯកសារបានទិន្នន័យល្អហើយចាំគាត់យកទៅពិចារណារួចចប់ទៅស្រាប់តែឭសូរមានប្រសាសន៍តាមវិទ្យុ តាមទូរទស្សន៍អ៊ីចឹង។ ខ្ញុំក៏ឆ្លើយតាមរបៀបហ្នឹងសិនកុំឱ្យមតិមហាជនអាចយល់ច្រឡំ»។
កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ អាជ្ញាធរអប្សរាបានសរសេរសេចក្ដីបំភ្លឺមួយដោយវាយប្រហារលោក សុន ឆ័យ ថា បាននិយាយបំផ្លើស មួលបង្កាច់ បំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ ឱ្យយល់ច្រឡំទៅលើស្ថាប័នអប្សរា និងរដ្ឋាភិបាល ថាជាអ្នកដែលធ្វើឱ្យបាត់បង់ចំណូលជាតិ។ អាជ្ញាធរអប្សរាវាយប្រហារទៀតថា អ្វីដែលលោក សុន ឆ័យ ធ្វើគឺគ្រាន់តែជាគំនុំសងសឹកផ្ទាល់ខ្លួន ដោយសាររូបគាត់ត្រូវបានអាជ្ញាធរអប្សរាធ្លាប់រឹបអូសយកដីទំហំ ៣ហិកតារ និងក៏ជាការកេងចំណេញផ្នែកនយោបាយដែរ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សុន ឆ័យ ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។ ក៏ប៉ុន្តែនៅមុនពេលដែលជួបប្រជុំជាមួយអាជ្ញាធរអប្សរា ១ថ្ងៃ លោក សុន ឆ័យ ធ្លាប់បញ្ជាក់ជំហរថា លោកនឹងធ្វើការងារដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ គឺមិនគិតពីរឿងផ្ទាល់ខ្លួនទេ៖ «ជាគោលការណ៍ខ្ញុំអត់មានបំណងយកតួនាទីទៅគិតពីរឿងផ្ទាល់ខ្លួនទេ ខ្ញុំមានបញ្ហាជាមួយអាជ្ញាធរអប្សរាមែន ប៉ុន្តែខ្ញុំគិតរឿងប្រយោជន៍ពលរដ្ឋទូទៅ»។
អាជ្ញាធរអប្សរាបញ្ជាក់ថា ក្រៅតែពីការសរសេរលិខិតប្រតិកម្មឆ្លើយតបលោក សុន ឆ័យ ពេលនេះ គេនៅមិនប្រាកដថា តើគេត្រូវមានវិធានការប្រឆាំងនឹងលោក សុន ឆ័យ ដែលបន្តុះបង្អាប់រដ្ឋាភិបាលខុសពីការពិតនោះដែរ ឬក៏យ៉ាងណាទៀតទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី