ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ពីរ​ក្រុម​​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​កម្ពុជា

11/24/2014 0 Comments A+ a-


montagnards_305
ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​ពីរ​ក្រុម​រស់នៅ​ប្រទេស​វៀតណាម រត់​មក​សំងំ​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ជនភៀសខ្លួន​ទាំងនោះ​អះអាង​ថា​ពួកគេ​រង​ការ​កៀបសង្កត់​បិទ​សេរីភាព​ផ្នែក​ជំនឿ​សាសនា​ពី​រដ្ឋាភិបាល​វៀតណាម។
00:00
00:00
អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឲ្យ​ដឹង​ថា មាន​ជនភៀសខ្លួន​ពី​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​១៣​នាក់ កំពុង​ត្រូវការ​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​​ខណៈ​ពួកគេ​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ។
ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ថា គេ​បាន​ប្រទះ​ឃើញ​ជនជាតិ​ដើម​ចារ៉ាយ ពី​ប្រទេស​វៀតណាម​ពីរ​ក្រុម ក្នុង​នោះ​ក្រុម​ទី​១​មាន​គ្នា​៨​នាក់​បាន​រត់​ចេញ​ពី​ប្រទេស​វៀតណាម​កាលពី​បី​សប្ដាហ៍​មក​ហើយ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​បី​នាក់​បាន​រត់​ចេញពី​ភូមិ​កំណើត ចូល​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដើម្បី​ភៀសខ្លួន​ចេញពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ របស់​អាជ្ញាធរ​វៀតណាម​លើ​បញ្ហា​ជំនឿ​សាសនា។ ប្រជាពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ជន​ភៀស​ខ្លួន​ទាំងពីរ​ក្រុម​នេះ​កំពុង​ប្រឈម ទៅ​និង​ជំងឺ និង​ខ្វះខាត​ស្បៀងអាហារ​ជា​ពិសេស​ការ​តាម​ចាប់ខ្លួន​ពួកគេ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម៖ «ខាង​អាជ្ញាធរ​គេ​ៗ​ចុះ​សួររក​ប៉ូលិស​ខាង​វៀតណាម ទូរស័ព្ទ​មក​ខាង​អាជ្ញាធរ​ខ្មែរ​ឲ្យ​ជួយ​រក។ គាត់​នៅ​ក្នុង​ព្រៃ​គាត់​ពិបាក​ណាស់​ហូប​អាហារ​ផង គ្រុនចាញ់​ផង​មូល​ខាំ ជួយ​អន្តរាគមន៍​ផង»។
នេះ​គឺជា​សេចក្ដី​រាយការណ៍​ថ្មី​ទាក់ទិន​ចលនា​ភៀសខ្លួន របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​វៀតណាម​ដែល​គេ​និយម​ហៅថា​ក្រុម​ម៉ុងតាញ៉ា (Montagnards) ដែល​បាន​ភៀសខ្លួន​មក​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​ខេត្ត​រតនគិរី។
ទាក់ទិន​ករណី​នេះ​ដែរ ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​នេះ​ដែរ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ពី​កន្លែង​លាក់ខ្លួន​ពួកគេ​នៅឡើយ។ លោក​បន្ត​ថា​ប្រសិន​ពួកគេ​ចូលខ្លួន​មក​រក​អាជ្ញាធរ​ពួកគេ នឹង​ត្រូវ​ពិនិត្យ​លក្ខណវិនិច្ឆ័យ​ថា​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ ឬ​ជា​ជនភៀសខ្លួន​ផ្នែក​សេដ្ឋកិច្ច៖ «យើង​ពិនិត្យ​លក្ខណៈ​គាត់​ចូល​មក​ហ្នឹង​ក្នុង​លក្ខណៈ​យ៉ាងម៉េច។ បើ​សិន​គាត់​មក​ក្នុង​លក្ខណៈ​សុំ​ជ្រកកោន យើង​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​សិន សុំ​យោបល់​ថ្នាក់លើ​សិន»។
ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គការ​លោក​ក៏​ទទួល​ព័ត៌មាន​សុំ​ជួយសង្គ្រោះ​ជនភៀសខ្លួន​ពី​ក្នុង​ព្រៃ និង​គាំពារ​សុវត្ថិភាព​ពួកគេ ខ្លាចក្រែង​អាជ្ញាធរ​ចាប់​បង្ខំ​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ។ លោក​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ជាតិ​អន្តរជាតិ​ពាក់ព័ន្ធ​ជន​ភៀស​ខ្លួន ជាពិសេស​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន ធ្វើ​យ៉ាងណា​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន និង​ប្រទេស​កម្ពុជា​ដែល​ម្ចាស់​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​នេះ៖ «គាត់​មិន​ហ៊ាន​បង្ហាញខ្លួន​ឲ្យ​ធ្វើ​អន្តរាគមន៍​ផ្ទាល់​ទេ គឺ​គាត់​រង់ចាំ​ការ​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ​អន្តរជាតិ ចុះ​មក​គាត់​នឹង​បង្ហាញខ្លួន​ព្រោះ​គាត់​ខ្លាច​អាជ្ញាធរ»។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។
កាលពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០០៧ ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ការិយាល័យ​នៅ​ប្រទេស​កម្ពុជា និង​អាជ្ញាធរ​ប្រទេស​កម្ពុជា​បាន​សង្គ្រោះ​ជនភៀសខ្លួន​វៀតណាម ជាង​២​ពាន់​នាក់​ពី​ក្នុង​ព្រៃ​ខេត្ត​រតនគិរី។ ជនភៀសខ្លួន​មួយ​ចំនួន​ធំ​ត្រូវ​បាន​វិនិច្ឆ័យ​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​និង​ត្រូវ​បញ្ជូន​ទៅ​រស់នៅ​ប្រទេស​ទី​បី។ ចំណែក​ជនភៀសខ្លួន​មួយ​ចំនួន​តូច​មិនបាន បំពេញ​លក្ខខណ្ឌ​ត្រឹម​ត្រូវជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ ត្រូវ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​និង​មួយ​ចំនួន​តូច​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រតនគិរី​ចាប់​បញ្ជូន​ដោយ​បង្ខំ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ក្នុង​ហេតុផល​ពួកគេ​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់៕

ប្រភពពី វិទ្យុអាស៊ីសេរី