ស្ដ្រីមេម៉ាយវ័យ ៤០ឆ្នាំ មានកូន ៧នាក់ គ្មានផ្ទះសម្បែង មានជីវភាពក្រីក្រ បានបង្ខំកូន ឲ្យទៅនៅជាមួយគេ

12/09/2014 0 Comments A+ a-

ព្រះវិហារ ៖ មានកត្ដាជាច្រើន ដែលបង្ខំឲ្យស្ដ្រីមេម៉ាយទីទាល់ក្រ គ្មានផ្ទះសម្បែង វ័យ ៤០ឆ្នាំ រស់នៅចិញ្ចឹមជីវិតដោយ សារការលាងចាន ឆ្នាំង ជាអ្នកបម្រើនៅភោជនីយដ្ឋានតូចមួយ នៅម្ដុំផ្សារស្រអែម បានបង្ខិតបង្ខំកូន របស់ខ្លួន នៅ ពេលថ្មីៗនេះ ឲ្យទៅនៅជាមួយអ្នកដទៃ ហើយបណ្ដាលឲ្យកូនតូចៗទាំង ៥នាក់ មានការភិតភ័យយ៉ាងខ្លាំង ។
ទាំងនេះ គឺដោយសារតែជីវភាពរបស់គាត់ កាន់តែដុនដាប់ទៅៗ និងគ្មានលទ្ធភាពចិញ្ចឹមកូន ហើយបានសម្រេចចិត្ត ចង់ឲ្យកូនៗអាយុក្រោម និងជាង ១០ឆ្នាំរបស់ខ្លួន ៥នាក់ ឲ្យទៅនៅជាមួយគេឯង ដែលពួកកូនៗ មិនធ្លាប់ស្គាល់ ដើម្បី រួចផុតពីការទទួលបន្ទុករបស់ខ្លួន លោកគ្រូ-អ្នកគ្រូ សូមអំពាវនាវ សុំការគាំពារ និងអន្តរាគមន៍ ដើម្បីឲ្យកុមារបានបន្ត ការសិក្សា និងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងបន្ទប់ នៃសាលារៀនបឋមសិក្សា សម្ដេចតេជោ ធម្មជាតិ បន្ដទៀត ។
លោកគ្រូ ស៊ូ សារ៉ាន នាយកសាលាបឋមសិក្សា សម្ដេចតេជោ ធម្មជាតិ នៅក្នុងភូមិ សម្ដេចតេជោ ហ៊ុន សែន ធម្មជាតិ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា លោក ក៏ដូចជា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សសាលា សូមអំពាវនាវ សុំការគាំពារ និងអន្តរាគមន៍ ពីគ្រប់មជ្ឈដ្ឋាន ដែលមានអាជ្ញាធរ អង្គការជាតិ អន្តរជាតិ ស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យកុមារទាំងនេះ បានបន្តការសិក្សា និងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងបន្ទប់សាលារៀនមួយនេះបន្ដទៀត ។
លោកគ្រូបានបញ្ជាក់ថា គ្រួសារមួយនេះ មានម្ដាយឈ្មោះ វ៉ា ស្រីពៅ អាយុប្រមាណជា ៤០ឆ្នាំ ហើយប្ដីរបស់គាត់ ដែលជាកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ បានស្លាប់ កាលពីប្រមាណជា ៥ឆ្នាំកន្លងទៅ ដោយសារជំងឺ ។ គ្រួសារ នេះ ក៏ធ្លាប់មានរបបដីធ្លី ដែលអាជ្ញាធរបានចែកជូន ដូចគ្រួសារដទៃទៀតផងដែរ តែដោយជីវភាពទីទាល់ក្រ និងគ្មាន មុខរបរ ដីមួយឡូត៍នេះ ទំនងជាបានលក់ ឬ ដាក់បញ្ចាំអស់ហើយ ។
