តុលាការផ្តន្ទាទោសម្ចាស់រោងពុម្ភ គឹម ឡុង ពីបទលួចម្លងកម្មសិទ្ធិបញ្ញា
រាជធានីភ្នំពេញ៖ សាលាឧទ្ទរណ៍ កាលពីថ្ងៃទី២៤ ខែធ្នូ បានប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទជាម្ចាស់រោងពុម្ភនិងបណ្ណាគារ គឹម ឡុង ដាក់ពន្ធនាគារចំនួន៦ខែ តែទោសនេះព្យូរធម្មតា បង្កាប់ឲ្យសងសំណងការខូចខាតទៅដើមបណ្តឹង និងជាជនរងគ្រោះព្រមទាំងពិន័យជាប្រាក់១០លានរៀលដាក់ចូលថវិការដ្ឋ។
ចៅក្រមសភារដ្ឋប្បវេណី នៃសាលាឧទ្ទរណ៍ លោកប្លង់ សំណាង បានប្រកាសថាជនជាប់ចោទឈ្មោះ ទ្រីម ឡុង ភេទប្រុស ជាម្ចាស់រោងពុម្ភ និងបណ្ណាគារ គឹម ឡុង ដាក់ពន្ធនាគារចំនួន៦ខែ តែទោសនេះព្យូរធម្មតា បង្កាប់ឲ្យសងសំណងការខូចខាតចំនួន៦០លានរៀលទៅដើមបណ្តឹង និងជាជនរងគ្រោះឈ្មោះ ឥន យឿន ភេទប្រុស ព្រមទាំងពិន័យជាប្រាក់១០លានរៀលដាក់ចូលថវិការដ្ឋ ពីបទលួចម្លងកម្មសិទ្ធិបញ្ញា។
លោក ឥន យឿន ដើមបណ្តឹងឧទ្ទរណ៍ និងជាជនរងគ្រោះ បានថ្លែងថា ការសម្រេចរបស់សាលាឧទ្ទរណ៍មានភាពយុត្តិធម៌ចំពោះរូបលោក ព្រោះបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ទ្រីម ឡុង ជាម្ចាស់រោងពុម្ភគឹម ឡុង ដែលបានលួចចម្លងស្នាដៃរបស់លោកចំពោះសៀវភៅ និងឯកសារច្បាប់ជាច្រើន។ ក្នុងករណីនេះជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីបានផ្តន្ទាទោសម្តងរួចមកហើយ គ្រាន់តែសម្រេចបង្គាប់ឲ្យសងសំណងប្រមាណ៤០លានរៀល តែមិនផ្តន្ទាទោសទេ។ ពេលនោះ ជនរងគ្រោះជាដើមបណ្ដឹងបានប្តឹងឧទ្ទរណ៍ប្រឆាំងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
ដើមបណ្តឹង បានបញ្ជាក់ថា សាលដីការនេះជាសារមួយដល់អ្នកលួចចម្លងសា្នដៃអ្នកដទៃទាំងឡាយ គួរឈប់ប្រព្រឹត្តអំពើនេះបន្តទៅទៀត ព្រោះនៅពេលតុលាការបានរកឃើញកំហុសអ្នកត្រូវជាប់ពន្ធនាគារ និងមានសាលក្រមផ្តន្ទាទោស។
តុលាការ បានបញ្ជាក់ឱ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ ម្ចាស់រោងពុម្ភខាងលើរងការចោទប្រកាន់ថា បានលួចចម្លងស្នាដៃសៀវភៅច្បាប់ និងឯកសារមួយចំនួនដែលជនរងគ្រោះបានយកទៅបោះពុម្ពនៅទីនោះ៕