អាមេរិកនិងអារ៉ាប៊ីសាអូឌីតស្ថិតនៅពីក្រោយការធ្លាក់ចុះតម្លៃប្រេង ដែលអាចផ្តួលរំលំរបបដឹកនាំនៅរុស្ស៊ី និងអ៊ីរ៉ង់
ពីរុស្ស៊ីរហូតដល់អាមេរិក និងពីស្កុតឡែនរហូតដល់មជ្ឈិមបូព៌ា ការធ្លាក់ចុះតម្លៃប្រេងជិតពាក់កណ្តាលដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេល ៦ ខែមកនេះ បានញ៉ាំងឲ្យមានវិបត្តិសេដ្ឋកិច្ច ដែលគំរាមកំហែងផ្លាស់ប្តូរតុល្យការអំណាចសកលលោកនៅក្នុងរបៀបដ៏គួរឲ្យកត់សម្គាល់មួយ។
ខណៈដែលរុស្ស៊ីរកកល់នឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះ អាមេរិក និងអារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងប្រើប្រាស់ទីផ្សារប្រេងដែលកំពុងធ្លាក់ថ្លៃនេះដើម្បីបង្កមហន្តរាយលើសត្រូវរបស់ខ្លួនដូចជាអ៊ីរ៉ង់ជាដើម។ ផលវិបាកនៃការធ្លាក់ថ្លៃប្រេងនេះក៏កំពុងជះឥទ្ធិពលមកកៀកនឹងអាមេរិកវិញផងដែរ ដោយឧស្សាហកម្មប្រេងនៅតំបន់សមុទ្រខាងជើង (North Sea) ត្រូវបានចាត់ទុកថាកំពុងរកកល់នឹងរលំហើយ។
ដំណឹងល្អគឺថាវាមានតម្លៃថោកជាងមុនក្នុងការចាក់សាំងបំពេញរថយន្តរបស់អ្នក ប៉ុន្តែវាមានន័យយ៉ាងដូចម្តេចចំពោះសន្តិសុខជាតិរបស់អង់គ្លេស? នេះគឺ អ្នកនិពន្ធផ្នែកថាមពលរបស់ទស្សនាវដ្តី Economist លោក EDWARD LUCAS ផ្តល់ជូននូវអនុសាសន៍សាមញ្ញមួយក្នុងខណៈពេលកំពុងមានចលាចលដ៏ជ្រាលជ្រៅនេះ។
– រុស្ស៊ីកំពុងជិតដួលរលំសេដ្ឋកិច្ច
ពិភពលោកបានស៊ាំចំពោះលោកវ្ល៉ាឌីមៀរ ពូទីនទៅហើយ ដែលចូលចិត្តនិយាយសំញែងខ្លាំងៗអំពីភាពរុងរឿងនៃរុស្ស៊ីសម័យទំនើប។ សន្និសីទកាសែតរយៈពេលបីម៉ោងរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ដែលប្តូរទៅនិយាយពន្លើស និងបោកប្រាស់ខណៈគាត់បង្វែរសំណួរអំពីសេដ្ឋកិច្ចដ៏ដុនដាបរបស់ប្រទេសគាត់នោះ គឺគ្មានអ្វីប្លែកនោះទេ។
ដោយតិះដៀលប្រឆាំងនឹងទណ្ឌកម្មដាក់ចេញដោយ EU និង អាមេរិកដើម្បីឆ្លើយតបចំពោះការដាក់ចូលជាឧបសម្ព័ន្ធនៃតំបន់គ្រីមេនោះ លោកពូទីនបានធ្វើការព្រមានយ៉ាងងងឹតងងុលប្រឆាំងនឹងការដាក់ច្រវ៉ាក់ខ្លាឃ្មុំរុស្ស៊ី និងបានបញ្ចេញ “ចង្កូម និងក្រញ៉ាំ” របស់ខ្លួនចេញមក។
ទោះយ៉ាងណា អំឡុងទស្សនកិច្ចថ្មីៗនេះទៅប្រទេសតួកគី លោកត្រូវបានបង្ខំឲ្យសម្របយកនូវការបញ្ចេញសម្លេងខុសប្លែកមួយទាំងស្រុង ដោយប្រកាសក្នុងពាក្យសម្តីដ៏រំជើបរំជួល និងគំរោះគំរើយថា បំពង់បង្ហូរឧស្ម័ននៅតំបន់ South Stream ថ្មីដ៏មានតម្លៃរបស់ប្រទេសលោកភ្ជាប់ទៅកាន់ទ្វីបអឺរ៉ុបនឹងមិនបន្តដំណើរការនោះទេ។
