វិភាគ​៖ យុទ្ធសាស្ត្រ​​ចាស់​​របស់​ CPP ទៅ​លើ​ CNRP​ ​អាច​​ជោគ​ជ័យ​​រយៈ​ពេល​​ខ្លី តែ​​បរាជ័យ​​រយៈ​ពេល​​វែង​​

11/22/2014 0 Comments A+ a-

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​ប្រមាណ​៣០​ឆ្នាំ​មកនេះ ត្រូវបាន​អ្នកវិភាគ​កត់សំគាល់ថា បក្ស​ដែល​មាន​កំណើត​ចេញ​ពី​បក្ស​កុំម្មុយនីស្ត​នេះ បាន​ទទួល​ជោគជ័យ​ដោយសារ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់​ដើម្បី​បង្ក្រាប​ គូប្រកួត​មុនពេល​ចរចា ។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញ​មោទនភាព​ថា យុទ្ធសាស្ត្រ​វាយ​ផង ចរចា​ផង នាំ​ឲ្យ​គណបក្ស​របស់​លោក​ទទួល​បាន​ជោគជ័យ ដូចជា​ករណី​ខ្មែរកក្រហម​ជា​ដើម ។​
hunsen_samrainsy_140702-2014-11-21អ្នកវិភាគ​យល់ថា យុទ្ធសាស្ត្រ​នេះ​នៅតែ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​មកដល់​ សព្វថ្ងៃនេះ រាល់​ពេល​ណា​ដែល​គណបក្ស​ដែល​ជា​គូប្រជែង​មិន​ព្រម​ធ្វើ​តាម​អ្វី ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន ។​
នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​មិន​បាន​ប្រើ​តុលាការ​ដើម្បី​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​នោះ​ទេ ។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​សភា​កាន់តែ​លឿន នោះ​នឹង​អាច​បង្អាក់​រឿង​ព្រហ្មទណ្ឌ​នៅ​តុលាការ ។​លោក​ថ្លែងថា «​ឥឡូវ​ យើង​ឯកភាព​គ្នា​ហើយ ដើម្បី​ចូល​សភា ។ ដល់​ចឹង​ចូល​សភា ចូល​ឲ្យ​វា​លឿន​ទៅ​! ចូល​ឲ្យ​វា​លឿន​ទៅ​! ដើម្បី​យក​អភ័យឯកសិទ្ធិ ។ អា​ហ្នឹង​ហើយ​គេ​ហៅថា ដំណើរការ​តាម​រដ្ឋប្បវេណី​ដើម្បី​បង្អាក់​ព្រហ្មទណ្ឌ ។  ហើយ​ករណី​ឯកឧត្តម​កឹម សុខា ផ្ទាល់ ខ្ញុំ​ថា ឯកឧត្តម​មាន​ជម្រើស​ពីរ ។ ជម្រើស​ទី​១ បើ​ចូល​ស្បថបាន​រហ័ស អាហ្នឹង​រួច ។ ជម្រើស​ទី​២ សុំ​ពន្យា​ពេល​ចូល​តុលាការ​ព្រោះ​តុលាការ​គេ​កោះហៅ​ដែរ​» ។​
ពីមុន​មក​គណបក្ស​ប្រជាជន​កម្ពុជា តែង​ច្រាន​ចោល​ការលើកឡើង​ថា គណបក្ស​នេះ​ប្រើ​តុលាការ​ដើម្បី​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បង្ខំ​ឲ្យចូល​សភា​ដើម្បី​ឲ្យ​សភា​គ្រប់​ទឹក ។​
ករណី​លោក មា​ជ សុវណ្ណ​រ៉ា មិនមែន​ទើបតែ​កើតមាន​នៅ​ពេល​នេះ​ទេ ពោល​គឺ​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ជាមួយគ្នា​នឹង​ក្រុមតំណាងរាស្ត្រ​ ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ទៀត នៅ​ពេល​ពួកគេ​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ។ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​មិន​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា ទេ ដោយ​អ្នកវិភាគ​យល់ថា ករណី​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ទុក“​ជា​នុយ​” សម្រាប់​ស្ទូច​នៅពេល​ក្រោយ ពី​ព្រោះ​ពេលនោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​សភា​ទៅតាម​ការចង់បាន​របស់​គណបក្ស​កាន់​អំណាច​ហើយ ។​
ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ទើប​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា នៅពេលនេះ​?
