ប្រភព២អះអាងថា កែវ ពិសី ពេញសិទ្ធិជាភរិយាលោក ឈុំ សុជាតិ
ក្រោយបែកធ្លាយព័ត៌មានស្នេហាជាមួយនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិ ហាក់ធ្វើឲ្យជីវិតស្នេហាមួយនេះ កក្រើកយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ប្រភព២ផ្សេងគ្នា បានថ្លែងគួរឲ្យទុកចិត្តថា អ្នកនាងកែវ ពិសី មិនមែនជានារីកំណាន់របស់លោកនោះទេ ប៉ុន្តែគឺជាភរិយាពេញសិទ្ធិទោះមិនបានររៀបការ ។
គ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យឯកជនមួយ ដែលអះអាងថា មានទំនាក់ទំនងជិតស្និទ្ធិជាមួយក្មួយប្រុសជីដូនមួយរបស់លោកឈុំ សុជាតិ បានអះអាងថា លោកផ្កាយ៣ឈុំ សុជាតិ បានភ្ជាប់ស្នេហាជាមួយអ្នកមេម៉ាយ កែវ ពិសេស មិនមែនទើបតែមុននឹងរឿងបែកធ្លាយនោះទេ គឺមានរយៈពេលប្រមាណជាបីឆ្នាំមកហើយ ។ ទោះមិនឮខ្ចរខ្ចាយដល់ត្រចៀកអ្នកសារព័ត៌មាន ប៉ុន្តែអ្នកទាំងពីរបានបើកចំហរទំនាក់ទំនងយូរមកហើយ តាមរយៈសកម្មភាពបណ្ដើរគ្នាទាំងក្នុង និងក្រៅប្រទេស និងការរស់នៅក្រោមដំបូលតែមួយ។
បុរសដែលអះអាងថា មានទីលំនៅក្នុងភូមិច្រាំងចំរេះរូបនោះ បានហៅអ្នកនាងកែវ ពិសីថាជាប្រពន្ធចុង និងចាត់ទុកថាអ្នកនាងជានារីទទួលសិទ្ធិជាភរិយារបស់លោកផ្កាយ៣ឈុំ សុជាតិ ដោយមិនមែនជានារីកំណាន់។ លោកនិយាយថា «តារាម្នាក់ហ្នឹង(កែវ ពិសី) ប្រពន្ធចុងមែន ប៉ុន្តែដូចតែប្រពន្ធពេញសិទ្ធិអញ្ចឹង តាំងពីឯកឧត្តមហ្នឹងលែងលះភរិយាដើម!»។ លោកថា ភរិយាដើមរបស់លោកឈុំ សុជាតិ មានកូន៣នាក់ ស្រី២ ប្រុសមួយ ដោយកូនទាំង៣ នៅទទួលបានការផ្គត់ផ្គង់ពីលោកឈុំ សុជាតិ ដែលជាឪពុកជាធម្មតា។
មិនខុសគ្នាដែរ តារាសិល្បៈជើងចាស់ម្នាក់ ដែលធ្លាប់ទាក់ទងអញ្ជើញអ្នកនាងកែវ ពិសី ឲ្យចូលរួមក្នុងមង្គលការសាច់ញាតិ បានខ្សឹបប្រាប់ថា អ្នកនាងកែវ ពិសី មិនមែនជានារីកំណាន់ចិត្តរបស់លោកឈុំ សុជាតិ ដូចការយល់ឃើញនោះទេ បើទោះជាអ្នកទាំងពីរ មិនដែលមានដំណឹងរៀបការដោយបើកចំហរ ។ អ្នកនាងលើកឡើងថា « ប្ដី(លោកឈុំ សុជាតិ) អាសីហ្នឹង លែងប្រពន្ធដាច់យូរហើយតើ! គេអត់រៀបការមែន ប៉ុន្តែអាពិសីមិនខុសពីប្ដីប្រពន្ធពេញសិទ្ធិទេ បើមិនអញ្ចឹងស្មានតាអាសី ហ៊ានបើកចំហរអ្ហី!»។ អ្នកនាងបាននិយាយសំដៅដល់ការបង្ហោះរូបលោកឈុំ សុជាតិ នៅលើFacebook ដែលអ្នកនាង កែវ ពិសី បានសម្ញ៉ែងជាសាធារណៈ ធ្វើឲ្យរឿងរ៉ាវស្នេហារបស់ខ្លួន និងមន្ត្រីពាក់ស័ក្តធំបែកធ្លាយជាចំហរ។
