ស្ថាបនិក Alibaba វ៉ាដាច់លី កាស៊ីង ក្លាយជាអ្នកមានជាងគេនៅអាស៊ី
ស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba មហាសេដ្ឋី Jack Ma បានវ៉ាដាច់មហាសេដ្ឋីអចលនទ្រព្យហុងកុង Li Ka-shing ក្លាយជាអ្នកមានជាងគេបំផុតនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Bloomberg កាលពីពេលថ្មីៗនេះ។
ស្ថាបនិកក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma
ទ្រព្យសម្បត្តិរបស់លោក Jack Ma បានកើនឡើងដល់ ២៨,៦ពាន់លានដុល្លារ លើសទ្រព្យលោក La Ka-shing ប្រហែល ៣០០លានដុល្លារ គិតត្រឹមចុងឆ្នាំ ២០១៤នេះ។ ទាក់ទងនឹងការធ្លាក់ចំណាត់ថ្នាក់ មហាសេដ្ឋីវ័យ ៨៦ឆ្នាំ Li Ka-shing បានបញ្ជាក់តាមអ្នកនាំពាក្យនៅហុងកុងថា លោកគ្មានបញ្ហាអីទេ ប៉ុន្តែសប្បាយចិត្តដែលឃើញបុរសវ័យក្មេងមកពីចិន អាចធ្វើជំនួញបានយ៉ាងល្អ។ ចំណែកអ្នកនាំពាក្យរបស់មហាសេដ្ឋី Jack Ma បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
មហាសេដ្ឋីអចលនទ្រព្យហុងកុង Li Ka-shing
មហាសេដ្ឋីអចលនទ្រព្យហុងកុង Li Ka-shing ដែលមានទ្រព្យសម្បត្តិសរុប ២៨,៣ពាន់លានដុល្លារ បានកាន់កាប់តំណែងអ្នកមានជាងគេនៅអាស៊ីតាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ប៉ុន្តែពេលនេះតំណែងកំពូលគេនៅអាស៊ីជាង ២ឆ្នាំ ត្រូវបានបញ្ចប់ហើយ។
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ bloomberg