ដុតផ្ទះ សម្លាប់ស្មៀនឃុំ អស់មួយគ្រួសារ សង្ស័យជារឿងគំនុំសងសឹក

11/21/2014 0 Comments A+ a-

ប៉ៃលិន ៖ អំពើឃាតកម្ម យ៉ាងសាហាវមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តប៉ៃលិន ដោយសារតែឃាតកមិនស្គាល់ឈ្មោះ បានចូលទៅធ្វើឃាតបុរសជាស្មៀនឃុំម្នាក់ ដោយចាប់ចងក រួចហើយយក ប្រេងសាំងចាក់ដុតផ្ទះសម្លាប់អស់មួយគ្រួសារ ។
ករណីឃាតកម្ម បិទមុខខាងលើនេះ ត្រូវបានគេអះអាងថា បានកើតឡើងកាលពីវេលាម៉ោង ជាង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ស្ថិតនៅក្នុងភូមិអូរ ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។  ជនរងគ្រោះ នៃអំពើឃាតកម្មខាងលើ ត្រូវបានគេអះអាងថា រួមមានប្តី-ប្រពន្ធ និងកូនប្រុសម្នាក់ទៀត ដោយក្នុងនោះ គេដឹងថា បុរសជាប្តីមានតួនាទីជាស្មៀនឃុំសាលាក្រៅ មានទីលំនៅចំណុចកើតហេតុ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប្រមាណជាង ១រំលងអាធ្រាត្រ គេមានការភ្ញាក់ផ្អើល ដោយសារតែ មានអគ្គិភ័យឆាបឆេះផ្ទះតៀម ដែលសង់ពីឈើ ដែលគេស្គាល់ថា គឺជាផ្ទះរបស់ស្មៀនឃុំ ។ ក្រោយភ្លើងឆាបឆេះពេញ ទំហឹង និងអ្នកស្រុកនាំគ្នាជួយពន្លត់ គេបានរកឃើញថា នៅក្នុងគំនរផេះមានសពចំនួន ៣នាក់ បានឆេះស្លាប់ស្ទើរតែ ក្លាយទៅជាធ្យូងទៅហើយ ដែលគេដឹងថា គឺជាគ្រួសារដែលមានប្តី-ប្រពន្ធ និងកូនប្រុស ។ ក្នុងនោះជំហានដំបូងគេបានធ្វើការសន្និដ្ឋានថា ករណីអគ្គិភ័យឆេះសម្លាប់មនុស្សទាំងគ្រួសារខាងលើនេះ វាមិនមែនជារឿងឧប្បត្តិហេតុគ្រោះអគ្គិ ភ័យនោះឡើយ គឺអាចជាករណីឃាតកម្ម ចាក់សាំងដុតផ្ទះសម្លាប់មនុស្ស ព្រោះប្រសិនបើជាឧប្បត្តិហេតុគ្រោះអគ្គិភ័យធម្មតា ជនរងគ្រោះអាចនឹងរត់រួច ដោយសារតែផ្ទះដែលឆេះគឺសាងសង់ ពីឈើ មានទំហំតូចតែប៉ុណ្ណោះ ។
ព័ត៌មានលំអិត ដើមអម្ពិលនឹងធ្វើការផ្សាយជាបន្តទៀត នៅពេលដែលទទួលបានព័ត៌មានបន្ថែមពី សមត្ថកិច្ច ។

_____________________
ផ្តល់សិទ្ធិដោយ៖ DAP NEWS