លោកហ៊ុន សែនថា កម្ពុជាមាននាយករដ្ឋមន្ត្រីតែ ១
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនកាលពីម្សិលមិញបានស្វែងរកមធ្យោបាយដើម្បីបញ្ជាក់ថា ទោះបីនៅពេលឆាប់ៗនឹងមានមនុស្សពីរនាក់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាមានឋានៈ “ស្មើ” នឹងលោកក៏ដោយ ក៏លោកថានឹងសម្រេចចិត្តយកតែមនុស្សម្នាក់គត់នៅកម្ពុជា។
កាលពីថ្ងៃសុក្រលោកហ៊ុនសែននិងមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានយល់ស្របថាវិធានផ្ទៃក្នុងរបស់សភាអាចនឹងត្រូវបានធ្វើវិសោធនកម្មឆាប់ៗក្នុងការទទួលស្គាល់ជាផ្លូវការគណបក្សភាគតិចនៅក្នុងរដ្ឋសភាជាតិនិងជាពិសេសមេដឹកនាំភាគតិចដែលគេយកស្ទីលតាមអាមេរិកដែលមានឋានៈស្មើនឹងនាយករដ្ឋមន្ដ្រី។
នៅពេលដែលវិសោធនកម្ម កើតមានលោក សម រង្ស៊ី នឹងកាន់តំណែងនេះជាផ្លូវការ លោកនឹងចូលរួមជាមួយព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ ក្នុងតំណែងកំពូលដែលជាងារនៃនិមិត្តរូប។
ទ្រង់រណប្ញទ្ធិ ដែលជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏នឹងមានឋានៈមួយដែលមានតែនៅលើក្រដាសដែលស្មើនឹងឋានៈរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ប៉ុន្តែនៅពេលថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាជាង ១០០០ នាក់នៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកហ៊ុន សែន បានខំបញ្ជាក់ឲ្យបានច្បាស់ថា ឋានៈ «ស្មើ» នេះមិនមានអំណាចពិតប្រាកដទេ។
សំដៅទៅទ្រង់រណឫទ្ធិ លោកនាយករដ្ឋមន្រ្តីបាននិយាយថា ទោះបីមានឋានៈផ្លូវការស្មើនឹងខ្លួនលោកក៏ដោយ កងកម្លាំងប្រដាប់អាវុធឬរដ្ឋាភិបាលមិនគោរពបញ្ជាពីទ្រង់ ឬក៏សម្រាប់បញ្ហាដែលលោកបានលើកឡើងថា ទោះជាយ៉ាងនេះក្តី ក៏លោក មិនបាននិយាយពីឈ្មោះលោក សម រង្ស៊ី ទេ។
លោក ហ៊ុន សែន បានថ្លែងថា៖ «នេះគឺការរៀបចំពិធីការដែល [មន្រ្តីនោះ] មិនធ្វើកិច្ចការរបស់នាយករដ្ឋមន្រ្តីបាន»។
លោកបានបញ្ជាក់ថា៖ «អ្នកខ្លះ អាចនិយាយថា នៅក្នុងប្រទេសកម្ពុជា មានពីរនាយករដ្ឋមន្រ្តី [ប៉ុន្តែ] ខ្ញុំគ្រាន់តែនិយាយពាក្យមួយមាត់ថា…គ្មានទេ។ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០១៨ នាយករដ្ឋមន្រ្តី ត្រូវគេហៅថា ហ៊ុន សែន»។
ទោះជាយ៉ាងនេះក៏ដោយ ក៏គោលបំណងនៃការទទួលស្គាល់ជាផ្លូវការមេដឹកនាំភាគតិចក្នុងសភា គឺដើម្បីផ្តល់ដៃគូចរចាជាមួយនឹងគណបក្សកាន់អំណាចដើម្បីនិយាយអំពីបញ្ហានៅក្នុងប្រទេសនេះ»។
លោកបានថ្លែងបន្តថា៖ «ប្រទេសរបស់យើងកំពុងបង្កើតវប្បធម៌ចរចា [និងរបៀបបង្កើតនេះ] បានក្លាយជាប្រធានបទនៃការពិភាក្សាគ្នារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជាពិសេសរវាងខ្ញុំនិងឯកឧត្តម សម រង្ស៊ី»។
លោកបានអះអាងបន្តថា នៅពេលអនាគតប្រសិន បើមានគណបក្សច្រើនទៀតឈ្នះអាសនៈនៅក្នុងសភា គណបក្សណាមួយមានអាសនៈលើស ៥០ ភាគរយ ក៏អាចបង្កើតក្រុមផ្ទាល់ខ្លួនរបស់ពួកគេ ហើយតែងតាំងមេដឹកនាំម្នាក់ ដើម្បីពិភាក្សាអំពីបញ្ហាដ៏សំខាន់ៗ។
