ថោង សារ៉ាត់ នៅបាត់ខ្លួន ជួនពេលឪពុក-ម្តាយបន្ទន់ជំហរសុំទោសស្នងការរាជធានី
នៅក្នុងការវិវឌ្ឍន៍ចុងក្រោយនៃសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមហាជនបាននឹងកំពុងតាមដានដោយយកចិត្តទុកដាក់នោះ សាលាដំបូងបានសម្រេចឃុំខ្លួន ម្ដាយ និង ឪពុក ជនជាប់សង្ស័យ ថោង សារ៉ាត់ ដែលរហូតមកដល់ពេលនេះជនសង្ស័យជាកូននៅរត់គេចខ្លួននៅឡើយ។
ប្រភពនៅសាលាដំបូងប្រាប់ Sabayនៅល្ងាចមិញនេះថា ដោយជាប់ចោទពីបទ លាក់អាវុធខុសច្បាប់ និង ព្យាយាមរារាំងការងារសមត្ថកិច្ច លោក ថោង ចំរើន ជាឳពុក និង អ្នកស្រីកែវ សារី ត្រូវជាម្តាយត្រូវបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរង់ចាំការជំនុំជម្រះក្ដីថ្ងៃក្រោយ។ ទោះបីយ៉ាងណា ប្អូនប្រុស និង ភរិយា របស់ជនសង្ស័យ ថោង សារ៉ាត់ ត្រូវបានដោះលែងវិញ កាលពីព្រឹកថ្ងៃទី ៧ ខែ ធ្នូ ម្សិលមិញនេះ បន្ទាប់ពីបានឃាត់ខ្លួនសាកសួរ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ចៅក្រម ស្វាយ តុច បានចេញដីកា ឃុំខ្លួន លោក ថោង ចំរើន និង អ្នកស្រី កែវ សារី បន្ទាប់ពីបានសាកសួរពេញមួយព្រឹកកាលពីថ្ងៃអាទិត្យនេះ ។
សុំទោសស្នងការក្រុង
សុំទោសស្នងការក្រុង
នៅចំពោះមុខបណ្តាញព័ត៌មាន មុនត្រូវបញ្ជូនទៅកាន់ពន្ធនាគារព្រៃ ស អ្នកស្រី កែវ សារី និង លោក ថោង ចំរើន ដែល បានថ្លែងសូមទោសឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលអ្នកទាំងពីរ បានប្រើពាក្យសម្ដីមិនគប្បី ដោយព្រមានប្តឹងផ្តល់កាលពីពេលធ្វើសន្និសីទកាសែតដំបូង។
អ្នកទាំងពីរបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា “ខ្ញុំសូមទោសទៅកាន់ឯកឧត្ដម ជួន សុវណ្ណ ខ្ញុំដឹងខុស ខ្ញុំសូមទោស ហើយដោះលែងមិនដោះលែងអាស្រ័យលើលោក”។
-អ្នកច្បាប់បញ្ចេញយោបល់
លោក មេធាវី សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ចេញយោបល់មកកាន់ Sabayថា ការសូមទោស មិនអាចធ្វើឲ្យអ្នកទាំងពីររួចទោសបានទេ ប្រសិនបើការជំនុំជម្រះរកឃើញថា ពួកគាត់មានកំហុសមែន។
« ការបន្ទន់ឥរិយាបថបែបនេះអាចជាស្ពានឆ្ពោះទៅរកស្ថានសម្រាលទោស ប៉ុន្តែ ខ្ញុំបញ្ជាក់មិនអាចរួចទោសបាននោះទេ!» លោកបន្ថែម។
« ការបន្ទន់ឥរិយាបថបែបនេះអាចជាស្ពានឆ្ពោះទៅរកស្ថានសម្រាលទោស ប៉ុន្តែ ខ្ញុំបញ្ជាក់មិនអាចរួចទោសបាននោះទេ!» លោកបន្ថែម។
ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទប្រកាន់ ឪពុក-ម្ដាយ ជនជាប់សង្ស័យ អាចជាប់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ១ លានរៀលទៅ ៦ លានរៀលតាមក្រមព្រហ្មទណ្ឌមាត្រា ៤៩០ ពីបទលាក់ទុក និង ប្រើប្រាស់អាវុធខុសច្បាប់។ លោកមេធាវី សុក សំអឿន ក៏បានលើកបន្ថែមនូវមាត្រា ៩០៦ ស្ដីពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ដែលបើកផ្លូវដល់ការផ្ដន្ទាទោសពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ពីរលានរៀល ទៅ ប្រាំមួយលានរៀល។
បណ្តាញព័ត៌មាន ស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចលើការផ្សាយព័ត៌មានមិនពិតជុំវិញការ ចាប់បានជនសង្ស័យ
ថ្ងៃសៅរ៍ម្សិលមិញនេះដែរពាក្យចចាមអារ៉ាមបានសាបព្រោះពេញទំហឹងថា សមត្ថកិច្ចឆ្មក់ចូលតំបន់មួយក្បែរ ព្រំដែនកម្ពុជា វៀតណាមដើម្បីចាប់ចង លោក ថោង សារ៉ាត់ ។ ខ្លះថាចាប់បាននៅវៀតណាម ហើយខ្លះថា ចាប់បាននៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក។
ថ្ងៃសៅរ៍ម្សិលមិញនេះដែរពាក្យចចាមអារ៉ាមបានសាបព្រោះពេញទំហឹងថា សមត្ថកិច្ចឆ្មក់ចូលតំបន់មួយក្បែរ ព្រំដែនកម្ពុជា វៀតណាមដើម្បីចាប់ចង លោក ថោង សារ៉ាត់ ។ ខ្លះថាចាប់បាននៅវៀតណាម ហើយខ្លះថា ចាប់បាននៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក។
ឧត្តមសេនីយ៍មួយរូបប្រាប់ Sabayក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការបង្កើតរឿងមិនពិតលើសំណុំរឿងកំពុងរសើបគឺស្មើនឹង ការរារំាងការងាររុករកជនជាប់សង្ស័យហើយ ហើយថាបណ្ដាញផ្សព្វផ្សាយដែលចេញការពណ៌នាដោយគ្មានប្រភព និង គ្មានការទទួលខុសត្រូវដើម្បីតែប្រយោជន៍បុគ្គល រឺ ស្ថាប័នខ្លួនកំពុងទទួលការឃ្លាំមើល។
លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ Sabay ថា រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានជនសង្ស័យ ដែលជាមេខ្លោង នៅឡើយទេ។
“ខ្ញុំអត់ដឹងព័ត៌មាននេះទេ មានគេទូរសព្ទសួរខ្ញុំដែរ! សមត្ថកិច្ចកំពុងបន្តធ្វើការ ដូច្នេះសុំទុកអោយប៉ូលិសធ្វើការ! »
លោក ឆៃ ស៊ីណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅក្រសួងមហាផ្ទៃបានបញ្ជាក់ដែរថា សមត្ថកិច្ចនៅមិនទាន់ចាប់បាន លោក ថោង សារ៉ាត់ បាននៅឡើយ ប៉ុន្តែថាសមត្ថកិច្ចកំពុងដុតដៃដុតជើងលើករណីនេះ។
លោក ឆៃ ស៊ីណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅក្រសួងមហាផ្ទៃបានបញ្ជាក់ដែរថា សមត្ថកិច្ចនៅមិនទាន់ចាប់បាន លោក ថោង សារ៉ាត់ បាននៅឡើយ ប៉ុន្តែថាសមត្ថកិច្ចកំពុងដុតដៃដុតជើងលើករណីនេះ។
លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ អះអាងភ្លាមៗប្រាប់ Sabay ពេលមានព័ត៌មានថា មានការចាប់ខ្លួនជនជាប់សង្ស័យនៅក្នុងមូលដ្ឋានរបស់លោកនោះថា កម្លាំងសមត្ថកិច្ចបានបិទច្រករបៀងតូច-ធំ រួមទាំងច្រកទ្វារអន្តរជាតិភ្នំដិនហើយថាគេនៅមិនទាន់មានតម្រុយទីតាំងដែលជនសង្ស័យអាចនឹងជ្រកកោនទេ។
