ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរពុំមានសញ្ញាវិជ្ជមានសម្រាប់សកម្មជនCNRP

11/28/2014 0 Comments A+ a-


1015135
ភ្នំពេញ៖ ក្នុងជំនួបដែលប្រើរយៈពេលជិតមួយម៉ោងរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា មិនបានបង្ហាញលទ្ធផលល្អ ក្នុងការដោះលែង លោក មាជ សុវណ្ណារ៉ាសកម្មជនគណបក្សសង្រ្គោះជាតិ(CNRP)ឡើយ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបរវាងថ្នាក់ដឹកនាំទាំងពីរហើយ មន្រ្តីជាន់ខ្ពស់តំណាងឲ្យបក្សទាំងពីរ បានរៀបចំសន្និសីទកាសែតខ្លីមួយ ក្នុងនោះមន្រ្តី គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា គឺធ្វើឡើងដោយស្របច្បាប់ តាមនីតិវិធីច្បាប់ ដែលកើត ចេញពីកំហុសរបស់សាមីខ្លួនដែលមិនព្រមទៅឆ្លើយ បំភ្លឺនៅតុលាការចំនួន ពីរដងតាមការកោះហៅ។
លោក កើត រិទ្ធិបានថ្លែងថា «ការចាប់ខ្លួនលោក មាជ សុវណ្ណារ៉ា គឺធ្វើឡើងតាមនីតិវិធីច្បាប់ ដែលកើតចេញពីកំហុសរបស់សាមីខ្លួនផ្ទាល់ ដោយសារគាត់មិនបាន ចូលតាមការកោះ ហៅរបស់តុលាការចំនួន ២ដង ហើយគ្មានមូលហេតុច្បាស់លាស់ទៀត»។
ជាមួយគ្នានោះដែរ លោក គួយ ប៊ុនរឿន ខាងគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើង ផងដែរថា ការសម្រេចយ៉ាងណាជាសមត្ថកិច្ចរបស់តុលាការ ប៉ុន្តែរាជរដ្ឋាភិបាលនឹងពិនិត្យ មើលលើលក្ខណៈលទ្ធភាព ហើយមេធាវីអាចបន្តនីតិវិធីទៅតុលាការជាន់ ខ្ពស់មួយ ថ្នាក់ដើម្បីអាចសុំនៅក្រៅឃុំ។
លោកបន្តថា បញ្ហានេះមិនត្រឹមតែលោក មាជ សុវណ្ណារ៉ា ប៉ុណ្ណោះទេ ក៏មានអ្នកកំពុងជាប់ឃុំ ផ្សេងទៀតដូចជា ព្រះសង្ឃ អ្នកសហគមន៍បឹងកក់ ដែលនឹងមានការ ពិគ្រោះនៅពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ លោក គួយ ប៊ុនរឿន ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះបញ្ហានេះ ដោយលោកថា វប្បធម៌នៃការសន្ទនាគ្នា ការឯកភាពគ្នា នឹងអាចជះឥទ្ធិពលដល់ស្ថាប័នផ្សេងទៀតដែលនឹងអាចបន្ធូរបន្ថយបរិយាកាស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news