ចំណូលយ៉ាងច្រើនពី អង្គរវត្ត ត្រូវបានគេលាក់បាំង
សៀមរាបៈ ប្រាក់ចំណូលយ៉ាងច្រើន ដែលប្រមូលបានពីភ្ញៀវទេសចរ ចូលទៅទស្សនាប្រាសាទអង្គរ និងការចំណាយផ្សេងៗនៅតែត្រូវបានគេលាក់បាំង បើទោះបីជារដ្ឋសភា បានធ្វើការសួរដេញដោលជាបន្តបន្ទាប់ ពីបញ្ហានេះក្តី។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណៈកម្មការហិរញវត្ថុ និងធនាគារនៃរដ្ឋសភា ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីប្រធានគណៈកម្មការនេះ លោក ជាម យៀប បានដឹកនាំគណៈប្រតិភូចូលជួបអាជ្ញាធរអប្សរានៅខេត្តសៀមរាប កាលពីថ្ងៃចន្ទ។
លោក សុន ឆ័យ បានប្រាប់អ្នកកាសែតថា សម្រាប់រយៈពេល ១០ ខែក្នុងឆ្នាំ ២០១៤ នេះ មានភ្ញៀវបរទេសចំនួន១ លាន៨ សែននាក់ មកលេងប្រាសាទ អង្គរវត្ត ហើយក្នុងអំឡុងរយៈពេលនេះ ចំណូលពីការលក់សំបុត្រទស្សនាប្រាសាទអង្គរវត្ត គឺមានចំនួន ៥២ លានដុល្លារ ខណៈចំណូលក្នុងឆ្នាំ ២០១៣ គឺមាន ៥៧ លានដុល្លារ ដែលឆ្នាំ ២០១៣ មានភ្ញៀវទេសចរបរទេសចំនួន ២ លាននាក់ ដែលចំនួននេះ គឺស្ថិតនៅក្នុងភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបាត់បង់ប្រាក់ចំណូល។
លោកបានបញ្ជាក់ថា សូម្បីតែក្នុងចំណោមជើងហោះហើរ ឬ ការធ្វើដំណើរដោយរថយន្តពីប្រទេស ថៃ ឬ វៀតណាម ចំនួន ៥ លាននាក់គឺមាន ៧៨ ឬ ៨០ ភាគរយ គឺទៅទស្សនាប្រាសាទអង្គរវត្ត។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញដែលលោក សុន ឆ័យ សុំលាក់ប្រភព។ ប៉ុន្តែ តួលេខពីអាជ្ញាធរអប្សរាអះអាងថា មានតែ ៣៥ ភាគរយនៃភ្ញៀវទេសចរទាំងនោះប៉ុណ្ណោះ ដែលបានទៅទស្សនាប្រាសាទអង្គរវត្ត។
លោក ឆ័យ បន្តថា៖ «ដូច្នេះ វាធ្វើឲ្យមានការភ្ញាក់ផ្អើល ដែលតួលេខរបស់អាជ្ញាធរអប្សរានិយាយថា មានតែប្រមាណ ៣៥ ភាគរយនៃភ្ញៀវទេសចរសរុបដែលមកប្រទេស ខ្មែរ បានទៅទស្សនាប្រាសាទអង្គរ។ ទីពីរ វាជាការភ្ញាក់ផ្អើលផងដែរ ដែលអាជ្ញាធរអប្សរានិយាយថា ក្រុមហ៊ុនរបស់លោក សុខ គង់ លក់សំបុត្រដោយមិនមានការដេញថ្លៃ»។
បើតាមលោក ឆ័យ ការលក់សំបុត្រ គឺមាន ៣ ប្រភេទ ប្រភេទទស្សនា ១ ថ្ងៃគឺ ២០ ដុល្លារ ៣ ថ្ងៃ៤០ ដុល្លារ និងប្រសិនបើទិញ ៦០ ដុល្លារ គឺអាចទស្សនាបាន ១ សប្តាហ៍។
អាជ្ញាធរអប្សរាបានអះអាងប្រាប់ លោក សុន ឆ័យ ថា ភ្ញៀវទេសចរចំនួន ៥៨ ភាគរយ បានទិញសំបុត្រត្រឹមតែតម្លៃ ២០ ដុល្លារ ដើម្បីចូលទស្សនា ១ ថ្ងៃ ដែលនេះគឺផ្ទុយពីអ្វីដែលលោក សុន ឆ័យ បានទទួលគឺថា ភ្ញៀវទេសចររហូតទៅដល់ ៦៥ ភាគរយបានទិញសំបុត្រប្រភេទ ៤០ ដុល្លារ។
លោក ឆ័យ បានថ្លែងថា៖ «ខ្ញុំបានបញ្ជាក់នៅចំពោះមុខអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ ថា តួលេខដែលគាត់ផ្តល់ឲ្យ យើងមិនអាចទទួលយកបានទេ។ វាត្រូវតែមានការស៊ើបអង្កេតសមស្របមួយ»។
លោក ឆ័យ បានស្នើសុំឯកសារភ័ស្តុតាងនៃភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទ អង្គរវត្តដូចជា បញ្ជីឈ្មោះ រូបថត ប៉ុន្តែអាជ្ញាធរអប្សរា បាននិយាយថា ភ័ស្តុតាងទាំងនេះ ត្រូវបានគេលុបចោលអស់ហើយ។
លោក ឆ័យ ដែលតែងតែមិនសុខចិត្ត ចំពោះការប្រគល់ទីតាំងតំបន់អង្គរដ៏ល្បីល្បាញទៅឲ្យក្រុមហ៊ុន សុខា របស់លោក ឧកញ៉ា សុខ គង់ ជាអ្នកប្រមូលប្រាក់ដោយពុំមានការដេញថ្លៃប្រកួតប្រជែងនោះបាន ថ្លែងថា កិច្ចការរបស់អាជ្ញាធរអប្សរា គឺពាក់ព័ន្ធនឹងមន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់ «ដូច្នេះ វាពិបាកស្វែងរកការពិតនៃភាពមិនប្រក្រតីនេះ»។