បំពង់បង្ហូរឧស្ម័នតម្លៃ ២៥ ពាន់លានផោនឆ្លងកាត់សមុទ្រខ្មៅ និង តំបន់បាល់កង់អាចនឹងផ្តល់ឲ្យរដ្ឋាភិបាលវិមានក្រឹមឡាំងនូវការត្រួតត្រាដ៏តឹងរឹងលើការផ្គត់ផ្គង់ថាមពលដល់ប្រទេសអឺរ៉ុបមួយចំនួនធំដូចជា អ៊ីតាលី ប៊ុលហ្គារី សែប៊ី ក្រូអាស៊ី ស្លូវ៉ានី ហុងគ្រី និងអូទ្រីស។
វាក៏នឹងអាចបង្ហាញផងដែរអំពីឧត្តមភាពរបស់រុស្ស៊ីលើសហភាពអឺរ៉ុប ដែលបានសម្រេចថាផែនការបំពង់បង្ហូរប្រេងនិងឧស្ម័ននោះគឺខុសច្បាប់។ (សេចក្តីសម្រេចរបស់ទីផ្សារថាមពលអឺរ៉ុប ដែលគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អង់គ្លេស ចែងថា ក្រុមហ៊ុនដដែលមិនអាចមានកម្មសិទ្ធិទាំងលើបំពង់បង្ហូរប្រេង និងឧស្ម័ន ដែលរត់ឆ្លងកាត់ខ្លួន (អឺរ៉ុប) បានទេ ព្រោះវានឹងផ្តល់ឲ្យពួកគេនូវការត្រួតត្រាច្រើនពេកលើការផ្គត់ផ្គង់ និងការកំណត់តម្លៃ)។ ប៉ុន្តែលោកពូទីនបានសម្រេចចិត្តត្រូវតែដាក់ខ្លួនជាងមុនបន្តិច និងបានលុបចោលគម្រោងការទាំងមូលចោល។
ហេតុអ្វី? ការធ្លាក់ចុះនៃតម្លៃប្រេងទូទាំងពិភពលោកប្រហែលជិតពាក់កណ្តាលតាំងពីខែមិថុនា កំពុងតែធ្វើឲ្យលុយរបស់វិមានក្រឹមឡាំងកាន់តែអស់បន្តិចម្តងៗ។ ក្នុងនាមជាប្រទេសផលិតប្រេងធំបំផុតទីបីក្នុងពិភពលោក រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើតម្លៃដែលមាននិន្នាការកើនឡើងខ្ពស់ ដោយវាបានជួយរកចំណូលថវិកាជាតិរបស់ខ្លួនជាងពាក់កណ្តាលពីការទាញយកប្រេង និងឧស្ម័ន។
ពួកកេងប្រវ័ញ្ចធនធានរដ្ឋក្នុងវិមានក្រឹមឡាំងពឹងផ្អែកលើការនាំចេញប្រេង និងឧស្ម័នដើម្បីទ្រទ្រង់ការិយាធិបតេយ្យដែលពោរពេញដោយការកិបកេង និងការស៊ីសំណូករបស់រុស្ស៊ី ក៏ដូចជាការបំពានគ្មានធម៌មេត្តារបស់ខ្លួនប្រឆាំងនឹងបណ្តាប្រទេសផ្សេងៗ។
ប៉ុន្តែតម្លៃប្រេងក្នុងមួយបារ៉ែលបានធ្លាក់ថ្លៃទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំមកនេះមកនៅត្រឹម ៥៨,៥០ ដុល្លារកាលពីសប្តាហ៍មុន ហើយបើទោះបីជាវារាងឡើងថ្លៃបន្តិចក្តី ក៏វានៅតែនៅទាបខ្លាំងណាស់ដើម្បីរក្សាឲ្យរបបដឹកនាំរបស់លោកពូទីននៅបន្តដំណើរការទៅមុខពេញមួយទំហឹង ជាពិសេសនៅពេលលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
គ្មានអ្វីត្រូវឆ្ងល់ទេ តម្លៃរូបិយវត្ថុ រូប្លិ៍ បានហើមខ្លាំង ដោយបង្កឲ្យមានការទិញលុយបរទេសយ៉ាងចលាចលនៅក្នុងប្រទេសរុស្ស៊ី ការហូរចេញលុយពីប្រទេស និងសូម្បីការតម្លៃអត្រាការប្រាក់រហូតដល់ ១៧ ភាគរយក្នុងបំណងបញ្ឈប់កុំឲ្យលុយរុស្ស៊ីធ្លាក់ថ្លៃខ្លាំងបន្ថែមទៀត។ ដូច្នេះ ទាំងនេះគឺជាខណៈពេលដ៏អាក្រក់បំផុតសម្រាប់រុស្ស៊ី ជាទីដែលគ្មាននរណាម្នាក់អាចបំភ្លេចបានឡើយថា តម្លៃប្រេងទាបបានធ្វើឲ្យដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ដោយធ្វើឲ្យហិនហោចសេដ្ឋកិច្ចរបស់ខ្លួននោះ។ សព្វថ្ងៃ កត្តាទាំងនេះអាចនឹងនាំមកនូវទីបញ្ចប់ចំពោះការប៉ុនប៉ងរបស់លោកពូទីនក្នុងការបង្កើតចក្រភពសូវៀតឡើងវិញ។
លោកបានដាក់ចេញផែនការចំណាយរបស់ខ្លួនទាំងខ្វះគតិបណ្ឌិតសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ ផ្អែកលើតម្លៃប្រេងរង្វង់ ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលឥឡូវមើលទៅដូចជាសុទិដិ្ឋនិយមខ្លាំងពេកណាស់។ ប៉ុន្តែបើទោះបីជាវិមានក្រឹមឡាំងកំពុងចុះខ្សោយក្តី ក៏យើងមិនគួរនាំគ្នារីករាយនៅឡើយដែរ។ ព្រោះមានគ្រោះថ្នាក់មួយដែលមេដឹកនាំកាន់អំណាចមូលរបស់រុស្ស៊ីរូបនេះអាចនឹងធ្វើការវាយប្រហារខាងយោធា និងទប់ស្កាត់ប្រជាជនដែលពិបាកធ្វើការគាបសង្កត់ស្រាប់របស់គាត់ជាមួយនឹងចំណាត់ការគោលនយោបាយបរទេសមួយផ្សេងទៀតក្នុងបំណងធ្វើឲ្យអង្គការណាតូអាម៉ាសមុខនៅតំបន់អឺរ៉ុប។
ជាមួយនឹងគំនិតនេះនៅក្នុងចិត្ត អ្នកខ្លះមានអារម្មណ៍ថា ឥឡូវនេះគឺជាពេលវេលាត្រូវធ្វើអ្វីស្រួលៗជាមួយលោកពូទីនហើយ។ លោកពូទីនបានរៀននូវមេរៀនដ៏លំបាកមួយពីឧប្បត្តិហេតុនេះជាមួយនឹងតថភាពពិតជាក់ស្តែងហើយ ដូច្នេះយើងមិនគួររុញគាត់ខ្លាំងពេកនោះទេ ពុំនោះទេជម្លោះច្បាស់ជាកើតឡើងជាមិនខាន។ ផ្ទុយមកវិញ យើងគួរតែផ្តល់កិច្ចព្រមព្រៀងទុកមុខមាត់មួយឲ្យគាត់ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន, ផ្តល់នូវការដកទណ្ឌកម្ម និងទប់ស្កាត់សេដ្ឋកិច្ចរុស្ស៊ីកុំឲ្យរំកិលទៅដល់មាត់ជ្រោះ។
ខ្ញុំមិនឯកភាពនោះទេ។ លោកពូទីនមិនចង់បានកិច្ចព្រមព្រៀងជាមួយលោកខាងលិចនោះទេ។ លោកចង់សរសេរឡើងវិញនូវច្បាប់សន្តិសុខរបស់អឺរ៉ុប។ ទាល់តែយើងទទួលស្គាល់ថាប្រទេសជាច្រើនដូចជាអ៊ុយក្រែនជាដើមត្រូវតែប្រគល់ឲ្យរុស្ស៊ីគ្រប់គ្រង ទើបពួករឹងរូសនៃវិមានក្រឹមឡាំងសប្បាយចិត្ត។
នេះគឺជាសម្បទានដែលយើងមិនអាច និងមិនគួរធ្វើឡើយ។ ប្រសិនបើយើងសុខចិត្តប្រគល់អ៊ុយក្រែនឲ្យរុស្ស៊ីគ្រប់គ្រង អ៊ីចឹងដូចជាយើងឲ្យសញ្ញាថា អនុភាពរបស់រុស្ស៊ីគឺពិតជាខ្លាំងមែនហើយ។ តើមានអ្វីកើតឡើង នៅពេលលោកពូទីនព្យាយាមប្រើល្បិចរបស់គាត់លើប្រទេសផ្សេងមួយទៀត ជាពិសេសសម្ព័ន្ធមិត្តណាតូរបស់យើង (អង់គ្លេស) នៅបណ្តារដ្ឋក្នុងតំបន់បាល់ទិក? ប្រភពៈ CEN