ផឹកស៊ីស្រវឹង ចាប់បោចសក់ ម្ចាស់ហាងខារ៉ាអូខេ៩៩ យកកាំបិតអារក មិនញញើតដៃ
ខេត្តមណ្ឌលគិរី ៖ ស្រី្តវ័យ ៤០ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូខេ៩៩ នៅក្រុងសែនមនោរម្យ ត្រូវបានជនសង្ស័យ ប៉ុនប៉ងចាក់សម្លាប់ ដោយយកកាំបិត អារ.បំពង់ក តែសំណាងល្អមិនស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិដើមស្រល់ សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ស្ត្រីរងគ្រោះមានឈ្មោះ សុខ ចិន្តា អាយុ ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិប ឃុំពុទ្រា ស្រុកជ្រៃសែន ខេត្តព្រះវិហារ បានប្រាប់ថា ជនសង្ស័យ បានផឹកស៊ីនៅផ្ទះជួល របស់គាត់ចំនួន ៣លើករួចមកហើយ ប៉ុន្តែលើកទី១ និងទី២ មិនមានបញ្ហានោះទេ ស្រាប់តែពេលកើតហេតុ ជនសង្ស័យ បានផឹកស៊ី រហូតដល់ម៉ោង ១២យប់ ទាល់តែស្រវឹង ស្រាប់តែចាប់ក្បាល បោចសក់គាត់ រួចយកកាំបិតមកអារ.ក យ៉ាងឃោរឃៅ តែគាត់បានប្រវេប្រវា ស្រែកអោយគេឯងជួយ ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនិងសមត្ថកិច្ច បាននាំយកស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ទាន់ អោយផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត ព្រោះរបួសត្រង់បំពង់ក មានសភាពខ្លាំងគួរសម។ ជនសង្ស័យក្នុងករណីនេះ សមត្ថកិច្ចបានស្គាល់ អត្តសញ្ញាណរួចហើយ គឺមានឈ្មោះ គាំ ស្រ៊ន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិអំពិលធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ ដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