កម្មករទូក ចងកធ្វើអត្តឃាត សង្ស័យវិបត្តិ ក្នុងគ្រួសារ និងខឹងស្រីស្នេហ៍
ព្រះសីហនុ៖ យុវជនម្នាក់ ជាកម្មករទូក នេសាទសមុទ្រ នៅស្រុកស្ទឹងហាវ បានធ្វើអត្តឃាតចងក សំលាប់ ខ្លួនបង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ត្រី រស់ កី អធិការនគរបាល ស្រុកស្ទឹងហាវ បានមានប្រសាសន៍ ប្រាប់ដើមអម្ពិល នៅព្រឹក ថ្ងៃនេះថា ជនរងគ្រោះ ដែលបានធ្វើអត្តឃាតចងក សំលាប់ខ្លួន មានឈ្មោះ អ៊ុត ឆ្លូញ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ កម្មករទូកនេសាទ មានស្រុកកំណើត នៅភូមិ វិជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត ។
បច្ចុប្បន្នស្នាក់នៅជាមួយថៅកែទូកឈ្មោះ សឿន សាខន ស្ថិតនៅក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានឪពុកឈ្មោះ ទន់ យីម មុខរបរ កសិករ និងម្តាយឈ្មោះ ម៉ក់ សេង ។ ប្រភពពីលោក សឿន សាខន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះកំពង់មាន បញ្ហាជាមួយ ប្រពន្ធនៅឯស្រុក ហើយកាលពីយប់ម៉ិញនេះ បានដើរលែងចូលខារ៉ាអូខេ ហើយក៏មានបញ្ហា ជាមួយស្រី ស្នេហ៍ទៀត បន្ទាប់មកម៉ោងប្រហែល១០យប់ ក៏ត្រលប់មកដេក ជាមួយកូន ដៃទូកម្នាក់ទៀតនិងគាត់វិញ នៅកន្លែងទូកដែលកំពុងឡើងបង្គង ។
ថៅកែទូកបន្តទៀតថា លុះដល់ម៉ោងប្រហែល ៣និង៣០នាទីទាបភ្លឺ គាត់ឃើញជនរងគ្រោះ នៅដេកធម្មតា លុះដល់ម៉ោង៤ ក៏ឃើញបាត់ជនរងគ្រោះ ភ្លាមនោះគាត់ក៏នឹកស្មាន ថា ជនរងគ្រោះត្រលប់ទៅផ្ទះស្រីស្នេហ៍របស់គាត់វិញ ។
លុះដល់ម៉ោង៥ គាត់ងើបបត់ជើង ក៏ឃើញ ជន រងគ្រោះបានចងក សំលាប់ខ្លួនបាត់ទៅហើយ នៅចំងាយពីកន្លែងដេក ប្រហែលជា៣០ម៉ែត្រ ។ បច្ចុប្បន្នសព ជនរងគ្រោះសមត្ថកិច្ចកំពង់ទំនាក់ទំនង ទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ នៅស្រុក កំណើត វិញ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news