អ្នកវិភាគ​យល់ថា ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​នៅពេលនេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលយក​លក្ខខណ្ឌ​របស់​គណបក្ស​ ប្រជាជ​ន​កម្ពុជា ក្នុង​ការកំណត់​សញ្ជាតិ​របស់​សមាជិក គ​.​ជ​.​ប ថ្មី​។​
ប៉ុន្តែ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា បង្ខំ​ឲ្យ​គណបក្សប្រឆាំង​ព្រម​ទទួលយក​អ្វី​ដែល​គណបក្សកាន់អំណាច​ចង់បាន​ ក្នុង គ​.​ជ​.​ប ក៏ដោយ តែ​លើក​នេះ​មិន​អាច​ទៅរួច​នោះទេ ។​
ចំណែក​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ទៅតាម​កាលៈទេស ។ លោក​ថា​កាលពី​ឆ្នាំ​១៩៨៥ គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​នៅតាម​ព្រំដែន​ទាំង​១៨ នៃ​ជម្លោះ​ជាមួយ​ខ្មែរក្រហម រួច​ចរចា​ទៅ​បាន​ជោគជ័យ ។ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ចប់ គណបក្ស​នេះ​ប្រើ​រូបមន្ត​បង្រួបបង្រួម ហើយ​រួច​វាយ​បំបែក​វិញ ដូចជា​ករណី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដើម ។​
​រីឯ​បច្ចុប្បន្នេះ លោក សុខ ទូច កត់សំគាល់ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ងាក​ទៅ​ប្រើ​យុទ្ធសាស្ត្រ​ចាស់​វិញ គឺ​វាយ​ហើយ​បាន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ក្រោយ ។ លោក​ថា «​ អ៊ីចឹង​រូបមន្ត​ហ្នឹង វា​អាស្រ័យ​ទៅលើ​តួអង្គ​ទី​២ ។ តើ​តួអង្គ​ទី​២​មាន​កម្លាំង​ប៉ុន្មាន​? កម្លាំង​ចែក​ចេញ​ពី​៤ ។ ទី​១- កម្លាំង​គាំទ្រ ទី​២- កម្លាំង​ថវិកា ហិរញ្ញវត្ថុ ទី​៣- កម្លាំង​និទស្សន៍ ហៅថា បញ្ញាវ័​ន្តក្នុង​យុទ្ធសាស្ត្រ​នយោបាយ​ហ្នឹង ។  ចំណុច​ទី​៤ គឺ​កម្លាំង​គាំទ្រ​របស់​អន្តរជាតិ​កម្រិតណា​?  ហើយ​ប្រសិនបើ​កម្លាំង​៤​ហ្នឹង​អត់​បាន​វាស់​ស្ទង់​ទេ ភាពជោគជ័យ​របស់​គ​ណ​បក្ស​ប្រជាជន​នឹង​បន្ត​ទៀត អា​វាយ​ហើយ​ចរចា​ហ្នឹង ។ ប៉ុន្តែ​កន្លងមក​ហាក់ដូចជា លំបាក​ដោយសា​តែ​ខាង​ពួក​បច្ចឹម​ប្រទេស តែងតែ​ជួយ​គណបក្ស​ប្រឆាំង ថា​ទាល់តែ​អ្នកឯង​ត្រូវ​គ្នា បាន​ផ្តល់​ជំនួយ ធ្វើឲ្យ​ចុះសម្រុង​គ្នាច្រើន​» ។​
ដោយឡែក អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ថា​យុទ្ធសាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួលបាន​ជោគជ័យ​ក្នុង​រយៈ​ខ្លី តែ​បរាជ័យ​ក្នុង​រយៈពេល​វែង ។ លោក​លើក​ឧទាហរណ៍​ជាក់ស្តែង​នៃ​ការចែក​សា​រ៉ុង ប៊ីចែង ដើម្បី​បាន​សន្លឹកឆ្នោត​គឺ​បាន​ជោគជ័យ​តែ​មួយ​រយៈ​ប៉ុណ្ណោះ ខណៈ​ប្រជាជន​មិនទាន់​មាន​ការយល់ដឹង ប៉ុន្តែ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៣ យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​បរាជ័យ ដោយសារ​ពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន ។​
សម្រាប់​ករណី​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ ការចរចា លោក មាស នី យល់​ថា​យុទ្ធសាស្ត្រ​នេះ​អាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ ប៉ុន្តែ​នឹង​បាត់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​នៅ​ អាណត្តិ​ក្រោយ ៕ ប្រភពៈ VOD