​នាយក​​ប្រតិបត្តិ​​​ Xiaomi ​​និង​ប្រធាន​ផ្នែក​ច្បាប់ Apple ​ប៉ះ​សម្ដី​គ្នា​ខ្លាំងៗ

11/21/2014 0 Comments A+ a-

នា​​សន្និសីទ​​អ៊ីនធឺណិត​ពិភពលោក​ក្នុង​ប្រទេស​ចិន​​កាលពី​ម្សិលមិញ​នេះ ​នាយក​ប្រតិបត្តិ ​Xiaomi ​និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ Apple ​បាន​ឌឺដង​គ្នា​កប់ៗ​ជុំវិញ​ផលិតផល ​និង​មហិច្ឆតា​របស់​ខ្លួន។

​ស្ថាបនិក​​របស់​ Xiaomi ​លោក​ Lei Jun ​បាន​លើកឡើង​ថា ​ក្នុង​រយៈពេល​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​​ផលិត​ Smartphone ​លេខ​​១ ​ក្នុង​លោក។ ​ក្បាល​ម៉ាស៊ីន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​រូប​នេះ​បាន​ព្រលយ​សម្ដី​ថា៖ ​”ខ្ញុំ​ជឿ​ថា ​​គ្មាន​នរណា​ធ្លាប់​គិត​ថា ​Xiaomi ​នឹង​មក​ដល់​ទីនេះ​ទេ​កាល​ពី​បី​ឆ្នាំ​មុន ​​នៅ​ពេល​ដែល​​យើង​ទើប​ចេញ​ទូរសព្ទ​ដំបូង​ ហើយ​ពេល​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​ធំ​បំផុត​ទី​បី​ក្នុង​លោក។ ​ក្នុងរយៈពេល​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ ​យើង​អាច​មាន​ឱកាស​ក្លាយ​ជា​ក្រុមហ៊ុន​លេខ​ ១ ​​ក្នុង​លោក”។
 7b527223-f705-4771-98ec-3d5e53d221de-620x372

ស្ថាបនិក​​របស់​ Xiaomi ​លោក​ Lei Jun អួត​ពី​ក្រុមហ៊ុន​របស់​ខ្លួន​នា​សន្និសីទ​​អ៊ីនធឺណិតនៅចិន

​​សម្ដី​អួត​របស់​មេដឹកនាំ​ក្រុមហ៊ុន​ចិន​ខាង​លើ​មិន​បាន​ធ្វើ​ឲ្យ​លោក ​Bruce Sewell ​​ប្រធាន​ផ្នែក​ការងារ​ច្បាប់​ និង​រដ្ឋាភិបាល​របស់​ Apple ​​ដែល​ចូលរួម​ព្រឹត្តិការណ៍​ខាង​លើ​ដែរ​អង្គុយ​ជាប់​ឡើយ។ ​ពេល​អ្នក​សារព័ត៌មាន​សួរ​ចំណាប់អារម្មណ៍​របស់​លោក​ពាក់ព័ន្ធ​នឹង​សម្ដី​របស់​នាយក​ប្រតិបត្តិ​ Xiaomi ​លោក​ Sewell ​បញ្ជាក់​ដោយ​ខ្លី​ថា៖ ​”ការ​និយាយ​គឺ​ស្រួល​ទេ ​តែ​ធ្វើ​ទើប​ពិបាក”។ ​​
​មតិ​របស់​មន្ត្រី​ជាន់​ខ្ពស់​ Apple ​មិន​បាន​បង្អាក់​អំនួត​របស់​ប្រធាន​​ក្រុមហ៊ុន​ Xiaomi ​ឡើយ។ ​លោក​បាន​បន្ត​ថា៖ ​”ក្នុង​ដែនដី​វេទមន្ត​នេះ​ (ចិន) ​​យើង​មិន​ត្រឹម​តែ​បង្កើត​ក្រុមហ៊ុន​ដូចជា​ Alibaba (ក្រុមហ៊ុន​លក់​ទំនិញ​​លើ​អនឡាញ​ធំ​បំផុត​របស់​ចិន) ​​តែ​ក៏​ផលិត​អព្ភូតហេតុ​ដ៏​តូច​ដូចជា​ Xiaomi ​ដែរ”។

​Xiaomi ​​​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ Smartphone ​ធំ​បំផុត​​​ទី​បី​ក្នុង​លោក​កាល​ពី​​ខែ​តុលា​​កន្លង​ទៅ​ ​តាម​ពី​ក្រោយ​ Apple ​និង​ Samsung​ដែល​ឈរ​លេខ​ពីរ ​​និង​លេខ​មួយ។ ​​នេះ​បើ​តាម​សារព័ត៌មាន​ Reuters។ ​ក្រុមហ៊ុន​ផលិត​ Smartphone ​ចិន​មួយ​នេះ​មាន​ចំណែក​ទីផ្សារ​ Smartphone ​​ពិភពលោក ៦% ​​ស្រប​ពេល​ Apple ​មាន​ ១២% ​និង​ Samsung ​មាន​​២៥%។ ​នេះ​បើ​តាម​ការ​សិក្សា​របស់​​ស្ថាប័ន​ Strategy Analytics។

​ផលិតផល​មួយ​ចំនួន​របស់​ Xiaomi ​ជា​រឿយៗ​ត្រូវ​គេ​យក​ទៅ​ប្រៀបធៀប​នឹង​ iPhone ​របស់​ Apple​ ថា ​មាន​រូបរាង​ស្រដៀង​គ្នា។ ​​​ប្រធាន​ផ្នែក​រចនា​​របស់​ Apple ​លោក​ Jony Ive ​​ធ្លាប់​ហៅ​លក្ខណៈ​ស្រដៀង​នោះ​ថា ​ជា​​ការ​លួច​ចម្លង តែ​ត្រូវ​នាយកប្រតិបត្តិ​ Xiaomi ​បដិសេធ៕


ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​theguardian