រថយន្តFUSO ធុនធំ បុក Camery បណ្តាលឲ្យស្លាប់ម្នាក់
បាត់ដំបង ៖ រថយន្តយីឌុបម៉ាកFUSO ធុនធំ បានបើកបុកជាមួយ រថយន្ត Camery ក្នុងទិសដៅច្រាស់ទិសគ្នា បណ្តាលឲ្យ អ្នកបើកបរ រថយន្ត Camery ម្នាក់ រួញស្លាប់ក្នុងកាប៊ីនភ្លាមៗ កាលពីវេលាម៉ោង១០និង០៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិ លេខ៥៧ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ។
ចំណែកអ្នកបើកបរ រថយន្តធំបានរត់គេចខ្លួនបាត់។ លោកវរសេនីយ៍ត្រី គឹម ពៅ មេបញ្ជាការអាវុធហត្ថ ស្រុករតនៈមណ្ឌល បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង០៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តធុនធំ ម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ 3A-0165 បើកពីទិស បាត់ដំបងទៅ ទិសប៉ៃលិន(រថយន្តទទេ) ពេលមកដល់ ចំណុចកើតហេតុ មានរថយន្តកាមរីពណ៌សំបកឪឡឹក ពាក់លេខភ្នំពេញ 2A-5887 បានបើកទិសដៅច្រាស់ទិសគ្នា មានដឹកគ្រឿងកំប៉ុងពេញ ពេលមកដល់ផ្លូវកោងស្រាប់ រថយន្តធំបើកក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុករងយន្តតូច ចំពីមុខពេញទំហឹង បណ្តាលឲ្យរួញក្បាល រថយន្ត និងអ្នកបើកបរគៀបស្លាប់ ភ្លាមៗតែម្តង ។ ចំណែកអ្នកបើកបររថយន្តធំ ឃើញហេតុការណ៍ មានស្លាប់មនុស្ស ក៏បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ហន ប៊ុនថន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរស៊ីឈ្នួលដឹកឥវ៉ាន់ ពីផ្សារព្រំមកលក់ឲ្យគេនៅបាត់ដំបង មានទីលំនៅ ភូមិផ្សារព្រំ ខេត្តប៉ៃលិន។ ចំណែកអ្នកបើកបរ រថយន្តធំមិនស្គាល់ អត្តសញ្ញាណរត់គេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ច នគរបាលចរាចរណ៍ស្រុក បានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែងរួចជួយ ដឹកសពជនរងគ្រោះ យកទៅផ្ទះប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ។
ចំណែកមធ្យោបាយ ទាំង២គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បានមកអូសយកទៅរក្សាទុក នៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news