អ្នកភូមិព្រៃទាជិត១០០គ្រួសារ នឹងដាក់ពាក្យបណ្តឹងជូនលោកអភិបាលរាជធានី រឿងការសង់ការ៉ាស់សាំងរំលោភដីសាធារណៈ
រាជធានីភ្នំពេញ៖ អ្នកភូមិព្រៃទាជិត១០០គ្រួសារ គ្រោងដាក់ពាក្យប្តឹងជូនលោកអភិបាលរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ រឿងការសាងសង់ការ៉ាស់ សាំងរំលោភដីសាធារណៈ និងអាចបង្កហានិភ័យផ្សេងៗដល់ពួកគាត់។
យោងតាមពាក្យបណ្តឹងរបស់អ្នកភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ដែលគ្រោងនឹងដាក់ជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនោះ បានឲ្យដឹងថា «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិព្រៃទាចំនួន ៩៤គ្រួសារ កើតទុក្ខមិនសុខចិត្ត ចំពោះឈ្មោះ រុណ ជាប្តី និង ភ័ក្ត្រ ជាប្រពន្ធ ដែលបានសាងសង់ស្ថានីយប្រេងនៅលើផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋធ្វើដំណើរ និងរំលោភយកដី (ច្រមុះជ្រូក) ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ការសាងសង់នេះ ទៀតសោតខុសបច្ចេកទេសទាំងស្រុង ដែលអាចរងការបុកពីរថយន្ត ឬបង្កការគ្រោះថ្នាក់ណាមួយជាយថាហេតុ (គ្រោះអគ្គិភ័យ) ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ។ ពិសេសការសាងសង់នេះបានធ្វើឲ្យផ្លូវកាន់តែតូចចង្អៀតពិបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូចនេះប្រជាពលរដ្ឋសូមសំណូមពរថា មិនអាចឲ្យស្ថានីយសាំងនេះ សាងសង់ជាដាច់ខាត។អាស្រ័យហេតុនេះ សូមលោកអភិបាលមេត្តាជួយរកយុត្តិធម៌ និង បញ្ឈប់ការសាងសង់ស្ថានីយនេះ»។
អ្នកស្រី សួស ឥត តំណាងអ្នកភូមិព្រៃទាទាំង៩៤គ្រួសារនោះ បានឲ្យដឹងថា មុននឹងសម្រេចចិត្តដាក់ពាក្យបណ្ដឹងជូនទៅលោកអភិបាលរាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌រឿងនេះ ដោយសារតែប្រជាពលរដ្ឋយើងមានការអស់សង្ឃឹមនឹងអាជ្ញាធរមូលដ្ឋានមានភូមិសង្កាត់ និងខណ្ឌព្រោះថា យើងបានប្តឹងតវ៉ាតាំងពីដំបូងទៅអាជ្ញាធរភូមិរហូតដល់សង្កាត់ តែមិនអាចដោះស្រាយបាន។
ក្រោយមកទៀតប្រជាពលរដ្ឋបានសម្រេចបន្តដាក់ពាក្យបណ្តឹងទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យដើម្បីឲ្យលោកជួយរកយុត្តិធម៌ និងបញ្ឈប់ការសាងសង់ការ៉ាស់សាំងនេះ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរួចមកអាជ្ញាធរខណ្ឌបានចាត់កម្លាំងមកចុះត្រួតពិនិត្យរួច ក៏ត្រឡប់ទៅវិញដោយមិនមានវិធានការណាមួយច្បាស់លាស់នោះទេដែលរហូតមកដល់ពេលនេះការសាងសង់ការ៉ាស់ស្ទើរតែជិតរួចរាល់។
