ឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ពួកឃាតកថាសម្លាប់ដើម្បីបានផ្ទះ១ល្វែងម្នាក់
រាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមានស្រី២នាក់ ករណីជាប់ពាក់ព័ន្ធឃាតកម្មបាញ់ សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ នៅមុខហាងលក់ផ្លែឈើ យីហោ “ឡោតិចសេង” ។ ចំណែកឧកញ៉ាថោង សារ៉ាត់ ដែលសមត្ថកិច្ចអះអាងថា ជាមេខ្លោងនៃអំពើឃាតកម្មគិតទុកជាមុននោះកំពុងគេចខ្លួន ។
ប្រតិបត្ដិការឡោមព័ទ្ធលំនៅឋាននិងទីតាំងផលិតសាច់ប៉ាតេរបស់ ថោង សារ៉ាត់ នៅសង្កាត់ចាក់អង្រែក្រោម និង នៅសង្កាត់បឹងទំពុន ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយមានការចូលរួមពីលោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្ដមសេនីយ៍ត្រី ជួន ណារិន ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌកាលពីព្រលប់ថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០១៤ រហូតដល់ម៉ោង០០ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១៤ បានឈានដល់ការ ឃាត់មនុស្ស១០នាក់ក្នុងនោះមានស្ដ្រី ២នាក់រួមមាន ឪពុកម្ដាយ ,ប្រពន្ធ,ប្អូន ប្រុសរបស់ (មេខ្លោងថោង សារ៉ាត់) និង សន្ដិសុខសរុប១០នាក់បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសាកសួរនិងអនុវត្ដតាមនីតិវិធី ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្ដិការចុះឡោមព័ទ្ធ និងឆែកឆេរលំនៅឋាន មេឃាតកថោង សារ៉ាត់ ក៏បានឃាត់ខ្លួនមនុស្ស១០នាក់ និងដកហូតរថយន្ដមួយ គ្រឿងម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2T-9999, អាវុធខ្លីចំនួន៦ដើម ម៉ាកBeratta លេខM580382 មួយដើម,ម៉ាកPraha លេខ2516083 មួយដើម,ម៉ាករ៉ូឡូ២ដើម,ម៉ាកស្មីត មួយដើម,ម៉ាកWessonមួយដើម និង ម៉ាកP229 លេខ823369មួយដើម , ទូរស័ព្ទ៩គ្រឿង, វិទ្យុទាក់ទង ។
លោកជួន ណារិន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញបានឱ្យដឹងថា លោកថោង សារ៉ាត់គឺជាមេខ្លោងនៃអំពើឃាតកម្មបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ក្នុងនោះ លោកថែមទាំងបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១និងថ្ងៃ ទី៣ខែធ្នូឆ្នាំ២០១៤ចំនួន៤នាក់មានតួនាទី ជាអង្គរក្សថោង សារ៉ាត់ ១-ឈ្មោះសៀវ វាសនា (ជាជនដៃដល់ប្រើកាំភ្លើងបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ),២-ឈ្មោះ លី សៅ ហៅវី ជនជាតិវៀតណាម (ជាអ្នកឌុប ជនដៃដល់),៣-ឈ្មោះ មាស សម្បត្ដិ (ជាអ្នកជិះម៉ូតូបិទគូទ) និង៤-ឈ្មោះ កូយ ចាន់ថល (ជាអ្នកជិះម៉ូតូជាមួយ មាស សម្បត្ដិ និងជាអ្នកទៅពិនិត្យមើល ភាពជាក់ស្ដែង ថាតើឧកញ៉ាអ៊ឹង ម៉េងជឺ ស្លាប់ហើយឬនៅ?) ។
