លោកស្រី សម មុន្នីកា ដែលប្តឹងទទួលលុយពីអ្នកបើកឡានឈ្នួល ៤០០០ ដុល្លារ ពេលនេះ ត្រូវដកតំណែងហើយ
ភ្នំពេញ: ទីបំផុតទៅ លោកស្រី សម មុន្នីកា ដែលបានប្តឹង ទារលុយបានពីអ្នកបើកឡានឈ្នួល ចំនួន ៤០០០ ដុល្លារនោះ នៅពេលនេះ លោកស្រី ត្រូវបានដកតំណែង ចេញពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ហើយ។ ការបញ្ចប់តួនាទីរបស់លោកស្រី សម មុន្នីកា ត្រូវបានធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមសេចក្តីក្រាបទូលថ្វាយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលគេផ្សព្វផ្សាយនៅល្ងាចថ្ងៃទ២១វិច្ឆិកានេះ ព្រះករុណា បានត្រាស់បង្គាប់ បញ្ចប់មុខតំណែងលោកស្រី សម មុន្នីកា ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយសាម៉ីខ្លួន សុំលាលែង។
ជាការកត់សម្គាល់ កាលពីដើមខែវិច្ឆិកានេះ លោកស្រី សម មុន្នីកា ដែលជាភរិយារបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្តឹងទាមទារជំងឺចិត្តពីអ្នកបើកឡានឈ្នួល ភ្នំពេញ ទៅខេត្តរតនគិរី ចំនួន ៤០០០ ដុល្លារ ជាសំណងជំងឺចិត្ត ដោយសារតែឡាន ខូច ដាច់កាឡេ ធ្វើឲ្យលោកស្រី ភិតភ័យ។
ក្រុមអ្នកលេងហ្វេសប៊ុក រួមទាំងលោកខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងសប្បុរជនជាច្រើននាក់ផ្សេងទៀត បានរៃអង្គាសលុយ ផ្តល់ឲ្យម្ចាស់ឡានឈ្នួល ដើម្បីយកទៅជូនលោកស្រី សម មុន្នីកា ទើបអាចយកឡាននោះពីប៉ុស្តិ៍ប៉ូលិសមកវិញ។
ក្រោយមក កាកបាទក្រហមកម្ពុជា បានប្រកាសបដិសេធ មិនទទួលលុយ ៤០០០ ដុល្លារ របស់លោកស្រី សម មុន្នីកា។ កាកបាទក្រហមកម្ពុជា បានផ្តល់ឲ្យអ្នកបើកឡានឈ្នួលនោះ ២០០០ ដុល្លារ ដើម្បីជួសជុលឡាន។
លោកស្រី សម មុន្នីកា បានយកលុយ ២០០០ ដុល្លារ ទៅជូនមន្ទីរពេទ្យ គន្ធបុប្ផា។ ចំណែក ២០០០ ដុល្លារទៀត ដែលបានមកពីម្ចាស់ឡានឈ្នួល មិនត្រូវបានបញ្ជាក់ថា លោកស្រី សម មុន្នីកា យកទៅណាទេ៕ ប្រភពៈ CEN
