ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង​លោក ជួន សុវណ្ណ

12/07/2014 0 Comments A+ a-


image
ឪពុក​ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ប្រកាស​សុំ​ទោស​ស្នងការ​ក្រុង លោក ជួន សុវណ្ណ ជុំវិញ​ការ​ថ្លែង​រិះគន់​ស្នងការ​រូប​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត ក្រោយ​ពេល​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ឧកញ៉ា​ជា​កូន។
អ្នកស្រី កែវ សារី ម្តាយ​ឧកញ៉ា ថោង សារ៉ាត់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ផ្នែក​ភាសា​វៀតណាម នៅ​ក្រោយ​ពេល​ព្រះរាជអាជ្ញា​បញ្ចប់​ការ​សាកសួរ​អ្នកស្រី និង​ប្ដី ថា ពាក្យ​សម្ដី​ដែល​អ្នកស្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ កើត​ឡើង​ដោយសារ​អ្នកស្រី​មាន​កំហឹង​ខ្លាំង​ពេក នៅ​ពេល​ដឹង​ថា អាជ្ញាធរ​ចោទ​ប្រកាន់​កូន​ប្រុស​ថា​ជា​មេ​ក្លោង​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ក្នុង​នាម​ជា​ម្តាយ​ដែល​ស្រឡាញ់​កូន គាត់​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង នៅ​ពេល​កូន​ប្រុស​ត្រូវ​ចោទ​ប្រកាន់ និង​តាម​ចាប់​ខ្លួន ដែល​តាម​ពិត​អ្នកស្រី​ពុំ​មាន​ចេតនា​រារាំង​ការ​ស៊ើប​អង្កេត ឬ​បំពេញ​ការងារ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ អ្នកស្រី កែវ សារី និង​ប្ដី គឺ​លោក ថោង ចំរើន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​នោះ​បាន​ចោទ​ប្រកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ថា​មាន​បំណង​អាក្រក់​បំផ្លាញ​កិត្តិយស​ក្រុម​គ្រួសារ​គាត់។ ពេល​នោះ អ្នកស្រី កែវ សាវី បញ្ជាក់​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​កូន​ប្រុស​របស់​គាត់​យក​ទៅ​សួរ​នាំ និង​ចាប់​ខ្លួន​អង្គរក្ស​កូន​ប្រុស​គាត់ ដោយ​មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ​ឡើយ។ អ្នកស្រី​បន្ត​ថា កូន​ប្រុស​គាត់​សម្រេច​គេច​ខ្លួន ដោយសារ​តែ​ខ្លាច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើ​អំណាច​គាប​សង្កត់។ ស្រប​គ្នា​នោះ ស្ត្រី​ម្នាក់​នេះ​ថែម​ទាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី ដក លោក ជួន សុវណ្ណ ចេញ​ពី​តំណែង​ទៀត​ផង។
អ្នក​ទាំង​ពីរ រួម​នឹង​សាច់ញាតិ ពីរ​នាក់​ទៀត​របស់ លោក ថោង សារ៉ាត់ ត្រូវ​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​នោះ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ រារាំង​កិច្ចការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។
ទាក់ទិន​នឹង​ការ​ប្រើប្រាស់​អាវុធ អ្នកស្រី កែវ សារី អះអាង​ថា គាត់​មាន​លិខិត​អនុញ្ញាត​អោយ​ប្រើប្រាស់​អាវុធ​ចំនួន ៦​ដើម​ដោយ​ស្រប​ច្បាប់។
រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ ឪពុក ម្តាយ ប្រពន្ធ​ទី​២ និង​ប្អូន​ប្រុស​របស់ លោក ថោង សារ៉ាត់ កំពុង​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ។
សូម​រង់ចាំ​អានព័ត៌មាន​ពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី