ចិនបដិសេធគ្មានពាក់ព័ន្ធនឹងការដាច់អ៊ីនធ័រនែតនៅកូរ៉េខាងជើង
ទើបតែនៅព្រឹកថ្ងៃអង្គារទី ២៣ធ្នូនេះទេ ដែលកូរ៉េខាងជើង អាចមានបណ្តាញអ៊ីនធ័រនែតប្រើឡើងវិញបាន។ ម្សិលមិញ រយៈពេល៩ម៉ោងកន្លះ អ៊ីនធ័រនែតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅពេញផ្ទៃកូរ៉េខាងជើង។ គ្មានការពន្យល់អំពីមូលហេតុនៃដាច់អ៊ីនធ័រនែត ដែលកើតឡើងជួនចំពេលកូរ៉េខាងជើងកំពុងជាប់ចោទសហរដ្ឋអាមេរិក ក្នុងរឿងចោរព័ត៌មានវិទ្យាវាយប្រហារក្រុមហ៊ុន Sony pictures ។ ចំណែកឯចិនដែលជាអ្នកផ្គត់ផ្គង់បណ្តាញអ៊ិនធ័រនែតឱ្យកូរ៉េខាងជើង បានបដិសេធថាគ្មានពាក់ព័ន្ធនឹងបញ្ហានេះទេ។
ប្រព័ន្ធអ៊ីនធ័រនែត នៅកូរ៉េខាងជើង មិនដែលដើរស្រួលទេ ! ភាពរអាក់រអួល ការដាច់ មួយភ្លែតៗ តែងកើតមានជាញឹកញយ ប៉ុន្តែនៅថ្ងៃចន្ទទី ២២ធ្នូម្សិលមិញ ប្រព័ន្ធអ៊ីនធ័រនែតកូរ៉េខាងជើង ត្រូវគាំង ដាច់ស្ទើរតែស្រុង ក្នុងរយៈពេល៩ម៉ោងកន្លះ ! គឺមិនដែលធ្លាប់មានពី មុនមកទេ។
មូលហេតុនៃការដាច់អ៊ីនធ័រនែត អាចមានច្រើនយ៉ាង ព្រោះចិនផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យានេះ មកឱ្យកូរ៉េខាងជើង ក្នុងកំរិតទាបបំផុត។ ពលរដ្ឋកូរ៉េខាងជើងភាគច្រើន អាចប្រើបានតែប្រព័ន្ធអ៊ីនធ័រនែតផ្ទៃក្នុង ដែលអាជ្ញាធរត្រួតត្រាបានទាំងស្រុង។ មានតែឥស្សរជន ថ្នាក់ដឹកនាំសំខាន់ៗ ឬក្រុមចោរព័ត៌មានវិទ្យាផ្លូវការប៉ុណ្ណោះដែលអាចមានសេរីភាពប្រើ អ៊ីនធ័រនែតបាន ដូច្នេះការកំណត់មូលហេតុនៃការដាច់ប្រព័ន្ធអាចលំបាកខ្លាំង ៖ អាចបណ្តាលមកពីពួកចោរព័ត៌មានវិទ្យាឯករាជ្យ អាចមកពីចិន ឬអាចជាចេតនារបស់កូរ៉េខាងជើងផ្ទាល់ ដើម្បីការពារការសងសឹកពីអាមេរិក។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងកូរ៉េខាងជើងនិងអាមេរិកបានឡើងខ្លាំងស្ទើរដល់កំពូល បន្ទាប់ពីមានការវាយប្រហារលួចព័ត៌មានពីសំណាក់ចោរអ៊ីនធ័រនែត ដែលបើតាមអាមេរិក គឺគ្មាននរណាក្រៅពីរបបព្យុងយ៉ាងឡើយ។ អាមេរិកបានព្រមានសងសឹក មិនអនុគ្រោះឱ្យកូរ៉េខាងជើង និងបានស្នើសុំជំនួយពីចិនក្នុងការប្រយុទ្ធប្រឆាំងនឹងចោរ ព័ត៌មានវិទ្យា។
ហេតុដូច្នេះហើយបាននៅព្រឹកថ្ងៃអង្គារនេះ អ្នកនាំពាក្យចិន បានធ្វើសន្និសីទកាសែត ច្រានចោលភ្លាម ព័ត៌មានរអេចរអូច ដោយបញ្ជាក់ថាចិនគ្មានពាក់ព័ន្ធនឹងការដាច់អ៊ីនធ័រនែតនៅ កូរ៉េខាងជើង និងបានអំពាវនាវឱ្យអាមេរិកនិងកូរ៉េខាងជើង ពិភាក្សារួមគ្នា លើប្រធានបទ ការវាយប្រហារតាមអ៊ីនធ័រនែត។ ចំណែកសេតវិមានវិញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញ ការដាច់អ៊ីនធ័រនែតនៅកូរ៉េខាងជើងនេះ៕ ប្រភពៈ RFI