មន្ត្រីនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ ក៏បាននិយាយប្រាប់ Sabay កាលពីរសៀលថ្ងៃអាទិត្យនេះដែរថា រហូតមកទល់នឹងពេលនេះ សមត្ថកិច្ច រួមទាំងកម្លាំងរាជអាវុធហត្ថពុំទាន់ចាប់ជនសង្ស័យ លោក ឧកញ៉ា ថោង សារ៉ាត់ នៅឡើយ។ លោកចាត់ទុកថា ព័ត៌មានថា ចាប់បានជនសង្ស័យ គឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា សមត្ថកិច្ចបានរាយកម្លាំងគ្រប់ទីកន្លែង គ្រប់ច្រកព្រំដែន ហើយលោកជឿថា លោក ថោង សារ៉ាត់ នៅពួនក្នុងប្រទេសកម្ពុជានៅឡើយ ដែលសមត្ថកិច្ចនឹងព្យាយាមរកឲ្យឃើញ ។
“វាមិនស្រួលទេប្អូនគេព្យាយាមលាក់ខ្លួន ឯយើងតាមចាប់ តែខ្ញុំជឿថា សមត្ថកិច្ចនឹងរកឃើញមិនខាន”។
ករណីឃាត់ខ្លួនសាកសួរភរិយា និង ប្អូនប្រុស ជនសង្ស័យសាលាដំបូងរាជធានីបានសម្រេចដោះលែង លោក ថោង បូណា ដែលត្រូវជាប្អូនប្រុសបង្កើត និង អ្នកស្រី ទាវ ធីតា ភរិយាទី២ របស់លោក ថោង សារ៉ាត់ ឲ្យមានសេរីភាព កាលពីព្រឹកមិញនេះ បន្ទាប់ពីរកឃើញថា មិនបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ។ នេះបើយោងតាមបណ្ដាញសារព័ត៌មាននានារាយការណ៍នៅថ្ងៃនេះ។
-គ្រួសារជនសង្ស័យមានប្រាក់ប្រមាណជា៨០លានដុល្លារ
ប្រភពមិនផ្លូវការមកពីក្រុមវាយតម្លៃអចលនៈវត្ថុ និង ទំហំពាណិជ្ជកម្មអះអាងប្រាប់ Sabayថាគ្រួសារលោក ថោងសារ៉ាត់ មានដីធ្លី មុខរបរអាហារ និង សំណង់ដែលមានប្រាក់សរុបលើការប៉ាន់ស្មានមិនក្រោម ៨០ លាន ដុល្លាអាមេរិកឡើយ។
ការប៉ាន់ប្រមាណនេះមិនរាប់បញ្ចូលនូវកម្មសិទ្ធិដីរួមគ្នាជាមួយអ្នកដទៃ និង ភាគហ៊ុននៅឯក្រុមហ៊ុនផ្សេងៗដែលមិនបានបញ្ចេញអោយដឹងជាសាធារណៈនោះផង។
ចំណូលសំខាន់របស់គ្រួសារនេះ គឺប៉ាតេ ៩៩៩ ដែលចរាចរណ៍ទូទំាងប្រទេស និង បានទទួលជោគជ័យជាខ្លាំង។ អ្នកស្រីកែវសារីជាអ្នកដើរតួនាទីយ៉ាងសំខាន់ និង សកម្មបំផុតលើមុខរបរនេះ។
-វាសនាអង្គរក្សទាំង ៤
សាលាដំបូងកាលថ្ងៃសុក្រសប្ដាហ៍ បានសម្រេចចោទប្រកាន់ជនសង្ស័យទាំង ៤ នាក់ ជាអង្គរក្ស ឧកញ៉ា ថោង សារ៉ាត់ ពីបទមនុស្សឃាតគិតទុកជាមុនលើឧកញ៉ា អ៊ឹង ម៉េងជឺ និង បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។ ជនសង្ស័យទាំង ៤ នាក់ រួមមាន ឈ្មោះ សៀង វាសនា ជាឃាតកដៃដល់ ឈ្មោះ លី សៅ ជាអ្នកបើកម៉ូតូឌុបឃាតក ឈ្មោះ កុយ ច័ន្ទថុល និង មាស សម្បត្តិ ជាអ្នកជិះម៉ូតូតាមពីក្រោយ។
នៅក្រៅសាលាដំបូងមេធាវីការពារជនរងគ្រោះអះអាងថា កូនក្តីលោកបានសារភាពហើយ។