នៅក្នុងសារអេឡិចត្រូនិកមួយកាលពីម្សិលមិញលោក សម រង្ស៊ី បានបញ្ជាក់ច្បាស់ថា លោកមិនមានការភាន់ច្រឡំអំពីតំណែងថ្មីរបស់លោក ដែលប្រជាជនកម្ពុជាមួយចំនួនបានចាប់ផ្តើមមានប្រតិកម្ម ដោយប្រៀបធៀបទៅនឹងតំណែងនាយករដ្ឋមន្រ្តី ទី១ និង២ ដែលគេបានបង្កើតឡើងបន្ទាប់ពីការបោះឆ្នោតត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣ ដើម្បីសម្រួលដល់ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិក ដឹកនាំដោយទ្រង់រណឫទ្ធិ និង លោក ហ៊ុន សែន។
លោកសមរង្ស៊ីបានថ្លែងថា៖ «ឋានៈស្មើទៅនឹងនាយករដ្ឋមន្រ្តី «គឺជាងារផ្លូវការដែលមិនមានអំណាចខាងនីតិប្រតិបត្តិទាល់តែសោះ»។
លោកបានបញ្ជាក់ថា៖ «វាគឺគ្រាន់តែជាឯកសិទ្ធិនិមិត្តរូបមួយដែលអនុញ្ញាតឱ្យមេដឹកនាំសំឡេងភាគតិច ព្រោះសមាជិកសភាឆ្នើមជាដៃគូចរចារបស់នាយករដ្ឋមន្រ្តីស្តីពីប្រយោជន៍ជាតិ ដោយដៃគូពីរនាក់ត្រូវស្ថិតក្នុងគោលជំហរស្មើគ្នាដើម្បីធ្វើឲ្យកិច្ចចរចាមានន័យ»។
នៅពេលសួរថាតើគំនិតនោះជារបស់នរណាសម្រាប់តំណែងថ្មីដែលមានឋានៈបែបនេះ លោក សម រង្ស៊ី បានអះអាងថា លោកមិនបានជំរុញរឿងនេះទេ។
លោកមានប្រសាសន៍ថា៖«វាជាគំនិតរួមរបស់យើងជាមួយនឹងការយោគយល់គ្នា»។
ខណៈពេលដែលលោកហ៊ុនសែននិងលោក សម រង្ស៊ីបានដាក់ការខ្វែងគំនិតគ្នាមួយអន្លើដើម្បីសម្រេចការងារនេះនិងកិច្ចព្រមព្រៀងថ្មីផ្សេងទៀត ដែលរួមបញ្ចូលទាំងការផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍និងវិទ្យុសម្រាប់បក្សប្រឆាំង លោក នាយករដ្ឋមន្រ្តីកាលពីម្សិលមិញ បានរិះគន់លោក កឹម សុខា អនុប្រធានបក្សប្រឆាំងដែលលោក ហ៊ុន សែន ថា ជាជនប្រកាន់តឹង។
ប៉ុន្មានថ្ងៃក្រោយមកទៀត កិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និង លោក ហ៊ុន សែន កាលពីថ្ងៃសុក្រ លោក កឹម សុខា ដែលជាអនុប្រធានសភាទី១ បាននិយាយខ្លាំងៗអំពីរដ្ឋាភិបាលនៅក្នុងវេទិកាសាធារណៈមួយ ដោយមានការចោទប្រកាន់ជាច្រើនចាប់ពីអំពើពុករលួយរហូតដល់ទៅឃាតកម្ម។
កាលពីម្សិលមិញលោក ហ៊ុន សែន បានបង្ហាញថា ឥរិយាបថបែបនេះអាចត្រូវគេបោះឆ្នោតទម្លាក់ពីតំណែងសភាដែលគេ ផ្តល់ឲ្យបន្ទាប់ពីកិច្ចព្រមព្រៀងផ្នែកនយោបាយ ២២ ខែកក្កដា ដែលគេឃើញគណបក្សសង្គ្រោះជាតិ បញ្ចប់ការធ្វើពហិការសភាដែលមានរយៈពេល ១០ខែ។
លោក ហ៊ុន សែន បានបន្តថា៖«នៅប៉ុន្មានថ្ងៃនេះ ខ្ញុំឮសំឡេងគេស្រែកពីកន្លែងមួយ។ ធ្វើវាទៅ ប៉ុន្តែប្រសិនបើធ្វើខុសសំឡេងភាគច្រើនក្នុងសភាអាចដកបាន»។
លោកថ្លែងថា៖«កុំភ្លេចតួនាទីរបស់អ្នក។ អ្នកត្រូវបានតែងតាំងជាអនុប្រធានទីមួយនៃរដ្ឋសភាជាតិ តួនាទីរបស់អ្នកគឺដើម្បីជួយសម្រួលដល់តំណាងរាស្រ្ត តួនាទីរបស់អ្នកមិនត្រូវចេញទៅក្រៅហើយប្រមាថអ្នកដទៃទេ»។
លោក កឹម សុខា មិនអាចទាក់ទងបានទេ៕ រាយការណ៍បន្ថែម Kevin Ponniah
_______________________
ប្រភពព័ត៌មានពី៖ Phnom Penh Post
ប្រភពព័ត៌មានពី៖ Phnom Penh Post