លោកគ្រូបានបញ្ជាក់ថា ជីវភាពដុនដាប់ទៅៗ ម្ដាយវ័យ ៤០ឆ្នាំនេះ បានសម្រេចចាកចោលកូនតូចៗ ជាទីស្រឡាញ់ របស់ខ្លួន ទៅបម្រើការងារ ជាអ្នកលាងចាន់ ឆ្នាំង និងបម្រើការនៅក្នុងហាង លក់ម្ហូបអាហារតូចមួយ នៅម្ដុំផ្សារ ស្រអែម ដើម្បីយកប្រាក់បន្តិចបន្តួចមកផ្គត់ផ្គង់កូនតូចៗរបស់ខ្លួន ដែលកំពុងផ្ញើនៅក្នុងផ្ទះខ្ទមតូចមួយ នាចិញ្ចើមផ្លូវ នៅជិតសាលារៀននេះ ហើយប៉ុន្មានខែចុងក្រោយនេះ គឺស្នាក់នៅក្នុងបន្ទប់សាលារៀន ។
លោកគ្រូបន្ថែមថា ដោយជីវភាពកាន់តែទាល់ក្រ ប្រាក់ចំណូលមានតែបន្ដិចបន្តួច និងមិនមានលទ្ធភាពបន្ដចិញ្ចឹមកូនៗ បានតទៅទៀតនោះ នៅប៉ុន្មានថ្ងៃនេះ ស្ដ្រីជាម្ដាយ បានត្រឡប់មកជួបកូនៗ ហើយក៏បានបញ្ចុះបញ្ចូល និងបង្ខំកូនៗ របស់គាត់ឲ្យទៅនៅជាមួយគេ និងត្រូវបញ្ឈប់ការសិក្សាទាំងអស់ ឬក៏ជាការថ្នូរនឹងទឹកប្រាក់បន្ដិចបន្តួចផង ។
លោកគ្រូបានឲ្យដឹងទៀតថា ពេលនេះកូនៗតូចៗ ទាំង៥នាក់របស់គាត់បានរត់ទៅនៅជាក្នុងខ្ទមអ៊ុំរបស់គេ ដែលស្ថិត នៅតាមចិញ្ចើមផ្លូវ ជិតសាលារៀននោះវិញហើយ ដើម្បីគេចពីការបង្ខំរបស់ម្ដាយ ។ ចំណែកឯស្រ្ដីជាម្ដាយ ជាទូទៅ គឺ ស្នាក់នៅឯកន្លែងធ្វើការ ប្រមាណ១ ទៅ ២សប្ដាហ៍ ទើបបានទិញម្ហូប អង្ករ និងផ្ដល់ប្រាក់ដ៏តិចតួចបំផុត ដែលខ្លួន សន្សំបានមកឲ្យកូនៗ ។ រៀងរាល់ ១ ទៅ ២ សប្ដាហ៍ម្ដង ស្ដ្រីជាម្ដាយ បានមកជួបមុខកូនៗ ក្នុងរយៈពេលដ៏ខ្លី ហើយ ត្រូវប្រញ៉ាប់ប្រញាល់ត្រឡប់ទៅបំពេញកិច្ចការរបស់ខ្លួន នៅឯហាងវិញ ដោយទុកឲ្យកូនៗនៅកំសត់ឯកោ និងរស់ពឹង ពាក់ពីការជួយមើលថែបន្ថែម ពីលោកគ្រូ អ្នកគ្រូ និងអ្នកជិតខាងតែប៉ុណ្ណោះ ។ ក្រៅពីនោះ និងស្ទើរទាំងស្រុង ក្មេងៗ ទាំងនេះ គឺរស់នៅចំអិនម្ហូបអាហារមើលថែគ្នាទៅវិញទៅមក ទាំងយប់ទាំងថ្ងៃ យ៉ាងលំបាកវេទនាបំផុត ។