បើតាមការអះអាងពីមន្ដ្រីសាលា ដំបូងរាជធានីភ្នំពេញឱ្យដឹងថា ការឃាត់ ខ្លួនជាក់ស្ដែងទៅលើជនសង្ស័យបានចំនួន១៤នាក់ ក្នុងនោះនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញនឹង បញ្ជូនជនសង្ស័យ ដែលជាអង្គរក្សថោង សារ៉ាត់ ទៅសាលាដំបូងឋិតក្រោមការសាកសួរពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងដោយជនសង្ស័យទាំង៤នាក់ ត្រូវចោទ ប្រកាន់ក្នុងបទ“ឃាតកម្មគិតទុកជាមុន” យោងតាមមាត្រា២០០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលជនសង្ស័យទាំងនេះសារភាពថាធ្វើតាមបញ្ជាមេខ្លោង ថោង សារ៉ាត់ឱ្យបាញ់ សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ជាថ្នូរបានផ្ទះមួយល្វែងម្នាក់ ។
រីឯការមានគំនុំបែប ណានោះក្រុមជនដៃដល់មិនសារភាព ឡើយដោយពួកគេនិយាយថា បើចាប់ ថោង សារ៉ាត់ បានទើបដឹងរឿងពិតឯពួក គេបានត្រឹមស៊ីឈ្នួលបាញ់សម្លាប់ដើម្បី បានផ្ទះ១ល្វែងម្នាក់ៗប៉ុណ្ណោះ ។ ដោយឡែកលោក ថោង ចំរើន និងអ្នកស្រីកែវ សារី ដែលត្រូវជាឪពុកម្ដាយ មេខ្លោង ឃាតកថោង សារ៉ាត់ អាចនឹងសមត្ថកិច្ច បំបែកជា២សំណុំរឿងក្នុងបទចោទប្រកាន់សមគំនិតនិងរារាំងប្រតិបត្ដិការរបស់ សមត្ថកិច្ចនិងបទ“រក្សាទុកអាវុធខុសច្បាប់” ។
បើទោះជាមានការគេចខ្លួនរបស់មេខ្លោងជាឃាតកដៃដល់ថោង សារ៉ាត់ ក៏ដោយក៏លោកជួន ណារិន្ទ ដែលកំពុង មមាញឹកនឹងដំណើរស៊ើបអង្កេតស្រាវ ជ្រាវចំពោះជនពាក់ព័ន្ធក្នុងបទល្មើសនេះ នៅតែមានជំនឿថា ថោង សារ៉ាត់អាច មិនទាន់ចាកចេញពីប្រទេសកម្ពុជានៅឡើយ គឺសម្ងំលាក់ខ្លួននៅក្នុងប្រទេស ។
លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ធថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នង ការដ្ឋាននគរបាលជាតិធ្លាប់មានប្រសាសន៍ ថា ករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ សមត្ថកិច្ចបានដុត ដៃដុតជើងស៊ើបអង្កេតតាមរយៈការបង្កើត គណៈកម្មការមួយ មានខាងនគរបាលរាជ ធានីភ្នំពេញ សហការជាមួយក្រសួងមហា ផ្ទៃដើម្បីស្វែងរកមុខជនដៃដល់ និងជនល្មើសពាក់ព័ន្ធ ។
លោកថោង ចំរើន និងអ្នកស្រីកែវ សារី ដែលត្រូវជាឪពុកម្ដាយមេខ្លោងឃាតក (ថោង សារ៉ាត់) កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ពិតជាមានចេតនាទុច្ចរិត ខណៈរៀបចំធ្វើសន្និសីទសារព័ត៌មានក្នុងគោលបំណងរារាំងដល់ការស៊ើបអង្កេតនិងប្រតិបត្ដិការរបស់សមត្ថកិច្ច ដោយទុកឱកាសឱ្យកូនប្រុសរត់គេចខ្លួន ព្រមទាំងបរិហារកេរ្ដិ៍ ផ្សព្វផ្សាយព័ត៌ មានមិនពិតប៉ះពាល់ដល់ថ្នាក់ដឹកនាំ កំពុងធ្វើកិច្ចការនេះ ។
បើតាមការរាយការណ៍ពីមន្ដ្រីតុលាការនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ជនសង្ស័យជាឃាតកបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ សុទ្ធតែអង្គរក្សលោក ថោង សារ៉ាត់ ត្រូវបានបញ្ជូនខ្លួន ដល់សាលាដំបូងរាជធានីភ្នំពេញក្រោមការសាកសួរពីតំណាងអយ្យការលោក សៀង សុខ និងក្រោមការយាមកាមដ៏ តឹងតែងរបស់សមត្ថកិច្ច ។