តារាសិល្បៈជើងចាស់រូបនេះឲ្យដឹងទៀតថា ទំនាក់ទំនងស្នេហានេះមានការដឹងឮក្នុងចង្កោមតារាសិល្បៈចាស់ៗ និងក្រុមផលិតករមួយចំនួនយូរមកហើយ ដោយគ្រាន់តែអ្នកដឹងឮ មិនហ៊ានបញ្ចេញឈ្មោះរបស់លោកឈុំ សុជាតិ ឲ្យបានចំៗប៉ុណ្ណោះ។ កន្លងមក មានប្រភពមួយបានអះអាងថា អ្នកនាងកែវ ពិសី មានកូនប្រុសម្នាក់ជាមួយលោកឈុំ សុជាតិ ដែលការពរពោះ ទំនងជាស្ថិតក្នុងដំណាក់កាល ដែលអ្នកនាងក្ស័យធនមុខជំនួញរឿងបើកភោជនីយដ្ឋាន និងគម្រោងបោះទុនដាំដុះកៅស៊ូ ។ ប៉ុន្តែផ្ទុយពីការអះអាងនេះ តារាដដែលប្រាប់ថា អ្នកនាង កែវ ពិសី មិនដែលមានដំណឹងមានកូនដូចការលើកឡើងនោះទេ គឺទោះជាមួយអតីតស្វាមីមុនក៏ដោយ ។
តារាល្បីឈ្មោះក្នុងជំនាន់អ្នកនាងកែវ ពិសី ដដែលបន្តថា «អត់ទេ តាំងពីពួកខ្ញុំទាក់ទងហៅគាត់ការប្អូន មិនដែលឮថាគាត់មានកូនអីទេ! ទោះជាខ្ញុំមិនច្បាស់ ក៏ខ្ញុំថាអាពិសីអត់មានកូនទេ បើមានមែន ប្រហែលជាមានគេនិយាយខ្លះហើយ ប៉ុន្តែអត់ដែលមានទេ!»។ យ៉ាងណាក៏ដោយ អ្នកទម្លាយព័ត៌មានបានសម្ដែងការអបអរសារទរចំពោះសំណាងរបស់អ្នកនាង កែវ ពិសី បន្ទាប់ពីអ្នកនាងត្រូវគេដឹងថា បានក្លាយជាម្ចាស់ចិត្តផ្ដាច់មុខរបស់លោកឈុំ សុជាតិ ដែលជាអ្នកនាំពាក្យដ៏ល្បីឈ្មោះប្រចាំក្រសួងការពារជាតិ ។ អ្នកនាងបានបង្ហោះរូបថតសោយសុខក្នុងវិឡាតម្លៃរាប់សែនដុល្លារ អមដោយរថយន្តRange Rover និងកម្រិតរស់នៅមិនខុសពីជំទាវ ។
អ្នកនាងកែវ ពិសី មិនអាចធ្វើការទំនាក់ទំនងបានទេ ខណៈដែលកែវ ស្រីនាងជាប្អូនស្រី ក៏មិនលើកទទួលនៅពេលខលចូល។ មិនខុសគ្នាដែរ លេខទូរស័ព្ទរបស់លោកឧត្តមសេនីយ៍ឈុំ សុជាតិ ដែលធ្លាប់ទំនាក់ទំនងបាន ក៏មិនអាចធ្វើការទាក់ទងបានដូចគ្នាក្រោយព័ត៌មានស្នេហាបែកធ្លាយ ។ យ៉ាងណាមិញ ប្រភពខាងលើបានសន្និដ្ឋានរួមគ្នាថា អ្នកនាងកែវ ពិសី និងស្វាមី ប្រហែលមិនមានចេតនាបិទបាំងទៀតទេ ទើបគេឃើញរូបលើហ្វេសប៊ុករបស់អ្នកនាងកែវ ពិសី នៅបន្តបង្ហោះរូបថតផ្អែមល្ហែមជាមួយលោកឈុំ សុជាតិ ដោយមិនមានការលុបចោល ៕ ប្រភពៈ VOD