ប៉ុស្តិ៍ទូរទស្សន៍ទាំងអស់នឹងតម្រូវឲ្យចាក់ភាពយន្តខ្មែរ
ក្នុងអំឡុងកិច្ចប្រជុំជាមួយក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ តំណាងប៉ុស្តិ៍ទូរទស្សន៍នានាបានយល់ព្រមចាក់ផ្សាយភាពយន្តខ្មែរនិងកម្មវិធីខ្មែរ រួមទាំងល្ខោន ព័ត៌មាន ឬកម្មវិធីល្បែងកម្សាន្ត ពីម៉ោង ៧យប់ ដល់ម៉ោង ៨យប់ជារៀងរាល់ថ្ងៃ។
ចំណាត់ការនេះ រំពឹងថា នឹងកាត់បន្ថយភាពផ្តាច់មុខនៃការចាក់កម្មវិធីនិងភាពយន្តបរទេសលើកម្មវិធីទូរទស្សន៍កម្ពុជា ខណៈការចាក់ផ្សាយកម្មវិធីនិងភាពយន្តបរទេសដូចជា មកពីប្រទេសចិន ថៃ និងហ្វីលីពីន បានកើនឡើងដោយសារតែការចំណាយថោកជាង។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការមានកម្មវិធីខ្មែរនៅម៉ោងសំខាន់នឹងផ្តល់អំណាចដល់ផលិតករក្នុងស្រុកនិងសិល្បករក្នុងការបង្ហាញជំនាញពួកគេទៅប្រទេសដទៃៗ»។
បើតាមទូរទស្សន៍មួយចំនួន ការលៃលកម៉ោងសំខាន់មួយម៉ោងនេះ នឹងនាំឲ្យប៉ុស្តិ៍ទូរទស្សន៍របស់ពួកគេ ខាតបង់ហិរញ្ញវត្ថុ ប៉ុន្តែផលចំណេញសម្រាប់ឧស្សាហកម្មកម្សាន្តគឺមានតម្លៃ។
លោកស្រី ទូច បុប្ផា ប្រធានផ្នែកកម្មវិធីនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានថ្លែងថា៖ «ពួកយើងជាច្រើនដឹងថា យើងនឹងខាតបង់ប្រាក់ចំណូលមួយចំនួន ដោយសារតែវាស្ថិតនៅក្នុងអំឡុងម៉ោងដែលមានប្រជាប្រិយភាព ប៉ុន្តែយើងរីករាយនឹងធ្វើវាពីព្រោះវាល្អសម្រាប់ប្រទេសរបស់យើង»។
កាលខែមុន រដ្ឋាភិបាលកម្ពុជាបានបែរការផ្តោតរបស់ខ្លួនទៅលើការជំរុញបង្កើតកម្មវិធីនិងភាពយន្តក្នុងស្រុក។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យមានការបង្កើតមូលនិធិគាំទ្រភាពយន្តខ្មែរ មហោស្រព និងការអភិវឌ្ឍសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានជួបប្រជុំគ្នាផងដែរកាលម្សិលមិញ ដើម្បីពិភាក្សាអំពីលទ្ធភាពលើកលែងពន្ធមួយរយៈសម្រាប់ភាពយន្តក្នុងស្រុក។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានថ្លែងថា៖ «យើងនៅតែត្រូវរាយការណ៍ទៅសម្តេចនាយករដ្ឋមន្រ្តី ប៉ុន្តែយើងមានកិច្ចប្រជុំមួយរួចហើយ ហើយយើងបានទទួលនូវលទ្ធផលល្អមួយចំនួន»។
ក្រសួងនិងស្ថានីយទូរទស្សន៍មិនទាន់ឯកភាពគ្នាអំពីកាលបរិច្ឆេទថាតើពេលណា នឹងត្រូវចាប់ផ្តើមចាក់បញ្ចាំងភាពយន្តខ្មែរនោះទេ ប៉ុន្តែលោក អ៊ុក គឹមសេង អ្នកប្រឹក្សានៅក្រសួងព័ត៌មាន បានថ្លែងថា វាគួរតែក្នុងរយៈពេលពីរបីខែខាងមុខនេះ។
បច្ចុប្បន្ន ទូរទស្សន៍ក្នុងស្រុកស្ទើរតែទាំងអស់ បានចាក់បញ្ចាំងភាពយន្តរឿងភាគចិន កូរ៉េខាងត្បូង ថៃ ហ្វីលីពីនឥណ្ឌានិងភាពយន្តមកពីប្រទេសមួយចំនួនទៀតខណៈភាពយន្តខ្មែរមិនសូវឃើញមានចាក់បញ្ចាំងឬចាក់បញ្ចាំងតែនៅម៉ោងដែលមិនពេញនិយមប៉ុណ្ណោះ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