ដោយឡែកជនសង្ស័យចំនួន១០នាក់ ទៀតគឺរួមមាន ១-ថោង ចំរើន អាយុ ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៩២៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ឪពុកមេខ្លោង ឃាតកថោង សារ៉ាត់) ,២-ឈ្មោះ កែវ សារី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរអាជីវករ (ម្ដាយមេខ្លោង ឃាតកថោង សារ៉ាត់), ៣-ថោង បូណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ១២BT សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ (ត្រូវជាប្អូនប្រុសមេខ្លោងឃាតក ថោង សារ៉ាត់) ,៤-ឈ្មោះទៀវ ធីតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអាជីវករ ត្រូវជាភរិយា ថោង បូណា ,ទី៥-ឈ្មោះ ខា វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្ដិសុខឯកជន ស្នាក់នៅបុរី៩៩៩ ,ទី៦- ឈ្មោះ ប៊ុន បុរី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ,ទី៧-ឈ្មោះ សៅ ប៊ុនលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្ដិសុខ ស្នាក់នៅផ្ទះជួល ផ្លូវជាតិ លេខ២ ក្រុង-ខេត្ដតាខ្មៅ,ទី៨ឈ្មោះ ប៊ុននី ណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើករថយន្ដ ស្នាក់នៅផ្ទះជួល សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ,ទី៩- ឈ្មោះ ម៉ៅ គុណ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរសន្ដិសុខឯកជន ស្នាក់នៅភូមិ-ឃុំ អរីយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល និងទី១០-ឈ្មោះដោម វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដ ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង ១០នាក់ខាងលើ មិនទាន់បានបញ្ជូនមក កាន់សាលាដំបូងនៅឡើយទេ កំពុងស្ថិត នៅក្រោមការសាកសួរពីនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ ។
តាមរយៈការសារភាពរបស់អង្គរក្សទាំង៤នាក់បង្ហាញថា ថោង សារ៉ាត់គឺជា មេខ្លោងនៃឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដូច្នេះសមត្ថកិច្ចកំពុងតែ ស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោស ។
គួររំលឹកថា ឧកញ៉ាអ៊ឹង ម៉េងជឺ អាយុ ៥៣ឆ្នាំ ជានាយកក្រុមហ៊ុន Shimmex Group និងក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងសាហាវ ឃោរឃៅអស់ជាច្រើនគ្រាប់នៅមុខហាង លក់ផ្លែឈើ យីហោ ឡោតិចសេង កាល ពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ទួល ស្វាយព្រៃ២ ខណ្ឌចំការមន ។ ជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាព បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយ ពួកគេបានបើកម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ក្នុងអំពើឃាតកម្មនេះ បក្ខពួក ជនដៃដល់ក៏បានមកមើលកន្លែង និង ពិនិត្យមើលជនរងគ្រោះស្លាប់ ឬមិន ស្លាប់ ទើបនៅក្នុងឃ្លីបកាមេរ៉ាសុវត្ថិ ភាពត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមធ្វើការប៉ាន់ស្មានទៅលើ សមត្ថកិច្ចម្នាក់ដែលមានវត្ដមាននៅ ទីនោះថាសង្ស័យជាឃាតក ប៉ុន្ដែការស៊ើបអង្កេតទាំងប៉ុន្មានរបស់សមត្ថកិច្ចយ៉ាងយកចិត្ដទុកដាក់ ផ្សែងដ៏ខ្មៅងងឹតរបស់ក្រុមឃាតកដៃដល់ត្រូវបានវែកមុខ ទើបមជ្ឈដ្ឋានមហាជន ពិសេសក្នុងបណ្ដាញទំនាក់ ទំនងសង្គមបានទទួលស្គាល់ពីសមត្ថភាពស៊ើបអង្កេតរបស់សមត្ថកិច្ចដែលឈានដល់ការចាប់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ យ៉ាងតិច១៤នាក់ ក្នុងនោះថោង សារ៉ាត់ ដែលត្រូវគេដឹងថា ជាឧកញ៉ាទំនើងធ្លាប់ បាញ់បោះជាមួយអង្គរក្ស រំលោភបំពាន ទៅលើដីលំនៅឋានរបស់ប្រជាពលរដ្ឋ ក្លាយទៅជាមេខ្លោងនៃអំពើឃាតកម្មដ៏យង់ឃ្នងនេះ ។
យុវនិស្សិតអាន ថវិទាន អាយុ២២ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានព្រះកុសុមៈបាន និយាយថា កន្លងទៅខ្ញុំគិតខុសច្រើន ខណៈបានឃើញពីសកម្មភាពឃាតកដៃដល់ បាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ និងឃើញការប្រៀបធៀបសមត្ថកិច្ចជាមួយនឹងជន ដៃដល់ យល់ឃើញថា នេះជាវត្ថុតាង ដែលអាចធ្វើឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក្នុងរូបភាពនេះមកសាកសួរ បណ្ដោះអាសន្នបាន ។
ថវិទានបន្ដថា ទាំងខ្ញុំទាំងមជ្ឈដ្ឋានមហាជនពិសេសអ្នកនិយមបណ្ដាញ ទំនាក់ទំនងសង្គមបានថ្កោលទោស រិះគន់ តាមរយៈការបញ្ចេញមតិ ក្នុងន័យវាយ ប្រហារមកលើសមត្ថកិច្ច លាក់លៀម ឃាតកដៃដល់ និងមានភាពកម្សោយ ប៉ុន្ដែការលាតត្រដាងតាមរយៈការចាប់ ខ្លួនជនសង្ស័យជាបន្ដបន្ទាប់បែបនេះ គឺជាការអស់មន្ទិលសង្ស័យ និងសូមសរសើរ ដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច ។
លោកសៀង ដារ៉ា ដែលជាមន្ដ្រីនគរបាលចូលនិវត្ដន៍បាននិយាយថា ការពិតទំនាក់ទំនងសង្គមពិតជាបានធ្វើឱ្យអ្នក និយមចូលចិត្ដទទួលបានព័ត៌មានទាន់ ហេតុការណ៍ ក៏ដូចជាការបង្ហាញពីវត្ថុ តាងនានាសម្រាប់ការស៊ើបអង្កេត និងតម្រុយខ្លះដល់សមត្ថកិច្ច ពិសេសចំណុច ល្អត្រង់ថា អ្នកនិយមលេងខ្លះ បានរិះគន់ ស្ថាបនាកែលម្អពីការអនុវត្ដនីតិវិធី ស្រឡាញ់ ភាពយុត្ដិធម៌ ទៀងត្រង់ និងព្យាយាមទាមទារឱ្យសមត្ថកិច្ចស្វែង រកឃាតកដើម្បីផ្ដល់យុត្ដិធម៌ដល់គ្រួសារជនរងគ្រោះពិសេសកែប្រែសង្គមប្រកបដោយការគ្រប់គ្រងដោយច្បាប់ ។
លោក សៀង ដារ៉ាបន្ដថា កត្ដាខ្លះអាចធ្វើឱ្យ ប៉ះពាល់ឬរាំងស្ទះដល់ដំណើរការស៊ើប អង្កេតរបស់សមត្ថកិច្ច ពេលការបង្ហោះ រូបភាពមានករណីកាត់ត ក្នុងន័យទាញ យកផលចំណេញតាមរយៈប្រជាប្រិយ ភាពរបស់ខ្លួនឱ្យមានការគាំទ្រមើលច្រើនដើម្បីលក់ផលិត ផលផ្សេងៗ ឬក្នុង គំនិតគុំកួនសមត្ថកិច្ច ក៏ជាអំពើមិន សមរម្យ ។ លោកបន្ដថា ការឃាត់ខ្លួន មនុស្ស១៤នាក់ និងបន្ដចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ច អះអាង ថាជាមេខ្លោងនៃអំពើឃាតកម្មនេះ ពិតជាបានបង្ហាញឱ្យឃើញពីសមត្ថភាព របស់មន្ដ្រីនគរបាលយុត្ដិធម៌បានពន្លឿន នីតិវិធីរបស់ខ្លួនយ៉ាងយកចិត្ដទុក និងសង្ឃឹមថាមេឃាតករូបនេះមិនអាច គេចផុតពីកណ្ដាប់ដៃសមត្ថកិច្ច និងសំណាញ់ច្បាប់បានឡើយ ៕