លោក ឆ័យ បានថ្លែងបន្តថា៖ «ដូច្នេះ វាចាំបាច់ ត្រូវឲ្យលោកនាយករដ្ឋមន្រ្តីមានវិធានការ។ ប្រសិនបើមិនមានការសម្រេចពីលោកនាយករដ្ឋមន្រ្តី វាពិបាកធ្វើការងារនេះណាស់»។
ទន្ទឹមនេះ លោក ឆ័យ ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរអប្សរា បានជួលដីទំហំ ២៣ ហិកតា នៅក្នុងតំបន់របស់អាជ្ញាធរអប្សរាទៅឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ រួចហើយ ក្នុងតម្លៃ ៩,៦ លានដុល្លារក្នុងរយៈពេល ៧០ ឆ្នាំ។
លោកបន្តថា៖ «ដូច្នេះ សូមយើងគិត…ដី ២៣ ហិកតា ក្នុងតំបន់ទេសចរ ដែលតម្លៃដី មិនតិចជាងពី ៣០០ ទៅ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គាត់ជួលតែតម្លៃ ៩,៦ លានដុល្លារក្នុងរយៈពេល ៧០ ឆ្នាំ។ វាតិចណាស់។ នេះពិតជាមានបញ្ហាពាក់ព័ន្ធដែលអ្នកខ្លះនិយាយថា មានមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ជាម្ចាស់ភាគហ៊ុន។ នេះត្រូវតែមានការស៊ើបអង្កេតថា តើនរណាពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនរបស់លោក សុខ គង់»។
បើតាមលោកឆ័យ គណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភានឹងរាយការណ៍ទៅប្រធានសភា លោក ហេង សំរិន ដើម្បីស្នើសុំកោះហៅមន្រ្តីពាក់ព័ន្ធមកបំភ្លឺ និងបង្កើតគណៈកម្មការមួយផងដែរ ដើម្បីស៊ើបអង្កេតរកការពិត។
លោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពី ថ្ងៃចន្ទ។ ប៉ុន្តែអាជ្ញាធរអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានប្រាប់អំពី កិច្ចប្រជុំជាមួយគណៈប្រតិភូនៃគណៈកម្មការហិរញ្ញវត្ថុនិងធនាគារនៃ រដ្ឋសភា ដែលដឹកនាំដោយប្រធានគណៈកម្មការ លោក ជាម យៀប។
ទោះយ៉ាងណាក្តី អាជ្ញាធរអប្សរាមិនបានផ្តល់តួលេខច្បាស់លាស់និងការពន្យល់លម្អិតនោះ ទេ គ្រាន់តែបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងអង្គប្រជុំ គឺដើម្បីដឹងស៊ីជម្រៅអំពីការអភិរក្សអង្គរ ហើយផ្តោតទៅលើប្រធានបទបី រួមមាន ទីមួយ ការជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ ទីពីរ ការអភិវឌ្ឍនិងការរៀបចំរចនាសម្ព័ន្ធ រវាងរមណីយដ្ឋានអង្គរ និងការប្រើប្រាស់ដីក្នុងតំបន់ការពារទីមួយ និងតំបន់ការពារទីពីរ នៃរមណីយដ្ឋានអង្គរ និង ទីបី ការគ្រប់គ្រងចំណូលនិងការចំណាយដទៃៗទៀត ដែលអាជ្ញាធរអប្សរាបានទទួល ជាពិសេសចំណូលទទួលបានពីភ្ញៀវទេសចរដែលចូលទៅទស្សនារមណីយដ្ឋានអង្គរ ។
សេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថា៖ «ចំពោះករណីនេះ អាជ្ញាធរអប្សរា បានពន្យល់លម្អិតសម្រាប់គណៈប្រតិភូនៃគណៈកម្មការហិរញ្ញវត្ថុ ធនាគារនិងសវនកម្មរបស់សភា និងក៏បានផ្តល់ឯកសារនៃការលក់សំបុត្រទស្សនាប្រាសាទអង្គរសម្រាប់ ឆ្នាំ ២០១០-២០១១- ២០១២- ២០១៣ និងនៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៤» នេះ។
លោក ព្រាប កុល នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា ការខ្វះ «ប្រព័ន្ធគណនេយ្យសមស្របនិងអាចផ្ទៀងផ្ទាត់បាន រួមជាមួយនឹងការខ្វះតម្លាភាពក្នុងការគ្រប់គ្រងចំណូល ដែលបានមកពីតម្លៃចូលទស្សនាប្រាសាទអង្គរវត្ត បង្កើតឲ្យមានការមន្ទិលសង្ស័យអំពីភាពមិនប្រក្រតី»។
លោកបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហានេះ វាត្រូវការឲ្យមានប្រព័ន្ធកត់ត្រាច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន ជាពិសេសប្រព័ន្ធស្វ័យប្រវត្តិ រួមជាមួយនឹងការបង្ហាញព័ត៌មានជាទៀងទាត់ អំពីចំណូល និងចំនួនភ្ញៀវទេសចរ ដែលចូលទៅតំបន់អង្គរ»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