អ្នកស្រី សួស ឥត បានបន្តថា កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ មានការសាងសង់បន្ថែមទៀតបន្ទាប់ពីអាជ្ញាធរបានមកហាមឃាត់ម្តងហើយ តែគេនៅតែចចេសធ្វើទៀតដោយមិនមានការខ្លាចក្រែងនរណាឡើយ។ ពេលនោះអ្នកស្រីបានទូរស័ព្ទទៅមន្ត្រីខណ្ឌរាយការណ៍រឿងនេះ ដើម្បីចាត់កម្លាំងមកហាមឃាត់ តែមិនមានឃើញទេមានតែសន្តិសុខពីរបីនាក់មកសួរនាំហើយត្រឡប់ទៅវិញ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា រឿងនេះ លោកបានទទួលពាក្យបណ្តឹងប្រជាពលរដ្ឋរួចហើយ ដោយបានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយរឿងនេះ ដោយមានលោកគុណ ជាអភិបាលរងខណ្ឌជាអ្នកទទួលដោះស្រាយ។
ជុំវិញការហាមឃាត់មិនឲ្យមានការសាងសង់ការ៉ាស់សាំងនេះ ដោយសារតែប្រជាពលរដ្ឋចោទប្រកាន់ម្ចាស់សំណង់នោះ បានរំលោភលោកដីសាធារណៈនិ ងប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
អ្នកស្រី សួស ឥត បានរៀបរាប់ថា ការសាងសង់នេះ មិនត្រឹមត្រូវទេ ព្រោះថា ដីដែលគេសង់នេះ មិនមែនជាកម្មសិទ្ធិរបស់គេទេពោល គឺជាដីចំណីផ្លូវដែលប្រជាពលរដ្ឋបានទុកសម្រាប់ដើរដែលមានប្រវែងប្រមាណ ៩ម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ ដីនេះ ទុកសម្រាប់ងាយស្រួលក្នុងការបត់រថយន្តចេញចូលក្នុងភូមិផងដែរ។ម្យ៉ាងវិញទៀតផ្លូវនេះ ជាផ្លូវច្រមុះជ្រូកដែលងាយនឹងបង្កហានិភ័យខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅម្តុំនោះ ដូចជាគ្រោះថ្នាក់ចរាចរណ៏ ឬបង្កជាអគ្គិភ័យផ្សេងៗជាដើម។
អ្នកភូមិព្រៃទា មានចម្ងល់ថាបើតាមអាជ្ញាធរបានប្រាប់ពួកគាត់ថា ពួកគេនៅមិនទាន់អនុញ្ញាតឲ្យសាងសង់ការ៉ាស់សាំងនេះនៅឡើយទេ សូម្បីតែមន្ត្រីភូមិបាលខណ្ឌ ក៏បានអះអាងដូចគ្នានេះហើយថាការសាងសង់ការ៉ាស់សាំងបានលុះត្រាមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញទើបអាចសង់បាន។ តើហេតុអ្វីបានជាម្ចាស់ការ៉ាស់សាំងហ៊ានសាងសង់បានយ៉ាងរំភើយទៅវិញដោយមិនមានការខ្លាចញញើតពីអាជ្ញាធរ ពិសេសអាជ្ញាធរខណ្ឌតែម្តង ដែលធ្លាប់បានចុះមកហាមប្រាមមិនឲ្យធ្វើម្តងរួចហើយក្តី។
អ្នកភូមិព្រៃទា បានអះអាងទៀតថាប្រសិនបើអាជ្ញាធរបណ្ដែតបណ្ដោយឲ្យបុគ្គលនេះសាងសង់លើដីចំណីផ្លូវប្រជាពលរដ្ឋ នោះអ្នកផ្សេងៗទៀតក៏អាចធ្វើដូចនេះដែរព្រោះថាអាជ្ញាធរមិនបានចាត់វិធានការតាមផ្លូវច្បាប់ និងជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលពួកគាត់ពឹងទាំងស្រុងលើអាជ្ញាធរ តែបើអាជ្ញាធរមិនដោះស្រាយទៀត តើឲ្យពួកគាត់ទៅពឹងអ្នកណាទៀត។