លោកបានបញ្ជាក់ថា កូនរបស់គាត់សរុបមាន ៧នាក់ កូនប្រុសបងគេ អាយុ ១៦ឆ្នាំ បានចាកចេញពីគ្រួសារប្អូនៗ ទៅ ប្រទេសថៃ ប្រមាណ ១ឆ្នាំកន្លងទៅ រហូតដល់ពេលនេះ គឺបាត់ដំណឹងសូន្យ ។ ចំណែកកូនស្រីអាយុ ២ឆ្នាំម្នាក់ ស្រ្ដីជា ម្ដាយ បានយកទៅឲ្យនៅជាមួយគេបាត់ហើយ គឺមិនដឹងថា នៅទីណានោះទេ ឬអាចនិយាយបានថា លក់បាត់ហើយ។ បច្ចុប្បន្ន គឺក្មេងតូចៗទាំង ៥នាក់នេះ រស់នៅជុំគ្នា ដែលមានស្រី ៤នាក់ ក្នុងនោះស្រីបងគេមានអាយុ ១២ឆ្នាំ តែ ប៉ុណ្ណោះ ដែលជាអ្នកមើលថែទាំប្អូនៗ ។
ដោយម្ដាយជាស្រ្ដីមេម៉ាយ មានជីវភាពទីទាល់ក្រ និងមានកូនក្នុងបន្ទុកតូចៗច្រើន ពេលនេះម្ដាយហាក់បានបង្ខំកូន តូចៗ ៥នាក់របស់ខ្លួន ឲ្យទៅនៅជាមួយគេ ឬក្នុងរូបភាពប្ដូរជាប្រាក់ខ្លះៗនោះ បានធ្វើឲ្យកូនៗ មានការភ័យខ្លាច និង គេចពីការបង្ខំរបស់ម្ដាយ និងម្យ៉ាងពួកគេស្ដាយការសិក្សាយ៉ាងខ្លាំង និងជាពិសេសនោះ ព្រោះពួកគេមិនចង់បែកពីបង ប្អូនរបស់គេ ទៅនៅជាមួយអ្នកដែលគេមិនស្គាល់ ហើយនៅទីទៃពីគ្នានោះ ។
ដោយហេតុឃើញ និងយល់នូវភាពក្រលំបាករបស់ក្រុមគ្រួសារនេះ ហើយពួកគាត់ជាសហគមន៍ ក៏មិនមានលទ្ធភាព ជួយ និងមិនចង់ឲ្យក្មេងៗរស់បែកបាក់គ្នា និងបាត់បង់ការសិក្សា ទើបលោកគ្រូ អ្នកគ្រូ ក្មេងៗ ដែលជាមិត្តភក្តិរបស់ ក្មេងទាំង ៥នាក់ បានធ្វើការទទូច អង្វរ សុំការគាំទ្រពីសប្បុរសជន ពីគ្រប់មជ្ឈដ្ឋាន រួមទាំងអាជ្ញាធរ អង្គការជាតិ អន្តរ ជាតិ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភ គាំទ្រ ដល់ជីវភាពគ្រួសារទីទាល់ក្រនេះ ដើម្បីឲ្យកុមារបាន បន្ត ការសិក្សា និងស្នាក់នៅជួបជុំបងប្អូន មិត្តភក្តិរបស់ពួកគេ ជាបន្ដទៀត ដោយក្ដីអនុគ្រោះ និងដោយសណ្ដានចិត្តមនុស្ស ធម៌ផង ។
សូមទំនាក់ទំនង នាយកសាលាបឋមសិក្សា សម្ដេចតេជោ ធម្មជាតិ គឺលោកគ្រូ ស៊ូ សារ៉ន តាមទូរស័ព្ទលេខ ៖ ០៨៨-៧១២-២៦៦០ ឬ តាមរយៈលោក កែវ សុផាត (ទីប្រឹក្សាពិគ្រោះយោបល់ ដែលបានបំពេញកិច្ចការនៅតំបន់ប្រាសាទ ព្រះវិហារ និងភូមិធម្មជាតិ ជិត ៥ឆ្នាំកន្លងទៅនេះ) តាមទូរស័ព្ទលេខ ៖ ០៩៧-៧៩៩-២២០៧ អ៊ីម៉ែល ៖ ksophat@gmail.com ឬ សប្បុរសជន ដែលមានបំណងទៅជួបដោយផ្ទាល់ សូមធ្វើដំណើរទៅសាលាបឋមសិក្សា សម្ដេចតេជោធម្មជាតិ នៅក្នុងភូមិសម្ដេចតេជោ ហ៊ុន សែន ធម្មជាតិ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ (គឺជាង ១០គ.ម តាមផ្លូវគ្រួសក្រហម ឆ្ពោះទៅប្រាសាទព្រះវិហារ)៕