បក្សប្រឆាំងទទួលញត្តិអ្នកមានបញ្ហាដីធ្លីនៅមុខរដ្ឋសភា
លោក កឹម សុខា អះអាងថា ញត្តិរបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ លោកនឹងយកទៅដាក់ជូនប្រធានរដ្ឋសភា ហើយលោកនឹងជំរុញឲ្យប្រធានសភាពិនិត្យមើលឡើងវិញ នូវច្បាប់ទាំងឡាយណាដែលមិនការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវធ្វើវិសោធនកម្ម ឬត្រូវបង្កើតច្បាប់ថ្មីជាដើម។
ញត្តិដែលក្រុមធម្មយាត្រា-សិទ្ធិយាត្រាដាក់ជូនអនុប្រធានសភានោះ ទាមទារឲ្យរដ្ឋាភិបាល ឬសភា លុបបំបាត់អំពើពុករលួយ បញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច បង្កើតការងារឲ្យប្រជាពលរដ្ឋ ត្រូវរៀបចំសេវាសាធារណៈឲ្យបានល្អប្រសើរ បញ្ឈប់អំពើនិទ្ទណ្ឌភាព បញ្ឈប់ការគាបសង្កត់ពីសំណាក់អាជ្ញាធរទៅលើប្រជាពលរដ្ឋរងគ្រោះដីធ្លី និងសកម្មជននយោបាយ ប្រព័ន្ធតុលាការត្រូវឯករាជ្យ សុំឲ្យដោះលែងសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជននយោបាយ សរុបទាំងអស់ចំនួន ១៨នាក់នោះឡើងវិញ និងសុំដំឡើងប្រាក់ខែជូនកម្មករឲ្យបាន ១៧០ដុល្លារ និងផ្សេងៗទៀត ជាដើម។
ចំពោះប្រធានគណបក្សសង្គ្រោះជាតិ វិញ លោក សម រង្ស៊ី ក៏ថ្លែងទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ និងតំណាងអង្គការសង្គមស៊ីវិលដែរថា បញ្ហាសំខាន់ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវ គឺត្រូវតែជំរុញឲ្យមានការគោរពច្បាប់ឲ្យបានត្រឹមត្រូវ។ លោក សម រង្ស៊ី អះអាងថា ដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរពច្បាប់ បញ្ចប់និទ្ទណ្ឌភាពនោះ លោកនឹងប្រើវប្បធម៌សន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី គឺមិនប្រើហិង្សាទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី